លោក វុធ សារុំ សត្ថកិច្ចមួយចំនួន លើកឡើងថា អាចនឹងមានបញ្ហា ជាមួយតំណាងអយ្យការ ប្រសិនបើគាត់ដោះលែងឡានឈើ ដោយគ្មានការ​ឯកភាព.!

លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ សុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨

 

ខេត្តមណ្ឌលគិរី៖ មានសេចក្ដីរាយការណ៍ ដោយជាក់លាក់មកថា ទន្ទឹមនឹងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ចេញសេចក្ដីការប្រកាស នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសពីចំណាត់ការ យ៉ាងម៉ឺងម៉ាត់ លើការទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យខាងតែបាន មិនធ្វើឲ្យមានការប៉ះពាល់ ដល់មុខមាត់រាជរដ្ឋាភិបាលនោះឡើយ ។ ហើយលោក ស្វាយ សំអ៊ាង បានដាក់ បទបញ្ជា ដល់អង្គភាព និងមន្រ្តីពាក់ព័ន្ធ ទាំងអស់ ត្រូវរួមសហការគ្នា ជាធ្លុងមួយ ធ្វើយ៉ាងណា រាំងខ្ទប់នៃការនាំចេញឈើ និងរត់ពន្ធឈើ នៅក្នុងខេត្តរបស់លោក។

 

បន្ទាប់ពីលោក ស្វាយ សំអ៊ាង អភិបាលខេត្ត ប្រកាសចំណាត់ការ លើការទប់ស្កាត់ បទល្មើសព្រៃឈើ ការប្រកាសនេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះថា នៅវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅតែមានរថយន្តកែច្នៃ ចំនួន ៣គ្រឿង ដឹកជញ្ជូនឈើ យ៉ាគឃ្លើន ហើយត្រូវបានខាងកម្លាំងជំនាញ រដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាប បន្ទាប់ពីមានសេចក្ដីរាយការណ៍ ថាមានក្រុមឈ្មួញ បម្រុងដឹកឈើឆ្លងដែន ទៅកាន់ប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧ ណាំលៀ ក្នុងស្រុកព្រេជ្រាដា ខេត្តមណ្ឌលគិរី ។

 

ក្នុងនោះ ប្រភពបានរាយការណ៍មកថា ជំនាញរដ្ឋបាលព្រៃឈើ បានចាប់រថយន្តកែច្នៃ ១គ្រឿង ក្នុងករណីដឹកឈើជាក់ស្តែង និងឃាត់មនុស្ស ចំនួន ២នាក់ ដើម្បីយកទៅសាកសួរ តាមនីតិវិធី ។ ហើយករណីចាប់រថយន្ត កែច្នៃនេះ ធ្វើឡើងនៅម្តុំអូរតាំកន ក្រោយមក ខាងជំនាញ រដ្ឋបាលព្រៃឈើ ក៍បន្តរុករក នូវរថយន្ត ២គ្រឿងទៀត ដែលរត់ចូលក្នុងចម្ការ ម្តុំអូរតាំកន ប៉ុន្តែនៅរសៀលថ្ងៃដដែល គេបានឃើញខាងបរិស្ថាន ណាំលៀ ដឹកនាំដោយលោក វុធ សារុំ ក៍បានប្រទះឃើញ រថយន្តដឹកឈើទាំង ២គ្រឿងនោះ ក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ហើយខាងជំនាញ រដ្ឋបាលព្រៃឈើ ក៍បានដកខ្លួនតាមការណែនាំ របស់តំណាងអយ្យការ មានន័យថា មន្ត្រីនគរបាលយុត្តិធម៌ ជំនាញរដ្ឋបាលព្រៃឈើ កសាងសំណុំរឿង​ពាក់ព័ន្ធ នឹងករណីរថយន្តដឹកឈើមួយគ្រឿង និងមនុស្ស ២នាក់ ធ្វើសំណុំរឿងដាច់ដោយឡែក បញ្ជូនទៅកាន់អយ្យការ ។

