មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ { UNESCO } នឹងចុះបញ្ជីល្ខោនខោល ជាសម្បត្តិវប្បធម៌ តាមសំណើ របស់កម្ពុជា 

ចេញផ្សាយថ្ងៃ សៅរ៍ ៦រោជ ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

កាលពី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ  { UNESCO } នឹងចុះបញ្ជីល្ខោនខោល ជាសម្បត្តិវប្បធម៌ តាមសំណើ របស់កម្ពុជា  ក្នុងការផ្តល់ នូវផលប្រយោជន៍ យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបី របស់កម្ពុជា។

 

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជា មានឯកសារ ជាមូលដ្ឋាន គ្រប់គ្រាន់ ដែលបញ្ជាក់ថា ល្ខោនខោល ជារបស់ខ្មែរ ជាពិសេសកម្ពុជា បានដាក់ពាក្យស្នើសុំ ទៅអង្គការយូណេស្កូ មុនប្រទេសថៃ។ ហើយឯកឧត្តម បាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈ ខុសគ្នាស្រឡះ ពីល្ខោនខុន របស់ថៃ ដោយសារ លក្ខណៈរាំ  និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នា តិចតួចតែប៉ុណ្ណោះ។

 

ការលើកឡើង របស់មន្រ្ដីជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ គឺធ្វើឡើង បន្ទាប់ពី មានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក បានបំផុសព័ត៌មាន ដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃ ចុះបញ្ជីល្ខោនខោល របស់ខ្មែរ ធ្វើជារបស់ខ្លួន។

 

ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មាន តាមបណ្ដាញទំនាក់ទំនង សង្គមបែបនេះ គឺជាព័ត៌មាន គ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មាន ទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយ ឲ្យបានច្រើន ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។ ហើយឯកឧត្ដម បានបន្ថែមទៀតថា  ចំពោះបញ្ហាការ សម្រេចចិត្ត របស់អង្គការ យូណេស្កូ លើល្ខោនខោល ថាជារបស់ប្រទេស ណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំ លទ្ធផលផ្លូវការ ជាក់ស្ដែង ជាលាយលក្ខណ៍អក្សរ​ ចេញពីអង្គការ យូណេស្កូ នោះទើបអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។

 

ពាក់ព័ន្ធទៅនឹង ការប្រកាសផ្លូវការ របស់អង្គការយូណេស្កូ លើការស្នើសុំ ចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេច ជាផ្លូវការ នៅចុងឆ្នាំ២០១៨ នេះ។ សូមរម្លឹកថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៅអង្គការយូណេស្កូ  កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០១៥។ ហើយទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារ ចាប៉ីដងវែង ដែលបានរៀបចំ ចប់សព្វគ្រប់ទៅ អង្គការយូណេស្កូ កាលពីឆ្នាំ២០១៦។ ចំណែកក្បាច់គុណ ល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ ផងដែរ៕

Share on Facebook