មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពលរដ្ឋឃុំព្រែកជ្រៃ សុំណូមពរយ៉ាងទទូច ដល់ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ពិនិត្យមើលភាពមិនប្រក្រតី កំពុងកើតមានយ៉ាងពេញបន្ទុក នៅសហគមន៍ឡូត៍នេសាទលេខ១០

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ២០១៩ ដោយ៖ { CSN } ការិយាល័យទំនាក់ទំនង ផ្ដល់ព័ត៌មាន ទូរស័ព្ទលេខ 076 28 44444 / 097 777 6000

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល បានលើកឡើងថា ឆ្នាំកន្លងមក ក៍ដូចជាឆ្នាំ២០១៩ នេះ សហគមន៍នេសាទ អតីតឡូតិ៍លេខ១០ ដែលមានលោក សាំង រ៉ន ជាអ្នកគ្រប់គ្រង រយៈពេល ៤ឆ្នាំ មកហើយនោះ គ្មានប្រយោជន៍ សម្រាប់មូលដ្ឋាន ពោលគឺប្រយោជន៍ទាំងអស់ បានពីការប្រមូលផលត្រី ធ្លាក់ចូលហោប៉ៅ របស់ខ្លួនផ្ទាល់ នឹងបក្ខពួកខ្លួនទៅវិញ ។

ពលរដ្ឋបានលើកឡើងទៀតថា ក្នុងរយៈពេល ៤ឆ្នាំ ដែលលោក សាំង រ៉ន ធ្វើជាប្រធានសហគមន៍ , ប្រជាពលរ្ឋក្នុងភូមិព្រែកជ្រៃ ជាង ៤០០គ្រួសារ មានតែប្រជាជនប្រមាណ មិនដល់ ១០០គ្រួសារផង ដែលធ្លាប់ទទួលបានត្រីប្រហុក ពីលោក សាំង រ៉ន តែ៣០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយគ្រួសារ ក្រៅពីនោះ គឺសូន្យ សូម្បីតែ ១សេន លុយខ្មែរ ក៍គ្មានដែរ។

ពួកគាត់នាំគ្នាឆ្ងល់ថា ត្រីឡូតិ៍ លេខ១០ នេះ ត្រូវរាប់សិបតោន ក្នុងមួយឆ្នាំៗ រួមទាំងបង្កងផងនោះ តើប្រាក់ចំណេញ យកទៅណា បើការកសាងហេដ្ឋា រចនាសម្ព័ន្ធ ក្នុងមូលដ្ឋានក៍គ្មាន ហើយប្រជាពលរដ្ឋជាង៤០០គ្រួសារ ក៍មិនដែលទទួលបានអ្វីសោះនោះ។

ពលរដ្ឋខាងលើបានបន្តថា នៅពេលពួកគាត់ ចង់ទៅទិញត្រី មកធ្វើប្រហុកផ្អក ក៍មានការលំបាកដែរ ទម្រាំទិញបានមក ព្រោះគេមិនចង់លក់អោយពលរដ្ឋខ្មែរទេ ដោយសារប្រធានសហគមន៍រូបនេះ ជាប់កុងត្រា ជាមួយយួន យកលុយគេមុន មកទិញសម្ភារៈ ធ្វើស៊ង និង របាំងឆ្នួស សម្រាប់ចាប់ត្រី ។ ដូច្នេះត្រូវតែបង្ខំចិត្ត អោយយួន បានគ្រប់ចំនួនសិនទើបខ្មែរយើង អាចទិញបាន ម៉្លោះហើយពួកគាត់ ជួបការលំបាកពេក ឈប់ទៅទិញតែម្តង។

ពួកគាត់បានរិះគន់ទៀតថា ប្រធានសហគមន៍ លោក សាំង រ៉ន ធ្វើអ្វីៗអត្តនោម័តដោយខ្លួនឯង និងបក្ខពួកមួយចំនួនតូចប៉ុណ្ណោះ រាល់ការចំណាយចំណូល របស់សហគមន៍ ក្នុងមួយៗឆ្នាំនោះ ខាត ឬ ចំណេញខាងសហគមន៍ មិនដែលអោយប្រជាពលរដ្ឋដឹងឡើយ គឺត្រូវរ៉ូវគ្នា តែជាមួយលោក មេឃុំ ទេ?។

