មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងបានប្រកាស​សាងសង់​ស្ពាន​ឆ្លង​ទន្លេសាប ដែលមាន​ប្រវែង ៣៩០០ ម៉ែត្រ និងផ្លូវជាង ៥៧ គីឡូម៉ែត្រ​ ត​ភ្ជាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ផងដែរ.!

នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង។

ពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដោយ
មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ តាមរបាយការណ៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអោយដឹងថា ពិធីបុណ្យនេះ ធ្វើឡើងក្នុងគោលបំណងធំ គឺជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្តីរីករាយក្រៃលែង ចំពោះការអញ្ជើញចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៥នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រសួង
ទេសចរណ៍ អាជ្ញាធរខេត្តកំពង់ឆ្នាំង ស្ថាប័នរដ្ឋ ឯកជន និងផ្នែកពាក់ព័ន្ធជាច្រើនទៀត ដែលបានចូលរួមក្នុងដំណើរការ នៃការប្រារព្ធនៃពិធីបុណ្យទន្លេនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា បុណ្យទន្លេនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការបំផុសចលនាជាតិអោយចេះស្រលាញ់ទន្លេ បឹង បួរ ក្នុងន័យរួមគ្នាថែរក្សា អភិរក្ស និងការពារអោយបានគង់វង្ស។ ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ ស្របពេលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយ សម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន។

ថ្ងៃនេះ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូ ក្នុងក្របខណ្ឌតំបន់នានាដូចជា ក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ដប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួមគ្នាថែរក្សាបរិស្ថាន ជាពិសេសតាមដងទន្លេ បឹង បួរ តាមរយៈការមិនចោលសំរាមក្នុងទន្លេ បឹង បួរ និងរួមគ្នាធ្វើអនាម័យអោយបានល្អ។ ហើយក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ចំនួន៥ ចំនុច ដូចខាងក្រោម៖

១, ត្រូវចូលរួមការពារសន្តិភាព អោយខានតែបាន ដើម្បីកុំអោយទន្លេយើងក្លាយទៅជា ទន្លេដែងរងគ្រោះ ដោយសារតែសង្គ្រាម ដូចពីអតីតកាល។ សូមប្រជាពលរដ្ឋ ត្រូវមើលអោយឃើញពីតម្លៃសន្តិភាព ជាពិសេស តម្លៃនៃការដាក់ចេញ នូវនយោបាយ ឈ្នះ-ឈ្នះ។

២, ត្រូវខិតខំរកប្រភពទុនមកទប់ទល់ ការបាក់ច្រាំងទន្លេ ដោយប្រការណាមួយ ទប់ស្កាត់ការការពារធនធានទន្លេ ដូចជាការពារការបូបខ្សាច់បែបអាណាធិបតេយ្យ ការរក្សាធនធានព្រៃឈើ និងធនធានត្រីក្នុងទន្លេ។

៣, ត្រូវខិតអភិវឌ្ឍវិស័យទេសចរណ៍ អោយបានច្រើនបន្ថែមទៀតនៅតាមដងទន្លេរបស់យើង ដូចជាការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតផលិតផលទេសចរណ៍តាមដងទន្លេ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

៤, ត្រូវចេះរៀចចំទេសចរណ៍ នៅនឹងកន្លែង តាមរយៈការបង្កើតកន្លែងទេសចរណ៍ ដោយមិនចាំបាច់សម្រាប់តែបំរើភ្ញៀវទេសចរណ៍បរទេសប៉ុណ្ណោះទេ តែក៏សំរាប់បំរើភ្ញៀវជាតិខ្លួនឯងផងដែរ ដូចជាភោជនីដ្ឋានដែលមានការទាក់ទាញបំផុតពីភ្ញៀវជាដើម។

៥ , ត្រូវរៀចចំប្រព័ន្ធការតភ្ជាប់តាមដងទន្លេ ដូចជាការធ្វើផ្លូវ និងស្ពានជាដើម ដើម្បីបង្កការងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ពីកន្លែងមួយ ទៅកន្លែងមួយ។

ក្នុងពិធីបុណ្យទន្លេ លើកទី៥ នៅ​ព្រលប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៩ នេះ ផងដែរ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានប្រកាស​សាងសង់​ស្ពាន​ឆ្លង​ទន្លេសាប ដែលមាន​ប្រវែង ៣៩០០ ម៉ែត្រ និងផ្លូវជាង ៥៧ គីឡូម៉ែត្រ​ ត​ភ្ជាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ ។

ការប្រកាស​របស់​សម្តេច​តេ​ជោ​ដូច្នេះ ត្រូវបាន​ធ្វើឡើង តាម​ការស្នើសុំ​របស់លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​បាន​ថ្លែង​សន្ទរកថា​ ក្នុង​ពិធី​បើក​ពិធីបុណ្យ​ទន្លេ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ។

​ក្រៅពី​ស្ពានបេតុង ដ៏វែងជាងគេ នៅកម្ពុជា​ ឆ្លងកាត់​ទន្លេសាប​នេះ​ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស អនុញ្ញាត​ឲ្យ​​សាងសង់​ផ្លូវ​កៅស៊ូ​ ជាង ៥៧ គ.ម ត​ភ្ជាប់​ពី​ស្ពាន​​​ថ្មី​នេះ ទៅកាន់​ក្រុងស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ​ផង​ដែរ​។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរបងប្អូនប្រជាពលរដ្ឋទៅទាំងប្រទេស ជាពិសេសក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ សូមជួបតែសេចក្តីសុខ សេចក្តីសម្រើនគ្រប់គ្នា។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបើកពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំចាប់ពីពេលនេះទៅ៕

Share on Facebook