លោក អ៊ុក សំណាង ប្រធានមន្ទីរ​កសិកម្ម លោក ឃឹម អូន មេរដ្ឋបាលព្រៃឈើ នឹងលោក សួន សុម៉ាលីន ស្នងការងខេត្តព្រៃវែង មហាជនដាក់ការសង្ស័យថា ជាអ្នកឃុបឃិតជាមួយឈ្មួញ ទិញដើមស្វាយព្រៃក្នុងស្រុក ដែរមានអាយុការ ជា១០០ឆ្នាំ ដឹកចេញទៅលក់នៅប្រទេសវៀតណាម.?

ចេញផ្សាយ ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ខេត្តព្រៃវែង​ បាន​ផ្ទុះ​កើតរឿង​ ដ៏​រសើប​មួយ គឺ​មាន​ក្រុម​ឈ្មួញ ​បាន​នាំ​គ្នា​ទៅ​គាស់​ផ្តួលរំលំ​ ដើម​ស្វាយព្រៃ​មួយ​ដើម ដែល​មាន​អាយុកាល​រហូត​ដល់​ទៅ​ ១៣០​ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បាន​ដឹក​យក​ចេញ​ ទៅ​បាត់​ដោយ​សុវត្ថិភាព ទាំង​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ចុះ​ទៅ​ឃើញ ប៉ុន្តែ​បាន​ត្រឹមតែ​ធ្វើ​កំណត់ហេតុ តែ​គ្មាន​ចំណាត់ការ​។

​​​​​​សូមបញ្ជាក់ផងដែរថា ដើម​ស្វាយព្រៃ​ អាយុ​១៣០​ឆ្នាំ​នេះ ត្រូវ​បាន​គេ​គាស់​ផ្តួល​ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ២០១៨ ដោយ​មនុស្ស​មួយ​ក្រុម ដែល​គេ​បាន​អះអាង​ថា បាន​ទិញ​ពី​ម្ចាស់​ដើម​ស្វាយ​នេះ​រួច​ហើយ ក្នុង​គោលបំណង ​ដើម្បី​យក​ទៅ​ដាំ​ នៅ​ក្នុង​រោង​ចក្រ​មួយ​កន្លែង ក្នុង​ទីប្រជុំជន​អ្នក​លឿង​។

 

បើតាមប្រភពច្បាស់ការមួយ ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ​បានឲ្យដឹងថា នៅ​ពេល​ដែល​ផ្តួលរំលំ​ ដើម​ស្វាយ​នេះ​បាន​ហើយ បំ​រ៉ុ​ង​ដឹក​ចេញ ​ក៍មាន​អ្នក​សារព័ត៌មាន ​មួយ​ក្រុម​ទៅ​ទាន់ និង​បាន​ថត​ចុះ​ផ្សាយ​ ពី​សកម្មភាព​នេះ ទើប​ធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល ​ពេញ​ខេត្ត លុះ​ស្អែក​ឡើង​ ថ្ងៃ​ទី​៤ ខែធ្នូ ឃើញលោក
ឃឹម អូន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ ខេត្តព្រៃវែង ចុះ​ទៅ​ត្រួតពិនិត្យ​វាស់វែង​ ធ្វើ​កំណត់ហេតុ រួច​ក៍ត្រឡប់​ទៅ​វិញ ដោយ​ទុក​ដើម​ស្វាយ​នោះ​ នៅ​ទីតាំង​ដដែល និង​គ្មាន​ការ​ការពារ​អ្វី​នោះ​ទេ ដូច​គ្រាន់តែ​ទៅ​មើល បង្គ្រប់កិច្ច ​តែប៉ុណ្ណោះ។

 

ប្រភពពីប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​ឬ​ស្សី​ជួរ​ បាន​រាយការណ៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ យើងថា រហូត​មក​ដល់​ម៉ោង ​២​រសៀល ថ្ងៃ​ទី​១១ ខែធ្នូ ស្រាប់តែ​ឃើញ ​ក្រុម​ឈ្មួញ​នាំ​គ្នា​ មក​ដឹក​យក​ដើម​ស្វាយព្រៃ​នោះ​ ទៅ​បាន​យ៉ាង​រលូន ដោយ​គ្មាន​ការ​រំខាន ​ពី​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ណា​ឡើយ​។

 

ក្រោយ​ពី​ទទួល​បាន​ ព័ត៌មាន​នេះ​ភ្លាម អ្នក​យក​ព័ត៌មានយើង ​បាន​សាកសួរ​ទៅ​កាន់​ ​អាជ្ញាធរ​មូលនោះផងដែរ ហើយបាន​ជា​លទ្ធផល​ ក៍លេច​ចេញ​នូវ​ លិខិត​អនុញ្ញាតិ​មួយ ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ២០១៨ ក្រោយ​ពេល​ដែល​ដើម​ស្វាយព្រៃ​នោះ​ ត្រូវ​កាប់​ផ្តួល​បាន​ ៣​ថ្ងៃ ដែល​បាន​ចុះហត្ថលេខា​ ឯកភាព និង​អនុញ្ញាតិ​ដោយ​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តព្រៃវែង និង​លោក សួន សុ​ម៉ា​លី​ន អភិ​បាលរង​ខេត្តព្រៃវែង​។

 

ដោយ​អនុញ្ញាតិ​ឲ្យបុរស​ម្នាក់​ ឈ្មោះ ស៊ិ​ន សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ ផ្លូវ​២១១ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទិញ​ដើម​ស្វាយ​ ចំនួន​ ៣​ដើម ពី​ប្តី​ប្រពន្ធ​ ២​នាក់​ ឈ្មោះ ជួប សែន (​ ជាបី្ត​ ) និង​ប្រពន្ធ​ឈ្មោះ
ទិ​ត្យ ហ៊ី​ម មាន​ទីលំនៅ ​ក្នុងភូមិ​ឬ​ស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ក្នុង​តម្លៃ​ ១​លាន ​៧​សែន​រៀល ​ក្នុង​១​ដើម ដើម្បី​យក​ទៅ​ដាំ​លម្អ​សោ​ភណ្ឌ​ភាព នៅ​មុខ​រោងចក្រ​ ទិញ​លក់​គ្រាប់​ឈូក​ ៩៩៩ នៅ​ទីប្រជុំជន​អ្នក​លឿង ប៉ុន្តែ​ទើបតែ​គាស់​ដឹក​ចេញ​ បាន ​១​ដើម ក៍​បែករឿង​តែ​ម្តង​។

 

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ ២០១៨នេះ អ្នក​ព័ត៌មានយើង បាន​តាម​ទៅ​ថត​យក​រូបភាព​ ដើម​ស្វាយព្រៃ​ ដែល​គេ​ដឹក​ចេញ​នោះ គឺ​ពិតជា​ត្រូវ​បាន​ ដឹក​យក​មក​ទុក ​នៅ​ក្នុង​រោងចក្រ ​ទិញ​លក់​គ្រាប់​ឈូក​ ៩៩៩​ នោះ​មែន ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្បែ​នោះ​ បញ្ជាក់​ប្រាប់​ថា រោងចក្រ​នោះ​ បាន​បិទទ្វា​រជាង​ ២​ខែ​ មក​ហើយ ដោយសារ​រកស៊ី​មិន​ចំណេញ​។ ហើយនៅ​ក្នុង​រោងចក្រ​នោះ​ ពុំ​មាន​អ្វី​ទាំងអស់ ក្រៅពី​ដើម​រាំង ជា​ច្រើន​ដើម ដែល​គេ​ដើរ​ប្រមូល​ទិញ​ ពី​តាម​ភូមិ​ យក​មក​ស្តុ​ប​ទុក​នៅ​ទី​នេះ ហើយ​ធ្វើការ​នាំ​ចេញ​ ទៅ​ប្រទេស​វៀតណាម នៅ​ពេល​ដែល​មាន​ឈ្មួញ​ខាង​វៀត​ណាម​​ត្រូវការ។ ហើយ​ដើម​ស្វាយព្រៃ​ ដែល​គេ​យក​មកនេះ ក៍មានជោគ​វាសនា ​ដូច​ជាដើម​រាំង​ទាំងនោះ​ដែរ​។

 

ពាក់ពន្ធករណីខាងលើនេះ ពលរដ្ឋ នឹងមន្ត្រីអាជ្ញាធរ មូលដ្ឋានមួយចំនួន បានស្នើសុំដល់ ឯកឧត្តម ជា​ សុមេធី​ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នឹងជាប្រធាន គណ:បញ្ជាការឯកភាពខេត្ត មេត្តាពិនិត្យមើល ករណីមន្ត្រីខិលខូច ឃុបឃិត ជាមួយឈ្មួញទុច្ចរិត​ រកស៊ីបំផ្លាញ ធនធានធម្មជាតិ​ ក៍ដូច ទ្រព្យសម្បត្តិ​ជាតិ នេះ ជាបន្ទាន់ផង ព្រោះថា កន្លងមកខេត្តព្រៃវែង បងប្អូនសារពត៌មាន ក៍ដូចជាសាធារណៈ គ្រប់មជ្ឈដ្ឋាន តែងតែមានការកោត សរសេីរ មិនដាច់ពីមាត់ ទៅលេី ឯកឧត្តម អភិបាលខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទ នឹងមន្ត្រីកងកម្លាំង ប្រដាប់អាវុធ បំពេញការងារ បំរើប្រជាពលរដ្ឋ បានយ៉ាងល្អ មិននឹកស្មាន លេចចេញនូវមន្ត្រីមួយក្តាប់តូច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មកបំផ្លាញកិត្តិយស ថ្នាក់ដឹកនាំខេត្តបែបនេះសោះ។

 

តែទោះយ៉ាងណា ពាក់ព័ន្ធរឿងដ៍រសើប ខាងលើនេះ អង្គភាពយើង ពិបាកនឹងស្វែងរក សុំការបកស្រាយពន្ត៊យល់ នឹងបំភ្លឺពីលោក សួន ម៉ាលីន អភិបាលរង ខេត្តព្រៃវែង នឹង លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តព្រៃវែង រួមទាំង លោក ឃឹមអូន​ នាយខ័ណ្ឌ​រដ្ឋបាលព្រៃឈេីខេត្ត​ ខ្លាំងណាស់ ដោយគ្មានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង ដូច្នេះរហូតមកដល់ថ្ងៃនេះ ពុំមានការបកស្រាយ ពន្យល់ណាមួយនោះទេ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធខាងលើ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម

 

សូមជួយស៊ែរព័ត៌មាននេះផង: