មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​អាវុធហត្ថខេត្តបាត់ដំបង ដោយសារតែមិនព្រមកែប្រែកំហុសម្ដងជាពីរដង នាយឧត្តមសេនីយ៍ សៅ សុខា សម្រេចដាក់ទណ្ឌកម្មផ្នែកវិន័យ ធ្វើការ​ស្ដីបន្ទោស​ ជាលាយលក្ខណ៍អក្សរ លើកចុងក្រោយ

ចេញផ្សាយដោយ៖ គហទំព័រ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន 078 55 11 12 / 097 777 6000

ខេត្តបាត់ដំបង​ ៖ មេបញ្ជាការបងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅថ្ងៃទី១៧​ ខែ ធ្នូ ឆ្នាំ២០១៩ ត្រូវបានលោកមេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោក​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ធ្វើ​កិច្ចសន្យា​ជា​ថ្មី និង​ជា​លើក​ទី​២ ដោយសារ​តែ​មិន​ព្រម​កែប្រែ​កំហុសម្ដងជាពីរដង តាមកិច្ចសន្យា ដែល​បាន​ប្រព្រឹត្ត​ខុស​កន្លងមក។

ដោយយោងលើសេចក្ដីសម្រេច ដាក់ទណ្ឌកម្មផ្នែកវិន័យ ធ្វើការ​ស្ដីបន្ទោស​ ជាលាយលក្ខណ៍អក្សរ លើកចុងក្រោយ ចំពោះ​លោក​មេបញ្ជាការ​ខេត្ត​រូប​នេះ ដែល​មិន​គោរព​ច្បាប់​កង​កម្លាំង និង​មិន​ព្រម​គោរព​តាម​កិច្ចសន្យា​ ដែល​បាន​ប្រព្រឹត្ត​ខុស​លើក​ទី​១ ​។

បើយោងតាមសេចក្ដីសម្រេចស្ដីពី ការអនុវត្តទណ្ឌកម្មផ្នែកវិន័យ ចំពោះ​នាយទាហាន កងរាជអាវុធហត្ថ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ដោយ​លោក​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សម្រេច​ដាក់​ទណ្ឌកម្ម​វិន័យ ស្ដីបន្ទោស​ជា​លាយលក្ខណ៍អក្សរ ចំពោះ​លោក មាស សុវណ្ណ ហើយ​ថែម​បញ្ជា​ឲ្យលោកមេបញ្ជាការខេត្តរូបនេះ ធ្វើ​កិច្ចសន្យា​កែ​ប្រែ​កំហុស​ជា​ថ្មី​ទៀត ដែល​ជា​លើក​ចុង​ក្រោយ​ ។

សេចក្ដីសម្រេច​របស់​លោក​ឧត្តមសេនីយ៍ សៅ សុខា មាន ៤ប្រការ ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ លើលោកមាស សុវណ្ណ មេបញ្ជាការ​ខេត្ត គឺ​ប្រការ​១-​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ ធ្វើការ​ស្ដីបន្ទោស​ជា​លាយ​លក្ខណ៍អក្សរ​ជា​លើក​ចុង​ក្រោយ ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តបាត់ដំបង ដែល​មាន​កំហុស​ «ខ្វះ​ភាព​ស្មោះត្រង់​, រំលោភ​នីតិវិធី​ការងារ​ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់, អនុវត្ត​ផ្ទុយ​នឹង​បទបញ្ជា​មេបញ្ជាការ​ និង​គណ​:​កម្ម​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ពាក់ព័ន្ធ​នឹង​ការ​កំទេច​វត្ថុ​តាង​ ដែលជាបទល្មើសធនធានធម្មជាតិ»។

ប្រការ​២- លោកមាស សុវណ្ណ ត្រូវ​តែ​កែប្រែ​បន្ទាន់​នូវ​កំហុសឆ្គង ដែល​ខ្លួន​បាន​ប្រ​ព្រឹត្ត​កន្លង​ទៅ ហើយ​ត្រូវ​ពង្រឹង​ការ​គោរព​ច្បាប់ របៀបរបប​ការងារឱ្យ​ស័ក្ដិ​សមជា​យោធិន នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់ នៃ​កងរាជអាវុធហត្ថ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ នៃច្បាប់ស្ដីពីលក្ខន្តិក:​ទូទៅ​ ចំពោះយោធិន នៃកងខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ​ សម្រាប់​កង​យោធពលខេមរភូមិន្ទ​។

ប្រការ​៣- ការិយាល័យបុគ្គលិក នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​កត់ត្រា​នូវ​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​នេះ នៅ​ក្នុង​សៀវភៅ​សិក្ខាគារិក របស់កងរាជអាវុធហត្ថ ។

ប្រការ​៤- ក្រុមការងារអធិការកិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ផ្សព្វផ្សាយឱ្យ​បាន​ជ្រួត​ជ្រាប ដល់សាមីខ្លួន នូវសេចក្ដីសម្រេចនេះ ។

ជាមួយនឹង​ការ​ទ​ទួល​សេចក្ដីសម្រេច​នេះ នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ មេ​បញ្ជា ការ​លើ​ផ្ទៃ​ប្រទេស ក៏​តម្រូវ​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ធ្វើ​កិច្ចសន្យា​កែប្រែ​កំហុស​របស់​ខ្លួន​ជា​ថ្មី និង​ជា​លើក​ទី​២ ដែល​ជា​លើក​ចុង​ក្រោយ​ផង​ដែរ​។

