ភ្នំពេញ៖ ពលរដ្ឋមានការភ្ញាក់ផ្អើលទាំងព្រលឹម កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២០ នេះ ដោយជនសង្ស័យម្នាក់ ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ឃុំឃាំង នៃប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភព ពីមន្ត្រីនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ២ បានឲ្យដឹងថា មានករណី ជនសង្ស័យ ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន ពិតប្រាកដមែន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹង របស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើត របស់ជនសង្ស័យ បានរៀបរាប់ប្រាប់បុគ្គលិក របស់អង្គការស្គុតថា ឪពុករបស់ខ្លួន បានចាប់រំលោភនាង បានសម្រេច២ដង មកហើយ។
តែទោះយ៉ាងណា សមត្ថកិច្ចរូបនេះ មិនបានបង្ហើប ឲ្យដឹងពីអត្តសញ្ញាណ ជនសង្ស័យ នៅឡើយទេ។
ប្រភពខាងលើ បានបន្តឲ្យដឹងថា ជនសង្ស័យ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានសួរនាំ ក៍បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភ កូនស្រីរបស់ខ្លួន ពិតប្រាកដមែន។ បន្ទាប់ពីបានសារភាព ចម្លើយរួចរាល់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យ២ ក៍បានកសាងសុំនុំរឿង ចាត់ការតាមនិតិវិធី។
ប្រភពបន្តថា ជនសង្ស័យ ទំនងជាមានការខ្មាសអៀន នឹងទង្វើររបស់ខ្លួន ដែលធ្វើទៅលើកូនស្រីបង្កើត របស់ខ្លួនបែបនេះ ទើបជនសង្ស័យ បានសម្រេចចិត្តចង.ក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ឃុំឃាំងតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យ កោសល្យវិច័យ ស្នងការនគរបាល រាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះមកពិនិត្យសព នៅក្នុងបន្ទប់ឃុំឃាំង ប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី២ បញ្ជាក់ថា សពជនសង្ស័យ ខាងលើនេះ ពិតជាបានធ្វើ អត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន។
តែទោះយ៉ាងណាក្ដី ពាក់ព័ន្ធករណី ជនសង្ស័យ ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំង ខាងលើនេះ មហាជនជាច្រើន បាននាំគ្នលើកឡើងថា ករណីនេះ អាជាកំហុស របស់លោកនាយនគរបាលប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យ២ ជាអ្នកទទួលខុសត្រូវ ក្នុងករណីនេះ ព្រោះថា នេះជាការធ្វេសប្រែស មិនយកចិត្តទុកដាក់ របស់លោកនាយប៉ុស្តិ៍ បណ្ដោយមន្ត្រីក្រោមឱវាទរបស់ខ្លួន យកជនសង្ស័យ ដាក់ឃុំឃាំង គ្មានការប្រុងប្រយ័ត្ន រាល់វត្ថុ ដែលអាចធ្វើអត្តឃាតបាន ដូចជា៖ ខោជើងវែង ឬ អាវដៃវែង ជាប់នឹងខ្លួនជនសង្ស័យ, ខ្សែរគោល, ខ្សែរជ័រ, ខ្សែរភ្លើង, ។ល។ វត្ថុទាំងនេះហើយ ដែលសមត្ថកិច្ច យកចិត្តទុកដាក់បំផុតនោះ ៕