ចេញផ្សាយ ថ្ងៃអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក្ត ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN } ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000
ភ្នំពេញ ៖ ស្នងការងនៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ៦រូប នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ ត្រូវក្រសួងមហាផ្ទៃ ស្នើឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល ចាត់អញ្ជើញ មកបំភ្លឺនៅអគ្គាធិការដ្ឋាន ( អគារជាន់ទី៣ ) នៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណី បណ្តឹងអានាមិក ប្តឹងឯកឧត្តមស្នងការ ខេត្តកណ្តាល ១៦ករណីផ្សេងគ្នា។
លោកស្នងការរង ទាំង ៦នាក់ ដែលត្រូវចូលខ្លួន មកក្រសួងមហាផ្ទៃ រួមមាន៖ ទី១-លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង វេលាម៉ោង៨ព្រឹក ទី២-លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង វេលាម៉ោង៩ព្រឹក ទី៣-លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង វេលាម៉ោង១០ព្រឹក ទី៤-លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង វេលាម៉ោង១៤រសៀល ទី៥-លោកឧត្តមសេនីយ៍ត្រី សេង គីមឃន ស្នងការរង វេលាម៉ោង១៥រសៀល ទី៦-លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរង វេលាម៉ោង១៦រសៀល។
បើតាមប្រភពព័ត៌មាន ក្រសួងមហាផ្ទៃ បានចាត់ប្រតិភូ អធិការកិច្ច ធ្វើអធិការកិច្ច លើពាក្យបណ្តឹងអនាមិក របស់នាយ នាយរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ប្តឹងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយបានចោទប្រកាន់ថា ឯកឧត្តស្នងការប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួច ដែលមានរូបភាពផ្សេងៗគ្នា ចំនួន ១៦ករណី។
ករណីក្រសួងមហាផ្ទៃកោះហៅ លោកស្នងការរងចំនួន ៦នាក់ ចូលបំភ្លឺនៅក្រសួងមហាផ្ទៃ នៅថ្ងៃ២៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា នេះ លោកថាមិនបានដឹងទេ ករណីខាងលើ ទុកឲ្យជំនាញគេធ្វើទៅ។
ពាក់ព័ន្ធបណ្ដឹងអនាមិកនេះ លោកនាយ នាយរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ជាច្រើននាក់ បានបញ្ជាក់ប្រាប់ CSN យើងថា ក្នុងបណ្ដឹងមួយដែលផ្ញើជូនទៅ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ កន្លងមក នាយ នាយរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ជាច្រើននាក់ បានបដិសេធ នឹងលើកឡើងថា ពួកគាត់មិនបានធ្វើទង្វើឆ្កួត បែបនេះទេ ទៅរកឯណាមាន ថ្នាក់ដឹងនាំល្អបែបនេះ អ្នកដែលប្ដឹងនោះ បើចិត្តសឿង ប្ដឹងទល់មុខទៅ កំធ្វើលិខិតអនាមិក ផ្ដិតមេដៃគ្មានឈ្មោះ ហើយដាក់ថា នាយ នាយរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ប្តឹងលោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលអញ្ចឹង ធ្វើបែបនេះ វាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់មន្ត្រីស្អាតស្អំ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាលទាំងមូល។
ប្រភពពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ពាក្យបណ្ដឹងរបស់អនាមិក ខាងលើនេះ មានតែក្រុមមន្ត្រីនគរបាលស្រុកស្អាង មួយចំនួន ដែលមានចិត្តខឹងនឹង លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដកបញ្ឈជើង ព្រោះហេតុការណ៍នេះ បានផ្ទុះឡើង បន្ទាប់ពីលោកស្នងការខេត្ត បានចេញសេចក្តីសម្រេច ដកតំណែងមន្ត្រីនគរបាលស្រុកស្អាង ចំនួន ៣នាក់ រួមមាន៖ ទី១, លោក សេង សុជាតិ អតីតអធិការនគរបាល ស្រុកស្អាង ទី២, លោក ស៊ុប លាងសែ ឈ្មោះដើម ( ហូ សែ ) អតីតអធិការរង នគរបាលស្រុកស្អាង និងទី៣, លោក ជៃ សំអាត អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំបិល បន្ទាប់ពីរកឃើញថា ពួកគេមានការជាប់ពាក់ព័ន្ធ នឹងអំពើកាង បនល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋាន ដែលពួកគេគ្រប់គ្រង ។ ហើយត្រូវដកបញ្ឃរជើង នៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេមិនដែលបង្ហាញខ្លួនឡើយ ទោះបីកោះហៅ ប៉ុន្មានដងក៍ដោយ។
សូមជម្រាបថា លោក សេង សុជាតិ អតីតអធិការនគរបាលស្រុកស្អាង ជាប់ពាក់ព័ន្ធ បើកឲ្យមានល្បែងស៊ីសងខុសច្បាប់ គឺបញ្ជល់មាន់ និងវង់អាប៉ោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្គើនបទបញ្ជា និងអនុសាសន៍របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ មានដូចជា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅចំណុច ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល លេងយ៉ាងគគ្រឹកគគ្រេង រយៈពេល៥ថ្ងៃ ដោយមានអ្នកលេងប្រមាណ ៣០០នាក់ បែរជាមិនបង្ក្រាប រហូតកម្លាំងស្នងការខេត្តកណ្តាល បើកប្រតិបត្តិការបង្ក្រាប កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ ក្រៅពីទីតាំងជល់មាន់ អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ក៏នៅមានទីតាំងល្បែងស៊ីសងខុសច្បាប់ មួយចំនួន ទៀត នៅក្នុងស្រុកស្អាង ដូចជានៅឃុំស្វាយប្រទាល ឈ្មោះ ហុង ជាមេសង្វៀន និងនៅឃុំខ្ពប និងនៅឃុំទឹកវិល…។ល ។ ដែលក្នុងមួយវង់ៗ មនុស្សមិនក្រោម ២០០នាក់ ចូលលេងនោះទេ។ នៅស្វាយប្រទាល មានមេបាញ់
អាប៉ោង ឈ្មោះ ស៊ ម៉ាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ដោយបើកលេងនៅភូមិព្រែកតាតិន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ការអញ្ជើញលោកស្នងការង ចំនួន៦នាក់ នេះជានីតិវិធី របស់អធិការកិច្ច របស់ក្រសួងមហាផ្ទៃ។ ហើយឯកឧត្តមស្នងការ បានបន្តថា ករណីនេះ មិនមែនលោកស្នងការរងទាំង ៦នាក់នោះ ប្តឹងឯកឧត្តមទេ ព្រោះកន្លងមក អធិការកិច្ច បានចុះមកស៊ើបសួរម្តងរួចហើយ នៅស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។ ហើយឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល លោកបានបញ្ជាក់ថា លទ្ធផលយ៉ាងណានោះ រង់ចាំក្រោយការចូលបំភ្លឺ របស់លោកស្នងការរង ទាំង៦រូបនោះ ។ ហើយឯកឧត្តម លោកបានបញ្ជាក់បន្ថែមថា មាសសុទ្ធមិនខ្លាចភ្លើងទេ៕