មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតចៅហ្វាយខេត្តឧត្ដរមានជ័យ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅរបស់តុលាការ

ភ្នំពេញ៖ សំណុំរឿងដែលតុលាការបានចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតចៅហ្វាយខេត្តឧត្ដរមានជ័យ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការបញ្ហាលក់ដី មិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

ជាក់ស្តែង កាលព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ លោក ស ថាវី បានបង្ហាញខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅ របស់តុលាការ ខណៈមនុស្សដែលពាក់ពន្ធ័ក្នុងសំណុំរឿងនេះ ចំនួន ២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។

សូមជម្រាបថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានឃើញដីការបញ្ជូនរឿង ឲ្យស៊ើបសួរ លេខ១២១១ អ.យ.ឃចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ របស់តំណាងអយ្យការ»។ ហើយក្រោយពីពិនិត្យសំណុំរឿងចប់សព្វគ្រប់ ឃើញថា ឈ្មោះ អ៊ុក ភក្តី ភេទប្រុស ត្រូវចោទប្រកាន់ពីបទ « លួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន » នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។ ហើយជាមួយគ្នានេះដែរ លោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធរ ក៏បានចេញដីកាដូចគ្នានេះ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ម៉ាត់ ឌី ក្រោមបទចោទ « លួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន » ដូចគ្នានឹងខ្លឹមសារដីកាចាប់ខ្លួនឈ្មោះ អ៊ុក ភក្តី ផងដែរ។

គួរលឹកថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តុលាការបានចេញដីការបង្គាប់ ឲ្យឃុំខ្លួនមនុស្ស ៣នាក់រួមមាន៖
ទី១. ឈ្មោះ ឡុង ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ
ទី២. ឈ្មោះ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ
នឹងទី៣. ឈ្មោះ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ក្រោមបទចោទប្រកាន់ « លួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន » តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល ខណៈជនត្រូវចោទ ចំនួន ៦នាក់ទៀត កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់តុលាការ។

ការសម្រេចឃុំខ្លួន ក្រុមជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អតីតចៅហ្វាយខេត្តឧត្ដរមានជ័យ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពាក់ក្រុមជនត្រូវចោទនេះដែរ លោក ស ថាវី អតីតចៅហ្វាយខេត្តឧត្តរមានជ័យ ផងនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន »។ ហើយចំណែកបក្ខពួកផ្សេងទៀត ដែលក្នុងនោះមាន ៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ហើយដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់ បើកការស៊ើបសួរ លើមនុស្សមួយចំនួនដូចខាងក្រោម៖

ទី១. លោក ស ថាវី អាយុ៥៣ឆ្នាំ ( ក្រៅឃុំ )
ទី២. លោក ឡុង ដារ៉ា ហៅ ណាង ( ឃុំខ្លួន )
ទី៣. លោក ប៉ូច ថេន អាយុ៥២ឆ្នាំ ( ឃុំខ្លួន )
ទី៤. លោក ឡូញ រស់ អាយុ៤០ឆ្នាំ ( ឃុំខ្លួន )
ទី៥. លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ ( ក្រៅឃុំ )
ទី៦. លោក យិន អ៉ិម ( ក្រៅឃុំ )
ទី៧. លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ ( ក្រៅឃុំ )
ទី៨. លោកស្រី យស់ ម៉ាលីណា ( ក្រៅឃុំ )
ទី៩. និង គូកន ( ក្រៅឃុំ )។

ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជាអ្នកកាន់សំណុរឿង ខាងលើនេះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមានដីកាពីតុលាការ បង្គាប់ឲ្យចាប់ខ្លួន អ្នកនៅសេសសល់ ពាក់ព័ន្ធសំណុំរឿងខាងលើនេះ លោកនឹងស្វែងរកចាប់ខ្លួន អ្នកទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Share on Facebook