ចេញផ្សាយ ថ្ងៃព្រហស្បត្ណិ ១២រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
គេនៅចាំបានថា ក្នុងពេលកន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការងារ ដោយដាក់កម្លាំងជាច្រើនក្រុម រៀបចំជាជញ្ជីងថ្លឹងឡាន នៅតាមផ្លូវជាតិជាច្រើន ដោយមានទាំងក្រុមជញ្ជីង ថ្លឹងឡានចល័តថែមទៀត ដើម្បីទប់ស្កាត់ឡានដឹកលើសទម្ងន់។ ហើយក្រៅពីនោះ ក៏មានក្រុមមន្ត្រីជំនាញ ចុះចាប់ឡានតទ្រុង ហើយបានកាត់ឡានទាំងនោះ ព្រមទាំងពិន័យបានប្រាក់រាប់លានថែមទៀត ក្នុង១ខែៗ ។
ក៏ប៉ុន្តែទន្ទឹមនឹងវិធានការ កន្លងមកនេះ ក៏មានការលើកឡើងថា យូរៗទៅ មន្ត្រីជំនាញផ្នែកជញ្ជីងថ្លឹង ដែលបង្កើតទីស្នាក់ការតាមផ្លូវជាតិ ព្រមទាំងមន្ត្រីកាន់ជញ្ជីងចល័ត ក៏ដូចជាមន្ត្រីជំនាញខាងចាប់ឡាន កាត់ទ្រុង ដែលតខុសបច្ចេកទេស បែរជាយកការងារនេះ ធ្វើជាមុខរបរ រកលុយ ធ្វើមាន ធ្វើបានទៅវិញ ។ ពោលគឺរថយន្តដឹកទំនិញ ដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ដឹកជំនិញលើសទម្ងន់ គ្រាន់តែបើកចូលកន្លែងដាក់ជញ្ជីងថ្លឹងនោះ ហើយចាប់ដៃ បង់លុយឲ្យមន្ត្រីប្រចាំការទាំងយប់ ទាំងថ្ងៃ តាមផ្លូវនោះហើយ គឺអាចបន្តដំណើរទៅមុខម៉ាស្រឡាញ់ ចង់ដាក់ទំនិញលើសប៉ុន្មានតោន ក៏មន្ត្រីជំនាញយើង មិនខ្វល់ដែរ។
ជាក់ស្ដែង បច្ចុប្បន្ន ក្រុមមន្ត្រីសាធារណការ និងដឹកជញ្ជូន ប្រចាំនៅស្ថានីយជញ្ជីង ត្រួតពិនិត្យរថយន្ត លើសទម្ងន់ ស្ថិតនៅក្នុង ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងរងនូវការរិះគន់ ពីសំណាក់មហាជន និងមន្ត្រីរាជការ យ៉ាងខ្លាំង ព្រោះសព្វថ្ងៃនេះ គេតែងតែសង្កេតឃើញ សកម្មភាពមិនប្រក្រតីជាច្រើន របស់មន្ត្រីដែលឈរជើងប្រចាំការនៅទីនោះ ប្រព្រឹត្តខុស ដោយសារតែ មិនមានការត្រួតពិនិត្យ និងថ្លឹងរថយន្តដឹកទំនិញធំៗ ដឹកសំពីងសំពោង នឹងដឹកលើសទម្ងន់ ឲ្យបានស្មើភាពនោះគ្នានោះទេ។
ប្រភពព័ត៌មាន ពីមន្ត្រីរាជការថ្នាក់តូចតាច បម្រើការងារ នៅសាលាស្រុកឈ្នួល បាននិយាយថា ជារៀងរាល់ថ្ងៃ តែងតែសង្កេតឃើញ មានរថយន្តយីឌុបធំៗ ដឹកជញ្ជូនទំនិញ និងសម្ភារផ្សេងៗ យ៉ាងសំពីងសំពោង និងអាចលើសទម្ងន់ ឆ្លងកាត់ស្ថានីយជញ្ជីង ត្រួតពិនិត្យរថយន្ត ដោយរលូន ដោយគ្មានការត្រួតពិនិត្យ ឬថ្លឹងទម្ងន់រថយន្តនោះឡើយ ពោលគឺរថយន្តទាំងនោះ ទៅជិតដល់ស្នាក់ការ ស្ថានីយជញ្ជីង របស់មន្ទីរសាធារណការ ដែរមានទីតាំងខាងលើ ពួកគេបានឈប់រថយន្តឆ្ងយពីកន្លែងស្ថានីយ៍ជញ្ជីងថ្លឹង ចុះកាន់លុយរត់ចូលទៅជួបក្រុមមន្ត្រីប្រចាំការនៅទីនោះ ម្ចាស់រថយន្តខ្លះទៀត ពួកគេគ្រាន់តែបើករថយន្ត ចូលក្នុងស្ថានីយ៍ រួចក្តាប់លុយក្នុងដៃ រត់ទៅជួបមន្ត្រីជំនាញ ក្នុងទីស្នាក់ការរួច បើកចេញទៅដោយរលូន មិនចាំបាច់ឡើងលើជញ្ជីងថ្លឹងនោះទេ។
ប្រភពដដែរ បានបន្តឲ្យដឹងថា ក្នុងមួយយប់ៗ គេសង្កេតឃើញរថយន្តយីឌុបធំៗ រាប់សិបគ្រឿង ដឹកទំនិញពេញព្រៀប មកពីតំបន់នានា ដោយឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅខេត្តត្បូងឃ្មុំ គ្មានការត្រួតពិនិត្យ ឬធ្វើការផាកពិន័យតាមផ្លូវច្បាប់ឡើយ គ្រាន់ចុះទៅហុចលុយ ជូនក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែរមានលោក អ៊ុយ ហឿន ប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្រោយការស្រប់សម្រួល នឹងបើកខ្លៀងខៀវ ពីលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត អាចធ្វើចរាចរណ៍ បានយ៉ាងរំភើយ?។
ក្រុមអ្នកបើករថយន្តដឹកដំឡូងមី ក៍បានឲ្យដឹងថា រាល់ការដឹកជញ្ជូនកសិផលកសិកម្ម យកទៅលក់នៅវៀតណាម ពួកគាត់មានការត្អូញត្អែរថា ក្នុងមួយជើងៗ ពួកគាត់ត្រូវចំណាយលុយកាក់ច្រើន បង់តាមបារាសត្រួតពិនិត្យ របស់មន្ត្រីប៉ូលិសឈរជើង តាមគោលដៅ ហើយទៅបង់នៅច្រកព្រំដែនទៀត ជាពិសេសនោះ ស្ថានីយជញ្ជីង នៅចំណុចស្រុកស្នួល ខេត្តក្រចេះ ដែរមានលោក អ៊ុយ ហឿន ជាប្រធានប្រចាំទីនោះ បើសិនគេរកឃើញថា ផ្ទុកលើសទម្ងន់វិញ គឺតម្រូវឲ្យបង់ផាកពិន័យ មួយគុណ និងពីរដងឯណោះ។ ប៉ុន្តែបើកយើង ទៅជិតដល់ស្ថានីយជញ្ជីង រួចរត់ទៅជួបមន្ត្រីជញ្ជីងបង់លុយ ទើបធ្វើដំណើរទៅគ្មានបញ្ហា។
ជុំវិញភាពមិនប្រក្រតី ខាងលើនេះ អ្នកព័ត៌មានយើង ក៍ធ្លាប់បានធ្វើការសាសួរ ទៅមន្ត្រីប្រចាំស្ថានីយ៍ ផងដែរថា តាមការសង្កេត ពីការត្រួតពិនិត្យ និងថ្លឹងរថយន្ត នៅស្ថានីយថ្លឹងរថយន្ត ស្រុកឈ្នួលនេះ ឃើញថា មិនស្មើភាព មិនប្រក្រតីជាច្រើន ដោយរថយន្តខ្លះតូចល្មម ខាងជញ្ជីងឲ្យចូលថ្លឹង ដោយឡែករថយន្តដឹកទំនិញធំៗ គឺមិនមានការត្រួតពិនិត្យ និងមិនបានឡើងជញ្ជីងទៀតនោះ តើនេះជាអនុវត្តន៍ច្បាប់ ត្រឹមត្រូវដែរឬទ? ។ ហើយក៍មានមន្ត្រីម្នាក់ មិនបានបញ្ហាញ អត្តសញ្ញាណ បាននិយាយថា រាល់កាដឹកជញ្ជូនតាមរថយន្តយីឌុបធំ មួយគ្រឿងៗ គឺអាចផ្ទុកលើសទម្ងន់កំណត់ ប្រមាណពី ៥ តោន ទៅ១០តោនប៉ុណ្ណោះ ហើយការដែលមិនបានថ្លឹងទម្ងន់រថយន្តទាំងនេះ មកពីមូលហេតុមានការយោគយល់។
ប្រភពពីមន្ត្រី នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ មួយចំនួន បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងបើកដៃឲ្យ ក្រុមមន្ត្រីប្រចាំស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ដោយមានលោក អ៊ុយ ហឿន ជាប្រធានក្រុម ធ្វើអ្វីៗតាមអំពើចិត្ត ឃុបឃិតឲ្យរថយន្តធំៗ ដឹកជញ្ជូនទំនិញ ផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ ដោយមិនចាត់វិធានការ ត្រួតពិនិត្យថ្លឹងទម្ងន់នោះទេ។ ចំណែកលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត សម្ងំចាំទទួលផលប្រយោជន៍ យ៉ាងសុខស្រួល ហើយបណ្ដោយឲ្យលោក អ៊ុយ ហឿន និងបក្ខពួកស្រេចតែអំពើចិត្ត។
តាមប្រភពព័ត៌មាន ច្បាស់ការណ៍ ពីអ្នកបើកបររថយន្តដឹកទំនិញ បានឲ្យដឹងថា រថយន្តវេអង និងអាយីឌុបភ្លៅ៥ មួយគ្រឿងៗ ត្រូវបង់ប្រាក់១០~ ទៅ១៥ម៉ឺនរៀល ហើយការផ្ទុក ក្នុងរថយន្តមួយៗ មានទម្ងន់៥០~ទៅ៦០តោន ។
ជុំវិញនឹងបញ្ហាពុករលួយ នៅក្នុងស្ថានីយ៍ថ្លឹងរថយន្ត ខាងលើនេះ សូមឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈ អភិបាលខេត្ត ក្រចេះ ជាពិសេស ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតទេ សូមមេត្តាចាត់ម្ត្រីចុះស្រាវជ្រាវ អង្កេតរកឲ្យឃើញ នឹងចាត់វិធានការ បំបាត់អំពើពុករលួយដល់ខួរឆ្អឹង របស់លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្ត នឹងលោក អ៊ុយ ហឿន ប្រធានក្រុមការងារ ជញ្ជីងថ្លឹងរថយន្ត ខាងលើនេះ រួមទាំងបក្ខពួកជាបន្ទាន់ផង ឲ្យស្របទៅតាមបទបញ្ជា ក៍ដូចអនុសាសន៍ ដ៍ម៉ឺងម៉ាត់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធប្រភពព័ត៌មានខាងលើ អង្គភាព CSN យើង មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនខេត្តក្រចេះ នឹងលោក អ៊ុយ ហឿន ប្រធានក្រុមការងារ ជញ្ជីងថ្លឹងរថយន្ត ខាងលើនេះ បានទេ រហូតមកដល់ថ្ងៃនេះ ដោយមិនមានលេខទូរសព្ទ សម្រាប់ធ្វើការទំទាក់ទំទង សុំការបំភ្លឺ។
សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ព័ត៌មានបឋម