នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } កេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ ២០១៨
ខេត្តកំពង់ស្ពឺ ៖ ក្រោយពីមានហេតុការណ៍ អគ្គិភ័យឆេះរថយន្ដ ម៉ាក Highlander ១គ្រឿង ហើយមានការរិះគន់ ពីមហាជន លើសមត្ថកិច្ចថា ធ្វើកំណត់ហេតុជនរងគ្រោះ ជាការពន្យារពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបណ្ដាលឲ្យជនរងគ្រោះស្លាប់ រហូតមកដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានចេញលិខិតបកស្រាយបំភ្លឺ ជុំវិញករណី អគ្គិភ័យឆេះ នឹងបានច្រានចោល ការចោទប្រកាន់ ពីមហាជន ខាងលើនេះផងដែរ។
ក្នុងលិខិតបំភ្លឺ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ជុំវិញករណីខាងលើនេះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
កាលពីថ្ងៃច័ន្ទ ១២ រោច ខែបឋមាសាឍ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៨៖១០នាទី មានករណីអគ្គិភ័យឆេះរថយន្ដ១គ្រឿង (នៅពេលរថយន្ដបញ្ចូលហ្គាស) ម៉ាក Highlander ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 កម្មសិទ្ធរបស់ឈ្មោះ តាំង គីមហេង ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ យីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺ ជូនសាធា រណៈជន ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួន ជូនជ្រាប ចំពោះករណីអគ្គិភ័យឆេះរថយន្ដ ១គ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ ស្កាកលេខភ្នំពេញ 2AR-6124 នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ យីហោ តេលា ម្ចាស់ឈ្មោះ សៀក ម៉ៅ តាមបណ្ដោយផ្លូវជាតិលេខ ៤១ ស្ថិតនៅភូមិចំបកក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ អធិការដ្ឋាន នគរបាល ស្រុកគងពិសី បានសហការអន្ដរាគមន៍ជួយពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ក្នុងនោះ មានជនជាតិខ្មែរ-ចិន ចំនួន២នាក់ មានឈ្មោះ តាំង គីមហេង ភេទប្រុស ជាតៃកុងឡាន និងឈ្មោះ លីន ប៊ីនប៊ីន ភេទប្រុស ជនជាតិចិន អ្នករួមដំណើរ រយៈប្រមាណ២០នាទី ក្រោយហេតុការណ៍សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ក្នុងពេលនោះ សមត្ថកិច្ចបានទំនាក់ទំនងទៅរថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ស្រុកគងពិសី និងរថយន្ដសង្គ្រោះឯកជន ដើម្បីដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ក្នុងរយៈពេល រង់ចាំរថយន្ដសង្គ្រោះមកដល់ សមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋ បានជួយសង្គ្រោះបឋម (ដោយយកប្រើស្បៃ និងភួយសើម ហើយយកជនរងគ្រោះ អង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ម៉ាតស្ថានីយ៍ប្រេង)។
ពេលនោះ សមត្ថកិច្ចឈ្លៀតសាកសួរបឋម អំពីក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើការទំនាក់ទំនង ជូនដំណឹង អំពីគ្រោះថ្នាក់ របស់ជនរងគ្រោះ ថ្មីៗនេះ តាមរយៈបណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានមួយចំនួន បានចុះផ្សាយ ចោទប្រកាន់ ដោយខ្វះប្រភព ព័ត៌មានពិត ថា សមត្ថកិច្ចធ្វើកំណត់ហេតុជនរងគ្រោះ និងពន្យាពេលការបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ទើបបណ្ដាលឲ្យជនរងគ្រោះ ទទួលមរណៈភាព។
ក្នុងនាមស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សូមចូលរួមសោកស្ដាយ ជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ និង សូមធ្វើការបដិសេធ និងមិនទទួលយក ចំណុចរិះគន់ទាំងឡាយណា ដែលខ្វះព័ត៌មានពិត ចំណែកក្រុម គ្រួសារជនរងគ្រោះ បានសម្ដែងការអរគុណ ចំពោះសមត្ថកិច្ច នគរបាល ខេត្តកំពង់ស្ពឺ ដែលបានខិតខំជួយខ្នះខ្នែង បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ និងបានជួយសម្របសម្រួល នីតិវិធីមួយចំនួនទៀត។
ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និង អ្នកលេងបណ្ដាញសង្គម Facebook មេត្ដាកុំចុះផ្សាយនូវព័ត៌មាន ដែលមិនពិត និងខ្វះប្រភពព័ត៌មាន នាំឲ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្ដិយស ស្ថាប័នសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