អនុសាសន៍សំខាន់ៗ ចំនួន ១១ចំណុច សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី រួមមាន

ចេញផ្សាយ ថ្ងៃអង្គារ៍ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

 

កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ១១ចំណុច ក្នុងការចូលរួមអភិវឌ្ឍន៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរួមមាន៖

១, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងសង្គមស៊ីវិល បន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធ តាមព្រះរាជានុសាសន៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងបន្តចុះតាមដានការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីលើកអនុសាសន៍ជូនរាជរដ្ឋាភិបាល។ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

២, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបន្តសិក្សាស្វែងយល់អំពីគោលការណ៍សំខាន់ៗដែលចាំបាច់សម្រាប់ការពង្រឹងសម្ថភាពរបស់ស្ត្រី។

៣, គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ ត្រូវបង្កើនកិច្ចសហការក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាពដល់ស្ត្រី ជាថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិ ទាក់ទងនឹងផ្នែកមគ្គុទេសន៍ភាពច្បាប់ និងបទប្បញ្ញត្តិនានា និងរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស សម្រាប់ថ្នាក់ដឹកនាំនារី ដើម្បីជួយឲ្យពួកគេ អាចបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យកាន់តែប្រសើរឡើង ព្រមទាំងរៀបចំវគ្គពិសេស សម្រាប់ស្ត្រី និងស្ត្រីវ័យក្មេង ហើយវាយតម្លៃលទ្ធផល ឲ្យបានជាក់លាក់។

៤, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តស្វែងយល់ អំពីស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មរបស់ស្ត្រីនៅជនបទ ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ ដោយត្រូវយកមាត្រាទី១៤ នៃអនុសញ្ញាស្តីពីការលុបបំបាត់ រាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងនារីភេទ (CEDAW) មកធ្វើជាគោល ដើម្បីពិនិត្យ និងតាមដាន។

៥, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បន្តពង្រឹងកិច្ចសហការល្អ រវាងមន្ត្រីនគរបាល និងតុលាការ ក្នុងការអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវទៅតាមសមត្ថកិច្ច និងតួនាទី ដែលបានកំណត់ក្នុងនីតិវិធីច្បាប់ជាធរមាន ដើម្បីធានាបាន ការស្វែងរកយុត្តិធម៌ ជូនភាគីពាក់ព័ន្ធ ហើយត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ព្រមទាំងបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ស្ត្រី និងកុមារ ដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់ ដើម្បីធានានូវភាពយុត្តិធម៌ និងពន្លឿនការដោះស្រាយ រឿងក្តីឲ្យបានឆាប់រហ័ស ជាពិសេសសំណុំរឿង ក្តីដែលពាក់ព័ន្ធទៅនឹងស្ត្រី។ ដោយ ឡែកក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ត្រូវបន្តខិតខំជួយសម្របសម្រួល ក្នុងការស្វែងរកសេវាផ្លូវច្បាប់ និងសេវាផ្សេងទៀត សម្រាប់ផ្ដល់ជូនដល់ស្ត្រីក្រីក្រ រងគ្រោះដោយអំពើហិង្សា ទាំងក្នុងករណីមានបណ្ដឹង និងក្នុងករណីមិនមានបណ្ដឹង។

៦, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តគ្រប់គ្រងឲ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុន ដែលបញ្ជូនពលករ ពលការិនី ទៅធ្វើការនៅក្រៅប្រទេស ដោយត្រូវសហការអោយបានល្អ ជាមួយក្រសួងពាក់ព័ន្ធក្នុងគណៈកម្មាធិការ ប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកតំណាងពីក្រៅប្រទេស ក្រសួង ស្ថាប័ន ពាក់ព័ន្ធនិងអាជ្ញាធរដែនដី ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ពលការិនី ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និង វិធានការនានា ក្នុងគោលដៅបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក ស្វែងរកការងារធ្វើនៅក្រៅប្រទេស។

៧, ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តរៀបចំនិងបង្កើនគម្រោងកម្មវិធី ដើម្បីជួយអភិវឌ្ឍន៍ជនពិការ ជាពិសេសស្ត្រី និងកុមារ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជា និងយកចិត្តទុកដាក់ លើការថែទាំជនរងគ្រោះ ដោយអំពើហិង្សា និងអំពើជួញដូរមនុស្ស ជាពិសេស កុមារា កុមារី ក្នុងមណ្ឌលនិងសហគមន៍ ដោយសហការ ជិតស្និទ្ធជាមួយអង្គការមនុស្សធម៌ ដែលមានឆន្ទៈ និងលទ្ធភាព និងតាមដានជាប្រចាំ។

៨, ដើម្បីរក្សានូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិ ក្រសួងព័ត៌មាន ក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តត្រួតពិនិត្យតាមដានជាប្រចាំ នូវខ្លឹមសាររូបភាព និងការសំដែងនូវកម្មវិធីនីមួយៗ ដែលបានផ្សព្វផ្សាយ តាមរយៈទូរទស្សន៍ និងវេទិកាផ្សេងៗទៀត។ ទន្ទឹមនេះ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធ ត្រូវពិនិត្យឲ្យបានម៉ត់ចត់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះខ្លឹមសារ និងរូបភាពដែលបាននិងកំពុងចាក់បញ្ចាំងតាមទូរទស្សន៍ ហើយមានលក្ខណៈរើសអើងចំពោះស្ត្រី បន្ទាបបន្ថោកប្រពៃណីវប្បធម៌ និងតម្លៃស្ត្រីខ្មែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរៀបចំគណៈកម្មាធិការចម្រុះ អន្តរ
ក្រសួង ដោយចាត់វិធានការ ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយរូបភាព អាសអាភាស តាមរយៈបច្ចេកវិទ្យា។ ក្រសួងធម្មការ និងសាសនា ត្រូវបន្តសកម្មភាពអប់រំឲ្យបានទូលំទូលាយ ទូទាំងប្រទេស តាមរយៈនាទីព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម។

៩,ក- គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបង្កើនចំនួនមន្ត្រីរាជការ ជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែង ឲ្យមានតំណាងស្ត្រី នៅគ្រប់រចនាសម្ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី មធ្យោបាយ ថវិកានិងផ្តល់ឱកាស ឲ្យមានសំឡេងស្ត្រីចូលរួម ផ្ដល់យោបល់ ក្នុងការសម្រេចតែងតាំង។ ពិនិត្យការតែងតាំងមន្ត្រីរាជការជាស្ត្រី ដែលមានសមត្ថភាពជំនួសមន្ត្រីជាស្ត្រីចូលនិវត្តន៍ ដែលរួមចំណែករក្សាបាននូវកំណើនចំនួនស្ត្រី ក្នុងតួនាទីមានសិទ្ធិសម្រេច។ បង្កើនសមត្ថភាពមន្រ្តីរាជការស៊ីវិល ជាស្ត្រីតាមរយៈ វគ្គបណ្ដុះបណ្ដាល ទាំងក្នុងនិងក្រៅប្រទេស។ យកចិត្តទុកដាក់ ជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្ត្រី សម្រាប់បន្តវេនលើគ្រប់វិស័យ ជាពិសេសនៅថ្នាក់ក្រោមជាតិ។ យកចិត្តទុកដាក់ចំពោះស្ត្រី មន្រ្តីរាជការស៊ីវិលជាស្ត្រី មុនចូលនិវត្តន៍ ដោយដំឡើងឋានន្តរស័ក្កិ និងថ្នាក់ក្នុងប្រភេទក្របខណ្ឌរបស់ខ្លួន តាមអតីតភាពការងារ ឲ្យស្របតាមគោលការណ៍។

ខ, ស្ថាប័នតុលាការ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គួរបន្តខិតខំបង្កើនចំនួនក្រឡាបញ្ជី មេធាវី ចៅក្រម និងនិស្សិតជាស្ត្រី ដើម្បីរួមចំណែក ផ្ដល់សេវាយុត្តិធម៌ ប្រកបដោយសមធម៌ និងប្រសិទ្ធភាពចំពោះករណី មានអំពើហិង្សា លើស្ត្រីនិងកុមារ។

១០, ក្រសួងអប់រំ យុវជននិងកីឡា ត្រូវបន្តពិនិត្យស្រាវជ្រាវស្ថានភាព និស្សិតជានារី ទាំងការលំបាក និងការងារ និងការងាយស្រួល ទាំងក្នុងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងគ្រឹះស្ថានរបស់រដ្ឋ និងគ្រឹះស្ថានឯកជន ដោយត្រូវធ្វើរបាយការណ៍ ដោយឡែក ដើម្បីមានវិធានការដោះស្រាយ។

១១, ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ ក្រសួងស្ថាប័នទាំងអស់គប្បីយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រី នៅគ្រប់កំរិត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថា ស្ត្រីត្រូវទទួលបានផលប្រយោជន៍ ពីការផ្ដល់សេវាសង្គម សេដ្ឋកិច្ច សេវារដ្ឋបាល និងសាធារណៈ ប្រកបដោយសមធម៌ ព្រមទាំងជំរុញ និងលើកកម្ពស់តួនាទីក្នុងការចូលរួម និងការទទួលបាននូវសុវត្ថិភាព ពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលមានក្រសួងមហាផ្ទៃ ជាស្នូលក្នុងការដឹកនាំ និងសម្របសម្រួល៕

សូមជួយស៊ែរព័ត៌មាននេះផង: