ACU ចាប់ខ្លួនអ្នកកាសែត ២នាក់ នៅខេត្តកំពត ម្នាក់ជាសហការី ទូរទស្សន៍ហង្សមាស និងម្នាក់ទៀត ជាសហការី ទូរទស្សន៍ប៉ុស្តិ៍លេខ៩

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល

កំពត ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ បានចាប់ខ្លួនអ្នកយក ព័ត៌មានពីរនាក់ នៅខេត្តកំពត ពីបទជម្រិតទារប្រាក់ ម្នាក់ជាសហការីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ និងម្នាក់ទៀត ជាសហការីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មី ។

មន្ត្រីជាន់ខ្ពស់នៅខេត្តកំពតមួយរូប បានថ្លែងឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយពិតជាមានការចាប់ខ្លួន អ្នកយកព័ត៌មាន ២នាក់ នៅខេត្តកំពត ពីបទជម្រិតទារប្រាក់ ប៉ុន្តែមិនទាន់ដឹងពីដំណើររឿងលម្អិតនៃការចាប់ ខ្លួននេះទេ ។

មន្ត្រីជាន់ខ្ពស់ដដែលនេះ បានបញ្ជាក់ថា អ្នកយកព័ត៌មានម្នាក់ឈ្មោះ ហុក លី ជាសហការីរបស់ស្ថានីយ៍ទូរ ទស្សន៍ប៉ុស្តិ៍លេខ៩ និងឈ្មោះ ស ស៊ុនលី ជាសហការីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មី ។

យ៉ាងណាក៏ដោយ ជុំវិញនៃការចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយ ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាន នៅឡើយទេ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដោយទូរស័ព្ទរបស់លោកជាប់រវល់ ។ ដោយឡែក រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទរបស់លោក ទំនាក់ទំនងមិនចូល ។

ជុំវិញការចាប់ខ្លួន សហការីរបស់ខ្លួនប្រចាំខេត្តកំពតនោះ លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បាននិយាយថា លោកពុំទាន់ទទួលបានព័ត៌មានខាងលើនេះ នៅឡើយទេ លោកនឹងសួរនាំសិន ។ លោក មាស រិទ្ធី ដែលបង្ហាញការភ្ញាក់ផ្អើល នៅពេលឮព័ត៌មានថា ACU ចាប់ខ្លួនសហការីរបស់លោកនោះ បានបង្ហាញការ គាំទ្រ បើសិនសហការីរបស់លោកពិតជាប្រព្រឹត្តទង្វើបែបនេះមែន ផ្ទុយពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នក យកព័ត៌មាន។

យ៉ាងណាក៏ដោយ ជុំវិញនៃការចាប់ខ្លួន និងដំណើររឿងលម្អិតនោះ មិនទាន់មានការបញ្ជាក់ណាមួយពីសមត្ថ កិច្ច ក៏ដូចជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ ៕

សូមជួយស៊ែរព័ត៌មាននេះផង: