មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រងការស្ដីបន្ទោសធ្ងន់ៗ ពីសម្ដេចក្រឡាហោម ស ខេង .!!!

ចេញផ្សាយថ្ងៃ សៅរ៍ ១៥កើត ខែភទេបទ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

ភ្នំពេញ៖ លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីបន្ទោស ថាមិនយកចិត្តទុកដាក់ ក្នុងការបង្ក្រាប បទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយ ឲ្យក្រុមឈ្មួញ ឧក្រិដ្ឋជន នាំអនុផលព្រៃឈើ ទៅលក់នៅប្រទេសជិតខាង ដោយរលូន។

ការស្ដីបន្ទោសនេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ លើកឡើង កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅសាលមហោស្រព ស្ទឹងសង្កែ ខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំ បូកសរុប សកម្មភាពការងារ និង លទ្ធផល នៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ និង ទិសដៅភារកិច្ច អនុវត្តបន្ត។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដី ខេត្តមណ្ឌលគិរី។ ហើយសកម្មភាព កាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាព ពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។ ហើយសម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី នៅមិនបង្ក្រាប បទល្មើសព្រៃឈើនោះទេ ប្រាកដជា មានបញ្ហា ជាក់ជាមិនខាន។

បើយោងតាម ប្រសាសន៍ លើកឡើង ស្ដីបន្ទោស របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មិនខុសពីប្រភព ក្រុមឈ្មួញ ដែលធ្លាប់រកស៊ីឈើ ក្នុងខេត្តមណ្ឌលគិរី បាននិយាយថា ការជួញដូរ និងដឹកជញ្ជូនឈើ យកទៅលក់ នៅប្រទេស វៀតណាម ពួកគេត្រូវរត់ការ បើកផ្លូវជាមុនសិន ទើបអាចដឹកឈើទាំងនោះ ឆ្លងដែនបាន។ ហើយពួកគេថា មានមន្ត្រីជាច្រើន ដែលតម្រូវឲ្យពួកគេ រត់ការបង់ផ្លូវ រួមមាន៖

ទី១ នគរបាលការពារព្រំដែន ទី២ នគរបាលសេដ្ឋកិច្ចខេត្ត ទី៣ នគរបាលសេដ្ឋកិច្ចក្រសួង ទី៤ នគរបាលប៉ុស្តិ៍រដ្ឋបាល ទី៥ នគរបាលវរៈព្រំដែន ទី៦ មន្ត្រីយោធា មានដូចជា៖ យោធាខេត្ត , យោធាព្រំដែន , យោធាវរៈ , យោធាស៊ើបការណ៍ , យោធាអគ្គ ទី៧ មន្ត្រីបរិស្ថាន មានដូចជា៖ មន្ត្រីបរិស្ថានខេត្ត , មន្ត្រីបរិស្ថានឧទ្យានុរក្ស , មន្ត្រីបរិស្ថានស្រុក , មន្ត្រីបរិស្ថានដែនជម្រក , ទី៨ មន្ត្រីមេព្រៃ មានដូចជា៖ មន្ត្រីមេព្រៃខណ្ឌ រដ្ឋបាលព្រៃឈើ , មន្ត្រីមេព្រៃផ្នែក រដ្ឋបាលព្រៃឈើ , មន្ត្រីមេព្រៃសង្កាត់ រដ្ឋព្រៃឈើ , ទី៩ មន្ត្រីសាលាស្រុក ទី១០ សហគមន៍ នឹងទី១១ មន្ត្រីគយ ។

ដោយឡែក ប្រជាពលរដ្ឋ រស់នៅ ខេត្តមណ្ឌលគិរី ក៍បានអះអាងថា តំបន់អូរហ៊ុច នៅតែជាចំណុច ដ៍រសើបបំផុត សម្រាប់ការ ជួញដូរឈើ ចេញទៅក្រៅប្រទេស។ ហើយតំបន់ អូរហ៊ុច មានទីតាំង នៅស្រុកអូររាំង និង តំបន់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺមានព្រំប្រទល់ ជាប់ព្រំដែន ប្រទេសវៀតណាម។

គំរលឹងផងដែរថា កាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណី ជួញដូរបទល្មើស ឈើប្រណិត ជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធ ជាមួយមន្ត្រីតូចធំ នៅក្នុង ខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។ ហើយមិនតែប៉ុណ្ណោះ អូរហ៊ុច ក៍ជាកន្លែង កកើតបទល្មើសព្រៃឈើ មិនចេះរីងស្ងួតផងដែរ រហូតដល់ក្រុម អ្នកពាក់ព័ន្ធ បទល្មើសព្រៃឈើ ហ៊ានសម្លាប់ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និង មន្ត្រីបរិស្ថាន ឲ្យបាត់បង់ជីវិត ចំនួន ២នាក់ កាលពីពេលថ្មីៗ កន្លងទៅនេះ។

ប្រភពពលរដ្ឋ ខាងលើបន្តថា ទោះបីចំណុច ដ៍រសើបខាងលើ មានបទល្មើសព្រៃឈើ ដែលកន្លងមក ធ្លាប់មានការបង្ក្រាប របស់គណៈកម្មការ ថ្នាក់ជាតិ ម្ដងមកហើយក្តី។ ប៉ុន្តែពេលនេះ នៅតែមាន បទល្មើសព្រៃឈើ កើតមានជាដដែល។ ហើយបច្ចុប្បន្ន ក្រុមឈ្មួញបានប្រើរូបភាព របៀបក្រពើបណ្តែតទឹក { ឈើដាក់បណ្តែត ក្រោមទូក } ពេលខ្លះ ឈ្មួញយកឈើ ទម្លាក់ចូលក្នុងអូរ ហើយចងជាមួយប្ញស្សី ធ្វើជាក្បូន ដោយមានទូក របស់ឈ្មួញវៀតណាម ចាំសណ្តោង ឆ្លងទៅប្រទេសវៀតណាម ដោយរលូន និង ពុំមានការរំខាន ដល់មន្ត្រីជំនាញ កម្ពុជា ដែលឈរជើង នៅចំណុចទាំងនោះឡើយ។

ប្រភពបន្តឲ្យដឹងថា បទឈ្មើសព្រៃឈើ ដែលគេកំពុងលួចធ្វើសកម្មភាពទាំងនោះ រួមមាន៖ ទី១ នៅចំណុច បាយហន , ទី២ ចំណុចថ្មបីដុំ ទី៣ ចំណុចអូរកិល ទី៤ ចំណុចក្បាលអូរកិល និងទី៥ ចំណុច អន្លួងស្រួយ។ ទីតាំងទាំង ៥ ចំណុចខាងលើ គ្រប់គ្រងដោយ លោក យ៉ាត សុជា ដែលជាមនុស្សជំនិត របស់លោក ឡេង សុភាន់ មេបញ្ជាការវរៈ៦២១។

ប្រភពបន្តទៀតថា៖ អ្នកពាក់ព័ន្ធ ករណីជួញដូរឈើ ឆ្លងដែន នៅខេត្តមណ្ឌលគិរី ទៅក្រៅប្រទេស នៅចំណុចខាងលើនេះ ត្រូវបានគេបង្ហើប ឲ្យដឹងថា៖ គឺជាប់ពាក់ព័ន្ធ និងមេវរៈការពារព្រំដែនគោក លេខ ៦២១ ទី១លោក ឡេង សោភ័ណ , ទី២ លោក សា ផល្លា និងទី៣ លោក យ៉ាត សុខជា ដែលសុទ្ធសឹង ជាមន្ដ្រីនគរបាល ឈរជើងនៅទីនោះ។

ប្រភពព័ត៌មាន ច្បាស់ការ បានបន្តថា បច្ចុប្បន្ន ឈ្មួញឈើទាំងនោះ មានក្បូន ចំនួន ៥០ និង ទូកចំនួន ១០ ហើយក្នុងទូក ១ គ្រឿង អូសបាន ៣ ក្បូន។

ដោយឡែក ខាងលោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃ កែវសីមា បានទទួលស្គាល់ថា ពិតជាមានករណី ជនល្មើស លួចប្រព្រឹត្ត បទល្មើសព្រៃឈើ នៅចំណុច ខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ពិតប្រាកដមែន។

លោកបន្តថា តំបន់ព្រំដែន គឺពិបាក ក្នុងការធ្វើការបង្ក្រាប បទល្មើសព្រៃឈើ ខ្លាំងណាស់ ព្រោះនៅជិតព្រំដែន ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ហើយថា កាលពីពេលថ្មីៗនេះ ក្រុមការងារ របស់លោក ក៍ធ្លាប់បានចុះ ទៅដល់ចំណុច ខាងលើនោះដែរ ហើយក៍បានប្រទះឃើញ មានមនុស្សមួយក្រុម ប្រដាប់ដោយម៉ាស៊ីនអារឈើ តែសមត្ថកិច្ច ឃាត់មិនបាននោះទេ ពីព្រោះ ក្រុមនោះ ដឹងខ្លួនមុន រួចនាំគ្នា លោតចូលទឹកអូរ ដែលជាតំបន់ស រវាងដីខ្មែរ នៅម្ខាង និង ដីវៀតណាមម្ខាង។

ប្រជាសហគមន៍ ការពារព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកកែវសីមា និង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអំពាវនាវ ឲ្យថ្នាក់ដឹកនាំ ក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ អំពើពុករលួយ និង ទង្វើមិនប្រក្រតី របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និង លោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ជាបន្ទាន់។

ដោយហេតុថា បច្ចុប្បន្ន ឈ្មួញច្រើននាក់ នៅតែអាចកាប់ឈើ អារច្រៀកឈើ កែច្នៃឈើ និង ដឹកជញ្ជូនឈើ ចេញទៅប្រទេស វៀតណាម យ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិត បើកដៃពីសំណាក់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និង លោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌល
គិរី ដែលគិតតែ ពីរឿងផលប្រយោជន៍ ផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ ឈ្មួញខ្លះ អាចបង្កើត រោងសិប្បកម្ម កែច្នៃឈើខុសច្បាប់ រាប់សិបកន្លែង នៅក្នុងស្រុកកោះញែក និង ស្រុកពេជ្រាដា ដែលជាហេតុ ធ្វើឲ្យព្រៃឈើ ដែលនៅសេសសល់ ក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈម នឹងសេចក្ដីវិនាស។

ប្រភពពីមន្ត្រី ក្នុងមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលឈ្មួញ ឈ្មោះ យាយម៉ាប់ អាចបើកសិប្បកម្ម កែច្នៃឈើខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃ ភ្នំព្រេច ស្រុកកោះញែក គឺដោយសារ មានការឃុបឃិត បើកដៃពីសំណាក់ លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌល
គិរី។

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ហ៊ានឃុបឃិត ឲ្យឈ្មួញ ឈ្មោះ យាយម៉ាប់ និង ឈ្មួញដទៃទៀត បើករោងសិប្បកម្ម កែច្នៃឈើខុសច្បាប់ នៅតំបន់ដែនជម្រកសត្វព្រៃ ភ្នំព្រេច និង នៅក្នុង ឃុំពូជ្រៅ ស្រុកពេជ្រាដា គឺដោយសារ មានការសម្របសម្រួល ពីសំណាក់ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី ដែលល្បីល្បាញ ខាងពុករលួយ។

ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់ លោក សុង ឃាង ទេនោះ គឺលោក អ៊ុ វណ្ណសុភគ៌ និង មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកកែវសីមា និងស្រុកពេជ្រាដា មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត របស់ពួកគេនោះទេ។

ប្រភពដែលស្និទ្ធ នឹងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មួញឈ្មោះ យាយម៉ាប់ បានបើករោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ភ្នំព្រេច ស្រុកកោះញែក។ ហលយការដែល យាយម៉ាប់ អាចបើករោងសិប្បកម្ម កែច្នៃឈើច្រើនកន្លែង ក្នុងតំបន់ ដែនជម្រកសត្វព្រៃ ភ្នំព្រេច គឺដោយសារ មានលោក អ៊ុ វណ្ណសុភគ៌ និងលោក សុង ឃាង ជាខ្នងបង្អែក យ៉ាងរឹងមាំ ចាំជួយបិទបាំង និង ជួយការពារគ្រប់ពេលវេលា។

ជាងនេះទៅទៀត នៅក្នុងទឹកដី ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៍មានរោងសិប្បកម្ម កែច្នៃឈើជាច្រើនកន្លែង របស់ឈ្មួញឈ្មោះ យាយម៉ាប់ ផងដែរ ព្រោះឈ្មួញម្នាក់នេះ ជាប្រភពចំណូល ដ៍សំខាន់ របស់លោក អ៊ុ វណ្ណសុភគ៌ និង លោក សុង ឃាង ជាច្រើនឆ្នាំកន្លងមកហើយ។

ប្រភពពីមន្ត្រី អង្គការក្រៅរដ្ឋាភិបាល និង សកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី គឺជាមេខ្លោងដ៍ធំ ទាក់ទងទៅនឹង បទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជុំវិញព័ត៌មានខាងលើ អង្គភាព CSN មិនអាចស្វែងរក សុំការបកស្រាយបំភ្លឺ ពីលោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី និង លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានទេដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង រីឯលោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី ក៍មិនអាចសុំការ បកស្រាយបានទេ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងនោះទេ ផ្សាយ តែព័ត៌មានពិត ដោយយោងតាមប្រភព នឹងឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមក ការិយាល័យនិពន្ធយើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់មកជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនវិញ រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

Share on Facebook