ដោយឡែក ខាងបរិស្ថាន ណាំលៀ ត្រូវកសាងសំណុំរឿង ករណីចាប់រថយន្ត ២គ្រឿងនោះ តាមនីតិវិធី ដាច់ដោយឡែកពីគ្នា ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលេចឮថា លោក វុធ សារុំ នាយកបរិស្ថាន ណាំលៀ បានដោះលែង រថយន្តដឹកឈើ ១គ្រឿង ហើយយកតែរថយន្តមួយគ្រឿង មកដាក់នៅស្នាក់ការ របស់ខ្លួន ក្នុងនោះសូម្បីតែឈើ នៅក្នុងរថយន្ត ក៍ត្រូវបានបាត់បង់ ថែមទៀត និយាយរួម ត្រូវបានគេរិះគន់ថា លោក វុធ សារុំ មិនត្រឹមតែ ដោះលែងរថយន្តមួយគ្រឿង ជាមធ្យោបាយ ដឹកជញ្ជូនឈើល្មើសច្បាប់ប៉ុណ្ណោះទេ រថយន្តមួយគ្រឿង ដែលបានយកមករក្សាទុក ក៍បាត់ឈើថែមទៀត ។

 

ជាក់ស្តែង គេបានត្រឹមតែឃើញឈើ ដែលខាងបរិស្ថានប្រទះឃើញ ចំនួនពីរកន្លែង ១កន្លែង មានចំនួន ៦៨កំណាត់ និងមួយកន្លែងទៀត មានចំនួន ២៧កំណាត់ តែឈើដែលនៅលើឡាន ក្នុងបទល្មើសជាក់ស្តែង ត្រូវបានបាត់បង់ រហូតដល់ គេដាក់ដាក់សង្ស័យថា ក្រុមដឹកឈើទាំងនោះ ជាដៃជើង របស់លោក វុធ សារុំ នោះតែម្តង មើលទៅ..?

 

ពាក់ព័ន្ធនឹងករណីនេះ លោក វុធ សារុំ នាយកដែនជម្រកសត្វ ណាំលៀ បានឆ្លើយតប តាមទូរស័ព្ទ ជាមួយអង្គភាព សារព័ត៌មានយើង ដោយលោកនិយាយថា តាមពិត ខ្ញុំដេញចាប់ឡានឈើ បានតែមួយគ្រឿងទេ ប៉ុន្តែពេលកំពុងចុះចាប់ឡាននោះ ខ្ញុំក៍ជួបប្រទះឃើញគំនរឈើ ចំនួនពីរកន្លែង ដោយមួយកន្លែង មាន៦៨ដុំ នឹងមួយកន្លែងទៀត មាន២៧ដុំ ។

 

លោក វុធ សារុំ បន្តថា ខ្ញុំឆ្ងល់ថា ហេតុអ្វី ខាងមេព្រៃ និងខាងបរិស្ថាន ចាប់ឈើនៅទីតាំងជាមួយគ្នា បែរជាតំណាងអយ្យការ ឲ្យកសាងសំណុំរឿង ដាច់ដោយឡែកចេញពីគ្នា? បញ្ហានេះ ខ្ញុំមិនយល់ ហើយពិបាកក្នុងការធ្វើនីតិវិធី ។ បើទោះជាលោក វុធ សារុំ បដិសេធន៍ថា មិនបានចាប់រថយន្ត ២គ្រឿង ព្រមជាមួយឈើនោះក៍ដោយ តែខាងជំនាញ រដ្ឋបាលព្រៃឈើខេត្ត ដែលសុំមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ អង្គភាពយើងថា ខ្ញុំបានដេញចាប់រថយន្តដឹកឈើ ប្រភេទកែច្នៃ ចំនួន ៣គ្រឿង បន្ទាប់ពីបានទទួលព័ត៌មានថា ពួកឈ្មួញបម្រុងឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧ ណាំលៀ ភ្លាមៗនោះ ខាងជំនាញរបស់ខ្ញុំ ចាប់បានរថយន្ត ១គ្រឿង និងឃាត់ខ្លួនមនុស្ស ២នាក់ ចំពោះរថយន្ត ២គ្រឿងទៀត បានរត់គេច ចូលនៅក្នុងចម្ការ ទើបនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ខ្ញុំឃើញខាងបរិស្ថាន ដែលមានលោក វុធ សារុំ បានចាប់រថយន្តទាំងពីរគ្រឿងនោះជាប់ ក្នុងដែនសមត្ថកិច្ច​ បរិស្ថានគ្រប់គ្រង ។

