សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាប្រទេសក្រ តែចិត្តធំ រាល់អ្នកកើតជំងឺកូវីដ១៩ លើដីកម្ពុជា ត្រូវទទួលបានការព្យាបាល ដោយមិនបង់ថ្លៃ…

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានប្រសាសន៍ថា បើទោះបីជាប្រទេសកម្ពុជាក្រក៏ពិតមែន ប៉ុន្តែកម្ពុជា មានទឹកចិត្តធំ រាល់ការព្យាបាលអ្នកកើតជំងឺកូវីដ១៩ លើទឹកដីកម្ពុជា មិនត្រូវបានគិតប្រាក់ទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា « ខ្ញុំសុំប្រកាស យើងក្រ តែចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល។ នយោបានេះ គឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម បានប្រកាសថា ជនជាតិបរទេស ដែលកើតជំងឺនេះ ត្រូវចេញលុយព្យាបាលខ្លួនឯង។ កម្ពុជាជា ប្រទេសមួយក្រ សុំប្រកាសថា ជនជាតិបរទេស ដែលឈឺ [ កូវីដ១៩ ] ក្នុងទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាល ពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបង់ថ្លៃ នេះជាគោលនយោបាយរបស់យើង»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា ការព្យាបាលជំងឺ ដល់ជនបរទេស ដែលកើតជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ និងការជាការងារ មនុស្សធម៌ សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យដល់ក្រុមគ្រួសារពេទ្យកម្ពុជា សូមមើលថែទាំអ្នកជំងឺកូវីដ១៩ ឲ្យបានល្អ ពិសេសយកចិត្តទុកដាក់ ចំពោះអាហារសម្រាប់ជនបរទេស ដែលខុសប្លែក ពីម្ហូបអាហារ របស់ប្រជាពលរដ្ឋក្នុងស្រុក៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author