នៅព្រឹកថ្ងៃទី២៥នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ { PPIU } ១,២៤៥នាក់ .!

ភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ { PPIU }  ១,២៤៥នាក់ នារី ៥៧២នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ផងដែរ។

លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៣នាក់ (នារី ១នាក់)។

លោកស្រីសាកលវិទ្យាធិការ បានបន្តឲ្យដឹងថា និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះ អ្នកមានការងារធ្វើស្មើនឹង ៨០.៨០ភាគរយ ក្នុងនោះកម្រិតបរិញ្ញាបត្ររង ស្មើនឹង ៧៨ភាគរយ កម្រិតបរិញ្ញាបត្រ ស្មើនឹង ៨១ភាគរយ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ស្មើនឹង ១០០ភាគរយ ដែលបានកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ ធានគារ ភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនឯកជន អង្គការជាតិ អន្តរជាតិ អាជីវកម្មផ្ទាល់ខ្លួន និងកំពុងបន្តការសិក្សា។

សូមបញ្ជាក់ថា សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា មានឈ្មោះបោះសំឡេងមួយ នៅក្នុងប្រទេសកម្ពុជា និងបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយ លោកស្រី ទេព កូលាប បានឲ្យដឹងទៀតថា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានអនុវត្តន៍នូវកម្មវិធីបណ្តុះបណ្តាលដោយផ្តោតទៅលើគុណភាពជាចម្បង ស្របនឹងចក្ចុវិស័យរបស់ខ្លួនជា «សាកលវិទ្យាល័យអនុលោមតាមស្តង់ដារជាតិ តំបន់ (អាស៊ាន) និងអន្តរជាតិ»។

លោកស្រីសាកវិទ្យាធិការបន្តថា ដើម្បីសម្រេចបានគុណភាពនៃការបណ្តុះបណ្តាលទាំងចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទានោះ សាកលវិទ្យាល័យ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់រៀបចំកម្មវិធី បរិស្ថាន និងរូបវ័ន្តក្នុងគោលបំណងគាំទ្រដល់ការរៀន និងបង្រៀនឱ្យកាន់តែប្រសើរជាបន្តបន្ទាប់។

ទន្ទឹមនឹងនោះ សាកលវិទ្យាល័យ ក៏បានទទួលការវាយតម្លៃគុណភាពអប់រំពីស្ថាប័នអប់រំជាតិចំនួន៣លើករួមមាននៅក្នុងឆ្នាំ២០០៦ និង២០១៦ វាយតម្លៃពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលើគុណភាពឆ្នាំសិក្សាមូលដ្ឋាន និងគ្រឹះស្ថានសិក្សាទាំងមូល។ ក្នុងឆ្នាំ២០១៨ បានទទួលការវាយតម្លៃជាលក្ខណៈអន្តរជាតិពីគណៈកម្មការអាស៊ាន-សហភាពអឺរ៉ុប (EU-SHARE)។

ក្នុងនោះសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់របស់ប្រទេសកម្ពុជា ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា១១ផ្សេងទៀត ក្នុងសហគមអាស៊ាន ដែលត្រូវបានទទួលពានរង្វាន់នៃការវាយតម្លៃគុណភាពអប់រំឆ្នាំ២០១៨ មានឈ្មោះថា «SHARE Institutional Assessmemt» របស់គម្រោង EU-SHARE។

បើតាមលោកស្រី ទេព កូលាប សាកលវិទ្យាធិការ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាប្រមាណ ៣,៩៧២នាក់ ក្នុងនោះនារី ២,១១២នាក់ ក្នុងនោះនិស្សិតបរទេសសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៤នាក់ (នារី ៨នាក់) មានជនជាតិថៃ ៥នាក់ នារី ៤នាក់, ឥណ្ឌូនេស៊ី ៣នាក់ នារី ២នាក់, ឡាវ ២នាក់ និងភូមិ ៤នាក់ នារី ២នាក់។ ជាមួយគ្នានេះ និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៩នាក់ នារី ៥នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យដៃគូតាមរយៈអាហារូបករណ៍ EU-SHARE ដោយហេតុថា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ត្រូវបានទទួលស្គាល់គុណភាព នៃការបណ្តុះបណ្តាលពីគណៈកម្មការវាយតម្លៃរបស់ EU-SHARE Program៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author