ចេញផ្សាយ ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }
ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
នេះជាលើទីមួយហើយ លោក ឈន សុភាន មេធាវី វ័យក្មេងកម្ពុជា បានចេញមុខ ត្រៀមប្តឹងចៅក្រម ទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូង រាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត មកតតាំងគ្នា ដោយលោកចោទថា មន្ត្រីតុលាការ ទាំង ៣នោះ បានឃុបឃិតគ្នា ធ្វើស៊ីដីនឹងផ្ទះកូនក្ដីខ្លួន ដែលដំណើរក្ដី ៦ឆ្នាំមកហើយនោះ នៅតែមិនទាន់ចប់នៅឡើយ។
យោងតាមលិខិតជូនដំណឹង ស្ដីពីការរំលោភបំពានច្បាប់ ដែលចេញដោយក្រុមហ៊ុន មេធាវីកម្ពុជា ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ ២០១៩ បានចោទមន្ត្រីតុលាការ ទាំង ៣រូបនោះ មានចៅក្រម ទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូង រាជធានីភ្នំពេញ បានបំពានច្បាប់កំពូល រហូតដល់ទៅ៨ នៃប្រទេសកម្ពុជា ដែលមានកំពុងនៅជាធរមាន ។
ច្បាប់កំពូលទាំង ៨ នោះមានដូចជា៖
១/ ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២/ ច្បាប់ស្ដីពី ការរៀបចំអង្គតុលាការ នៃព្រះរាជាណាចក្រកម្ពុជា ៣/ ច្បាប់ស្ដីពី លក្ខន្តិកៈ ចៅក្រមនិងព្រះរាជអាជ្ញា នៃព្រះរាជាណាចក្រកម្ពុជា ៤/ ច្បាប់ស្ដីពី ការរៀបចំនិងការប្រព្រឹត្តិទៅ នៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម នៃព្រះរាជាណាចក្រកម្ពុជា ៥/ ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៦/ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៧/ ក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ៨/ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាម ភរិយារបស់លោក យិន សុវណ្ណី បានទទូចស្នើសុំឲ្យប្រធានសាលាដំបូង រាជធានីភ្នំពេញ ជួយពិនិត្យសំណុំរឿងរបស់ខ្លួនឡើងវិញ បន្ទាប់ពីមន្ត្រី នៃសាលាដំបូង រាជធានីភ្នំពេញ ដែលកាន់សំណុំរឿង បានឃុបឃិតគ្នា បន្លំរឿងក្តីឲ្យលោក ឡៅ ស៊ុនប៉ា ដើម្បីបំពានយកផ្ទះ១ខ្នងរបស់លោកស្រី ដែលមានតម្លៃ ៥០ម៉ឺនដុល្លារ អាមេរិក។
ភរិយារបស់លោក យិន សុវណ្ណី បានបញ្ជាក់ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នេះថា ផ្ទះរបស់លោកស្រី នឹងត្រូវរឹបអូស លក្ខណៈអនុវត្តដោយបង្ខំ នៅថ្ងៃទី០៦ ខែមីនា តាមសំណុំរឿងអនុវត្តលេខ២១ ចុះថ្ងៃទី០៣-០៤-២០១៣ របស់សាលាដំបូង រាជធានីភ្នំពេញ ដែលសំណុំរឿងនេះ ជាសំណុំរឿងខុសច្បាប់ទាំងស្រុង ។
ជនរងគ្រោះ បានអះអាងថា ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជ
អាជ្ញារង និងមន្ត្រីអាជ្ញាសាលា ដែលកាន់សំណុំរឿងនេះ បានឃុបឃិតគ្នាបន្លំរឿងក្តី ដើម្បីចង់បានផ្ទះរបស់លោកស្រី ធ្វើឲ្យលោកស្រី ខាតបង់ពេលវេលាអស់៦ឆ្នាំ ខាតបង់ប្រាក់អស់ប្រហែល USD ១.០០០.០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) បាត់បង់ទាំងសុខភាព ព្រមទាំងជះឥទ្ធិពល ដល់ការប្រកបអាជីវកម្មផងដែរ។
លោក ឈន សុភាន មេធាវីបានបញ្ជាក់ថា តាមផ្លូវច្បាប់ អ្នកដែលកាន់សំណុំរឿង អនុវត្តដោយបង្ខំនេះ បានឃុបឃិតគ្នា បន្លំអត្ថន័យច្បាប់ ដែលជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់កំពូល ចំនួន៨ របស់ប្រទេសកម្ពុជា ដូចបានរៀបរាប់ខាងលើ។
លោក ឈន សុភាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ចៅក្រមទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា ដែលកាន់សំណុំរឿងអនុវត្តដោយបង្ខំនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសងសំណងជំងឺចិត្ត និងប្រាក់កាក់ទាំងអស់ដែលកូនក្តីខ្ញុំ (យិន សុវណ្ណី) បានខាតបង់ ដោយសារតែការចំណាយ ទៅលើរឿងក្តីនេះ ដែលជាសំណុំរឿង រំលោភបំពាន ច្បាប់កំពូល ទាំងចំនួន៨ បង្កឡើងដោយចៅក្រម ទទួលបន្ទុករឿងក្តី ព្រមទាំងព្រះរាជអាជ្ញារង និងមន្ត្រីអាជ្ញាសាលា នៃរឿងក្តីនេះ។
តាមការបញ្ជាក់ ពីលោកមេធាវី ឈន សុភាន លិខិតខាងលើ ដែលលោកជូនដំណឹងទៅ សាលាដំបូង រាជធានីភ្នំពេញនោះ លោកនិងចម្លងជូនលិខិតនោះ ទៅជូនស្ថាប័ន ចំនួន៣ ទៀត ក្នុងនោះ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ផងដែរ ៕