ជនសង្ស័យរត់បាត់ទាំងដៃជាប់ខ្នោះ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ១ បានត្រឹមតែបញ្ឈរភ្នែកដាក់គ្នា

ចេញផ្សាយដោយ៖ ការិយាល័យ ស៊ី អេស អិន ( CSN ) ការិយាល័យទំនាក់ទំនងផ្ដល់ព័ត៌មាន ចាងហ្វាងការផ្សាយ លោក បាន គន្ធី ទូរស័ព្ទ លេខ : 076 28 44444 / 097 777 6000

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ រត់គេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ចេញពីប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍នេះ បានកើតឡើង យប់រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រោយពីឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងបទល្មើស លួចគាស់ទ្វាររថយន្ត យកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដោយមានការធ្វេសប្រហែស ពីមន្ត្រីសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លោកចោរមានឱកាស រត់បាត់ពីប៉ុស្តិ៍តែម្ដង។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រងគ្រោះ ចាប់ឃាត់ខ្លួនបាន ខណៈដែលកំពុងធ្វើសកម្មភាព គាស់ទ្វាររថយន្ត លួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពបន្តថា បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿង រួចរាល់ហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំខ្លួនទុកចោលនៅជាន់ទី១ លុះដល់អធ្រាត្រថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ត្រូវនាំខ្លួនជនសង្ស័យ ទៅប្រគល់ឲ្យផ្នែកជំនាញ ឡើងទៅយកជនសង្ស័យ ស្រាប់តែបាត់ជនសង្ស័យ មន្ត្រីនគរបាលប៉ុស្តិ៍ ចោមចៅ១ បានត្រឹមតែបញ្ឈរភ្នែកដាក់គ្នាតែប៉ុណ្ណោះ៕

សូមជួយស៊ែរព័ត៌មាននេះផង: