ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱសានវាទ ទៅដល់ម្ចាស់រោងចក្រ, សហគ្រាស, ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវតែរៀបចំផ្លាស់ប្ដូរអាជីវកម្មរបស់ខ្លួន ទៅតំបន់ជាយក្រុងឲ្យអស់ នៅត្រឹមឆ្នាំ២០២១ ។
សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បានការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ឲ្យពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាសឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ទាំងអស់ ត្រូវផ្លាស់ប្ដូរអាជីវកម្ម ឲ្យបានមុនឆ្នាំ២០២១។
សេចក្ដីជូនដំណឹងបន្តថា រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ នឹងត្រូវផ្លាស់ប្ដូរឲ្យទៅស្ថិតនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងស្ថាបនាផ្លូវ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤+១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រ ) លេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិខេច៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣ និងរួចរាល់នៅឆ្នាំ២០២១ ខាងមុខ ។
យោងតាងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយផ្លូវក្រវ៉ាត់ក្រុងទី៣ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតិឲ្យចរាចរចូលទៀតឡើយ ។
















