ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥០គ្រួសារ

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំជូតទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល និង លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥០គ្រួសារ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានប្រារព្វធ្វើឡើងនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នាឱកាសនេះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព អនាម័យខ្លួនប្រាណ អនុវត្តឱ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។

ជាការផ្តាំផ្ញើ និងឆ្លើយតប ចំពោះសំណូមពរ របស់តំណាងប្រជាពលរដ្ឋនាពេលនេះ ឯកឧត្តម បានសន្យា និងចាត់ឱ្យក្រុមការងារ ជំនាញពាក់ព័ន្ធ ចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុង ចំនួនពីរខ្សែ ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំនេះ បានប្រើប្រាស់ផងដែរ។
នាពិធីនេះដែរ ឯកឧត្តម បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋ ទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ១០ម៉ឺនរៀល៕

សូមជួយស៊ែរព័ត៌មាននេះផង: