លោក បាន គន្ធី { Ban Kunty } ចាងហ្វាងការផ្សាយ លេខស្នាក់ការទំនាក់ទំនង រាយការណ៍ នឹងផ្ដល់ព័ត៍មាន : 078 55 11 12 / 097 777 6000
__________________________________________
ចេញផ្សាយថ្ងៃ អង្គារ ១រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
ភ្នំពេញ ៖ កាលពីព្រេកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យគណៈមេធាវីកម្ពុជា ដឹកនាំដោយលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
នៅក្នុងជំនួប សម្តែងការគួរសម នាព្រឹកមិញនោះ លោក សួន វិសាល ក៍បានជម្រាបសម្តេចតេជោ ហ៊ុន សែន ផងដែរ អំពីសមិទ្ធផល ការងារមួយចំនួន របស់គណៈមេធាវីកម្ពុជា ដែលសម្រេចបាន នាពេលកន្លងមក ក៍ដូចជា កំពុងធ្វើនាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គណៈមេធាវីកម្ពុជា ជួយពង្រាយមេធាវី ទៅតាមបណ្តាខេត្ត និងទីជនបទ ដើម្បីជួយការពារក្តី ដល់ប្រជាពលរដ្ឋ មានជីវភាពក្រីក្រី មិនមានលទ្ធភាព ជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់នោះ។
ពាក់ព័ន្ធបញ្ហានេះ លោក សួន វិសាល បានគូសបញ្ជាក់ថា បច្ចុប្បន្នគណៈមេធាវី កំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងយុត្តិធម៌ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក៍ដូចជារៀបចំប្រព័ន្ធទិន្នន័យ តាមដានករណីនីមួយៗ ផងដែរ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក សួន វិសាល បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា គណៈមេធាវី បានធ្វើការកែទម្រង់ យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៍ដូចជាវិស័យអប់រំផងដែរ។ លោកបន្តថា គណៈមេធាវី បានធ្វើការកែទម្រង់ការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្រប ទៅតាមបរិបទ នៅកម្ពុជាផង និងអន្តរជាតិ នាពេលបច្ចុប្បន្នផង ហើយក៍បង្រៀនមេធាវីកម្ពុជា នូវបច្ចេកទេស ការពារក្ដីផង។
លោក សួន វិសាល ក៍បានគោរពរាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន អំពីកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ជាមួយគណៈមេធាវី អន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំ សមាគមមេធាវីអាស៊ាន នៅកម្ពុជា នាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះរបាយការណ៍ ដែលបានលើកឡើង ដោយ លោក សួន វិសាល ហើយក៍បានណែនាំ ដល់គណៈមេធាវីកម្ពុជាថា រាល់ការកែទម្រង់ទាំងឡាយ ដែលគណៈមេធាវី នឹងធ្វើ ត្រូវធ្វើឲ្យស្របតាមច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។
សម្តេចតេជោ ក៍បានណែនាំ ឲ្យគណៈមេធាវីកម្ពុជា ពិនិត្យមើលចំណុចមួយចំនួន ដែលលែងសមស្រប ទៅតាមកាលៈទេសៈ ព្រោះថា គណៈមេធាវី បានបង្កើតឡើង តាំងពីឆ្នាំ១៩៩៥ មក ដែលចំណុច មួយចំនួន មិនសមស្រប តាមបរិបទសង្គម នាពេលបច្ចុប្បន្ននេះទេ៕