កក្រើកទៀតហើយ ខេត្តមណ្ឌលគិរី.! ឈ្មួញវៀតណាមទំលាក់លុយ អោយឈ្មួញឈើរត់ការ នាំឈើចេញតាមច្រកដាក់ដាំ ចេញទៅវៀតណាម.!

លោក បាន គន្ធី ចាងហ្វាងការការផ្សាយ លេខទំនាក់
ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨

 

មានសេចក្ដីរាយការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា មួយរយៈនេះ មានឈ្មួញឈើ ជាច្រើននាក់ បានទៅយកប្រាក់ ពីថៅកែវៀត ណាម ដើម្បីបែងចែករត់ការ ទៅឲ្យអាជ្ញាធរ សមត្ថកិច្ច និង ស្ថាប័នជំនាញពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ក្រុមសមត្ថកិច្ច ដែលមានតួនាទីបង្ក្រាប និងមានឥទ្ធិពល បានទទួលកញ្ចប់នេះមុនគេ ដូច្នេះ គេសន្និដ្ឋានបានថា ក្នុងអំឡុងយប់ថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះ ពួកឈ្មួញ នឹងត្រៀមរៀបចំ ដឹកជញ្ជូនឈើ ឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដោយប្រើប្រាស់រថយន្តសាំយ៉ុង ជាមធ្យោបាយដឹកជញ្ជូន ។

 

ប្រភពច្បាស់ការ ពីសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានខ្សឹបឲ្យភ្ងាក់ងារ CSN យើងដឹងថា ខណ:នេះ អ្នករត់ការត្រូវតែប្រើប្រាស់ គ្រប់មធ្យោបាយ ទោះជាចាយក្នុងទឹកប្រាក់ កម្រិតណាក៍ដោយ ត្រូវតែដឹកឈើ ចេញពីទឹកដី ខេត្តមណ្ឌលគិរី ឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំនេះឲ្យបាន ដើម្បីបង្ហាញឲ្យឃើញថា ពួកគេមានសមត្ថភាព ក្នុងការរត់ការ ដឹកជញ្ជូនបទល្មើសឈើ ។

 

ប្រភពបន្តថា ថៅកែវៀតណាម ដែលទើបនឹងបង្កើតក្រុមរកស៊ីថ្មីនេះ នឹងមានទំនុកចិត្ត អាចនឹងបោះលុយ ឲ្យពួកគេ ប្រមូលទិញឈើ ក្នុងខេត្តមណ្ឌលគិរីនេះ បន្តទៀត ដូច្នេះក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បើទោះជាមានករណីរត់ការ បែងចែកប្រាក់ ទៅកាន់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ រួចហើយក៍ដោយ ប៉ុន្តែមេៗ កងកម្លាំងនីមួយៗ នៅក្នុងខេត្តមណ្ឌលគិរី តែងតែមើលមុខគ្នា ទៅវិញទៅមក ទីមួយព្រួយបារម្ភ ពីបញ្ហាបែកការ ទីពីរ ​អ្នកខ្លះទៀត បានទទួលកញ្ចប់រួចហើយ ពិបាកដោះសារ ជាមួយនឹងអ្នករត់ការ ដូច្នេះ តាមគម្រោង ត្រូវចេញឈើកាលពី យប់ថ្ងៃទី១១ ចំនួន ១០រថយន្ត សាំយ៉ុង ប៉ុន្តែត្រូវបរាជ័យ ។

 

ករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានឆ្លងឆ្លើយតាមទូរស័ព្ទជាមួយ អ្នកព័ត៌មានយើង លោកទទួលស្គាល់ថា មានករណីដឹកជញ្ជូនមែន ក្នុងនោះ លោកបានបញ្ជាក់​ តាមទូរស័ព្ទថា ខ្ញុំបានព័ត៌មានខ្លះដែរ ជុំវិញថា មានឈ្មួញបម្រុងចេញឈើ តាមច្រកដាក់ដាំ ប៉ុន្តែករណីនេះ ខ្ញុំបានត្រៀមកម្លាំងរួចជាស្រេច ចុះទៅតាមគោលដៅ និងទប់ស្កាក់នៅច្រកដាក់ដាំ មិនអនុញ្ញាត ឲ្យមានសកម្មភាព បែបនេះឡើយ ។

 

លោកបានបន្តថា បើមានវត្តមានខ្ញុំ នៅទឹកដី ខេត្តមណ្ឌលគិរី គឺមិនអនុញ្ញាត ឲ្យមានការដឹកជញ្ជូនឈើនេះឡើយ ទោះក្នុងស្ថានភាព បែបណាក៍ដោយ ប៉ុន្តែលើកលែង ក្នុងករណីខ្លះ ខ្ញុំមានធុរៈទៅប្រជុំ នៅរាជធានីភ្នំពេញ អាចមានការលួចចេញ ហើយខ្ញុំក៍ត្រូវតាមដានក្នុងរឿងនេះ បន្តទៀត ធានាថា គ្មានសកម្មភាពចេញឈើ ទៅប្រទេសវៀតណាមទេ ។

 

បើតាមប្រភពច្បាស់ការ មួយផ្សេងទៀត បានបង្ហើបថា ក្រុមហ៊ុនរបស់ភាគីវៀតណាម ដែលទទួលទិញឈើ នៅក្នុងទឹកដី នៃប្រទេសវៀតណាមនោះ គឺជាក្រុមហ៊ុនថ្មី ប្រសិនបើអ្នករត់ការ ប្រមូលទិញឈើ​ នៅខេត្តមណ្ឌលគិរី អាចនាំឈើទាំងនោះ ឆ្លងច្រកដាក់ដាំបាន ជាលើកដំបូង សូម្បីតែពីរគូបក៍ដោយ ក៍ចាត់ទុកថា ជាលទ្ធផល ដែលភាគី ឈ្មួញវៀតណាមទុកចិត្ត និងបន្ត​បោះកញ្ចប់ ឲ្យរត់ការធ្វើថែមទៀត ។ ហើយបញ្ហាទាំងអស់នេះហើយ ដែលសមត្ថកិច្ច មានតួនាទីបង្ក្រាប មួយចំនួន​ ត្រូវថ្នាំគេរត់ការ មួយចំនួនទៀត កំពុងស្រក់ទឹកមាត់ ទន្ទឹមនឹងអាជ្ញាធរខេត្ត​ ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត ជិះសេះលែងដៃ អនុញ្ញាតឲ្យសកម្មភាព ដឹកជញ្ជូនឈើកន្លងទៅ ចេញទៅវៀតណាម តាមច្រកប៉ុស្តិ៍៧ ដូចហែកឋិន ហើយថ្មីៗនេះទៀត ក៍ចាប់ផ្តើមបង្វែរទិសដៅ មកដឹកជញ្ជូនឈើ តាមច្រកដាក់ដាំវិញម្តង ។

 

បញ្ហានេះ ទោះជាមានការរិះគន់ ទៅលើអាជ្ញាធរ ខេត្តមណ្ឌលគិរី ក៍ដោយ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ អង្គភា CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីលោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌល គិរី ជុំវិបញ្ហានេះបានទេ ដោយទូរស័ព្ទ មិនអាចធ្វើការទំនាក់ទំនង បាន ។ បញ្ហានេះ អង្គភាពយើង ចង់សួរថា តើលោក មានវិធានការបែបណា? ហើយលោក មានវិធានការបង្ក្រាប ដែរឬទេ? បើលោកក្នុងនាម ជាគណៈបញ្ជាការឯកភាពខេត្ត ឬក៍បានពាក់ព័ន្ធ នឹងផល ប្រយោជន៍ ទាំងនេះ? ។

 

បញ្ហាខាងលើនេះ ក៍មានការអំពាវនាវ ទៅឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស គួរតែមានវិធានការ ទប់ស្កាត់បទល្មើសព្រៃឈើ ដែលត្រៀមដឹកទៅប្រទេសវៀតណាម តាមច្រកដាក់ដាំនេះផង ខណៈអ្នកមានតួនាទីបង្ក្រាប ទទួលកញ្ចប់គេអស់ហើយ ពិសេស មានឧកញ៉ាចំនួន ៣រូប ដែលនៅពីក្រោយខ្នង បទល្មើសឈើនេះ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរជំនាញ នៅក្នុងខេត្តមណ្ឌលគិរី មិនឲ្យចេញមុខ ព្រោះជាមុខសញ្ញា ប្រព្រឹត្តបទល្មើសព្រៃឈើ ដែលមានឈ្មោះអសោចិ៍ ទើបគេឲ្យមនុស្សផ្សេង ជាអ្នកមកចេញមុខរត់ការ ឲ្យតំណាងជាម្ចាស់ឈើ ដើម្បីឲ្យឈើទាំងនោះ ឆ្លងទៅប្រទេស​វៀតណាម តាមច្រកដាក់ដាំ ដូចអ្វីដែលពួកគេរំពឹងគិត ថានឹងអូសឈើទាំងនោះ ទៅឲ្យវៀត ណាម បានដូចអ្វីដែលពួកគេបានយកលុយ មករត់ការនេះ ។

 

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព {CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ហើយក៍មិនមានការ ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ អង្គភាពយើងខ្ញុំ ក៍មិនមានពាក់ព័ន្ធ ទៅនឹងនយោបាយ ណាមួយដែរ អង្គភាពយើង ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួនប្រសិនបើគិតថា ព័ត៌មានខាងលើនេះ មិនពិត អាចប្ដឹងមក ការិយា ល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញ ទៅតាមអ្វីដែរឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ រាល់ម៉ោងធ្វើការ ៕ ទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធយើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមានពីរប្រព័ន្ធ 012 នឹង 097 គឺលេខ 078 55 11 12 / 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author