មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សូមប្រុងប្រយ័ត្ន កំប្រហែស! ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ១៩ ជាស្ត្រី ១ករណីទៀតហើយ

(ភ្នំពេញ) ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន ១ករណីទៀត ដែលជាស្ត្រីខ្មែរ ត្រឡប់មកពីសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលព័ត៌មានយើងទទួលបាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរ តាមសាធារណរដ្ឋកូរ៉េ និងបានមកដល់កម្ពុជា
តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

តាមព័ត៌មាន ផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក ( ទីក្រុងញូវយ៉ក ) តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទ ជើងហោះហើរ ធ្វើដំណើរត្រឡប់មកវិញមិនបាន។ ហើយពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅ ដាច់ដោយឡែក ដោយ
ខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និងធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាន នៅ ពេលនោះ។

គ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័ក ឱ្យគ្រប់ ១៤ថ្ងៃ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់ មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យ យកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល
វិជ្ជមានវីរុសកូវីដ-១៩។ ហើយក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ១២៤នាក់ ( ស្រី ៣៩នាក់ និងបុរស ៨៥នាក់) ព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១២២នាក់ និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួន ០២នាក់ ( ស្ត្រី ០១នាក់ និងបុរស០១នាក់ )។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារ ខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ និងការពារកុំឱ្យមានរលកទីពីរ នៃការចម្លងវីរុសនេះ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលបានផ្តល់ជាហូរហែររួចមកហើយ៕

Share on Facebook