ប្រជាពលរដ្ឋក្នុង ឃុំព្រែកជ្រៃ ធ្លាប់បានដាក់លិខិត ស្នើសុំបោះឆ្នោត ជ្រើសតាំងប្រធានសហគមន៍ថ្មី ជូនលោកមេឃុំ ចំនួន៣ លើកមកហើយ តែមិនបានជោគជ័យទេ រហូតមកដល់ឆ្នាំ២០១៩ នេះ ដោយលោកមេឃំុបានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះ។ ចំណុចនេះហើយ ដែលធ្វើអោយពួកគាត់ ដាក់ការសង្ស័យថា លោកមេឃុំ និង លោក សាំង រ៉ន ជាបក្ខពួកនិយម ប្រព្រឹត្តនូវអំពើពុករលួយ ចែកផលប្រយោជន៍គ្នា ថែមទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ ពួកគាត់បានសុំណូមពរ យ៉ាងទទូចដល់លោក ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍ ក្នុងកណីខាងលើនេះផង ព្រោះថាសហគមន៍ឡូត៍លេខ១០ នេះ រយ:ពេល ៤ឆ្នាំហើយ មិនមានប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ នឹងសម្រាប់ឃុំព្រែកជ្រៃនោះទេ ។

តែទោះជាយ៉ាងណា ពាក់ព័ន្ធបញ្ហានេះ CSN មិនអាចស្វែងរកសុំការបកស្រាយពន្យល់ ពីលោក សាំង រ៉ន ប្រធានសហគមន៍នេសាទ ឡូត៍លេខ១០ ជុំវិញពាក់ព័ន្ធករណីនេះបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន ។

ដោយឡែក លោក ចាប ស៊ុយ មេឃុំព្រែកជ្រៃ បានមានប្រសាសន៍ថា ធម្មតាទេ ពលរដ្ឋខ្លះ គាត់មិនពេញចិត្តចឹងហើយ រាល់ការចោទប្រកាន់នោះ មិនពិតទេ ការចំណូលចំណាយនោះ សមាជិកក្នុងក្រុមវេននីមួយៗ ក្នុងសហគមន៍ គេដឹងច្បាស់ណាស់។ ហើយរីឯផលត្រី ដែលបាននោះសហគមន៍ បានលក់អោយក្រុមវេននីមួយៗ ដាច់ខានមិនលក់អោយយួនទេ តែត្រង់ថា ម្ចាស់វេនគេលក់បន្តទៀត ជាសិទ្ធិពួកគាត់។

លោកមេឃុំព្រែកជ្រៃ បានបន្តថា រឿងត្រីប្រហុក អោយតែពួកគាត់ទៅយក គេអោយ៣០ ទៅ៤០ គីឡូក្រាម គ្មានការឃុបឃិត គ្មានអ្វីទេ ។ ចំណែកការចង់ផ្លាស់ប្តូរតំណាងថ្មី ជាសិទ្ធិរបស់ពលរដ្ឋ ហើយបើមិនពេញចិត្តទេ អាចបោះឆ្នោតជាថ្មីបាន ។

ទន្ទឹមនេះ ប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ CSN ដឹងផងដែរថា សហគមន៍ឡូតិ៍នេសាទ ព្រែកតម្បាញ ឡូត៍លេខ៦ ឃុំព្រែកទន្លាប់ សហគមន៍ព្រែកថ្មី ស្រុកលើកដែក សហគមន៍ឡូតិ៍លេខ៩ និងលេខ១០ សុទ្ធតែប្រព្រឹត្តផ្ទុយពីគោលការណ៍ថ្នាក់លើ និងមានភាពមិនប្រក្រតីយ៉ាងច្រើន ដែលនាំអោយប៉ះពាល់សតិអារម្មណ៍ ប្រជាពលរដ្ឋផងដែរ ៕

 

Share on Facebook