ជាវិញបញ្ហានេះ CSN មិនទាន់អាចទំនាក់ទំនង សុំការពន្យល់បន្ថែម ពីលោកមាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្ត​បាន​ទេ ជុំវិញ​ការ​ដាក់​ទណ្ឌកម្មផ្នែកវិន័យ ពីថ្នាក់លើរបស់ខ្លួន នៅពេលនេះ ​។ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ព័ត៌មាន កិច្ចសន្យា​លើក​ទី​២ ដែល​លោក​មេបញ្ជាការ​លើ​ផ្ទៃ​ប្រទេស តម្រូវឱ្យ​លោក​មេបញ្ជាការ​ខេត្ត​ ត្រូវតែធ្វើ ដើម្បី​កែប្រែ​កំហុស​ជា​លើក​ចុង​ក្រោយ ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស​ម្ដង​ជា​ពីរ​ដង ​មិន​ព្រម​កែខ្លួន​។

លោក មាស សុវណ្ណ យល់ព្រម​ធ្វើ​កិច្ចសន្យា​ទ​ទួល​ស្គាល់​កំហុស​របស់​ខ្លួន​ នៅចំពោះមុខមេបញ្ជាការកង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ភ្ជាប់​លក្ខ​ខ​ណ្ឌ ចំនួន០៥ចំណុច។ ក្នុង​ចំណោម​លក្ខ​ខ​ណ្ឌ​​ទាំងនេះ ត្រង់​ចំណុច​ទី​៤ គឺ​លោក​មេបញ្ជាការ​ខេត្ត​បាន​សន្យា «មិន​ឱ្យ​ករណី​បែប​នេះ​កើត​ឡើងជា​ថ្មី​ដាច់ខាត​» ។ ដោយឡែក​ចំណុច​ទី​០៥ លោក​បាន​សន្យា« បើសិនជាថ្ងៃក្រោយ ខ្ញុំបាទ​ធ្វើ​ខុស​ពី​កិច្ចសន្យា​នេះ ខ្ញុំបាទ​សូម​ទ​ទួល​ខុស​ត្រូវ​ទាំងស្រុង​ ចំពោះមុខលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន» ។

បើ​តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ បានឲ្យដឹងថា កាលពី​អំ​ឡុង​ខែសីហា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ឧត្តម​សេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ជាង​១០​នាក់​ទៀត ធ្លាប់​ត្រូវ​បាន​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​រយៈ​ក្រុម​អធិការកិច្ច របស់អង្គភាព ចុះធ្វើការស្រាវជ្រាវ និង​បាន​រក​ឃើញ​កំហុស​ជា​ច្រើន​ករណី ហើយ​ថ្នាក់ដឹកនាំ ថែម​ទាំង​តម្រូវ​ឲ្យ​លោក​មេបញ្ជាការ​ខេត្ត​រូប​នេះ រួម​ទាំង​មន្ត្រី​ក្រោម​ឱវាទ​ទាំង​ជាង​១០​រូប​នោះ ធ្វើ​កិច្ចសន្យា ដើម្បី​កែប្រែ​កំហុស​របស់​ខ្លួន ដែលបានប្រព្រឹត្តខុសទៀតផង។

ប៉ុន្តែ​ក្រុម​មន្ត្រី​មាន​កំហុស​ទាំង​ជាង​១០​រូប​នោះ ​មួយ​ចំនួន​រាប់​ទាំង​លោក​មេបញ្ជាការ​ខេត្ត​ផង ហាក់​មិន​បាន​គោរព ឬអនុវត្ត​តាម​កិច្ចសន្យា​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ លោក​មេបញ្ជាការ​ខេត្ត និងមន្ត្រី​ក្រោម​ឱវាទ​ប៉ុន្មាន​រូប​ទៀត បែរជា​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​សារ​ជា​ថ្មី​ទៀត ដែល​នាំ​ឲ្យ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សម្រេចចេញ​សេចក្ដីសម្រេច​ ជាលើកចុងក្រោយ ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ និង​ស្ដីបន្ទោស​ជា​លាយ​លក្ខណ៍អក្សរ​ ចំពោះ​លោក មាស សុវណ្ណ មេបញ្ជាការ​ខេត្ត រួម​ទាំង​មន្ត្រី​របស់​លោក ប៉ុន្មានរូបទៀត ថែម​ទាំង​បញ្ជា​ឲ្យ​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​២ ដើម្បី​កែប្រែ​កំហុស​ ដែលបានប្រព្រឹត្តម្ដងជាពីរដង មិនព្រមកែប្រែ។

បើ​យោង​លើ​សេចក្ដីសម្រេច និងកិច្ចសន្យា​លើក​ចុង​ក្រោយ​នេះ គឺ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ទាំងនេះ នឹង​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ឬទ​ណ្ណ​កម្ម​ផ្នែក​វិន័យ​របស់​កងកម្លាំង​ជា​ធរមាន ​ដោយ​គ្មាន​ការ​លើកលែង​ជា​លើក​ទី​៣​ឡើយ ប្រសិនបើ​មិន​ព្រម​កែប្រែ ក្នុង​នាមខ្លួន​ជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​ ៕

Share on Facebook