 

មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ បន្តថា ពេលនោះ ខ្ញុំបានត្រឹមតែប្រគល់ឈើ ចំនួន ៦៨កំណាត់ ឲ្យទៅខាងបរិស្ថាន គឺលោក វុធ សារុំ ដោយឡែកឡានដឹកឈើ ២គ្រឿងទៀត ក្នុងនាមខ្ញុំ ជាកម្លាំងសហការ ជាមួយបរិស្ថាន ក៍ឃើញថា ខាងលោក វុធ សារុំ យកទៅរក្សាទុក នៅស្នាក់ការរបស់គាត់ ដើម្បីបន្តនីតិវិធី តាមជំនាញរៀងៗខ្លួន  ក្នុងនាមជាមន្ត្រីនគរបាល យុត្តិធម៌ ជាមួយនឹង ការសម្របសម្រួល ដោយតំណាងអយ្យការ និងជាអ្នកនាំពាក្យ អយ្យការ អមសាលាដំបូង ខេត្តមណ្ឌលគិរី ។ ហើយលោកបញ្ជាក់ថា ត្រង់គេដោះលែង ១គ្រឿង ត្រង់គេថា ឡានអត់មានឈើ នោះជាសិទ្ធិរបស់ជំនាញ ខាងបរិស្ថានចុះ ប៉ុន្តែក្នុងប្រតិបត្តិការ​សហការគ្នា លោក វុធ សារុំ ពិតជាបានចាប់ បានរថយន្តទាំងពីរគ្រឿង នោះពិតប្រាកដ ។

 

ជុំវិញការចាប់រថយន្តដឹកឈើនេះ ខាងជំនាញរដ្ឋបាលព្រៃឈើខេត្ត កំពុងសាកសួរជនសង្ស័យ ២នាក់ ម្នាក់ជាតៃកុងឡាន ម្នាក់ទៀតជាព្រូ ក្នុងកំណត់ហេតុ ស្តាប់ចម្លើយ ដោយមន្ត្រីនគរបាលយុត្តិធម៌ ជំនាញរដ្ឋបាលព្រៃឈើ ក៍គេបានលួចបង្ហើបថា ជនសង្ស័យ បានឆ្លើយថា ឈើមួយចំនួន គឺជាឈើរបស់ឈ្មោះ ឆ្នៅ និង ឆុង ដែលជា មេបញ្ជាការ នគរបាល វរៈការពារព្រំដែន លេខ ៣០៣ ហើយខ្លះទៀត ឆ្លើយថា មកពីពួកគេ ឃើញឈ្មួញផ្សេងៗទៀត នាំគ្នាដឹកឈើ ទៅវៀតណាម ពួកគេក៍ដឹកឈើ ទៅតាមគេ តាមឯងដែរទៅ ។

 

ជុំវិញករណីខាងលើនេះ មន្ត្រីមានសត្ថកិច្ច មួយចំនួន ក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា លោក វុធ សារុំ អាចនឹងមានបញ្ហា ជាមួយតំណាងអយ្យការ ប្រសិនបើគាត់ដោះលែងឡានឈើ ដោយគ្មានការ​ឯកភាព ឬករណីនេះ អាចជារឿងត្រូវដង ត្រូវផ្លែគ្នា នោះជាករណីផ្សេង នៃវប្បធម៌ទម្លាប់ នៃអំពើពុករលួយ តែប៉ុណ្ណោះ៕

សូមជួយស៊ែរព័ត៌មាននេះផង: