កំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញដឹកនាំមន្ត្រីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព បាក់ស្រុតលូបង្ហូរទឹកស្អុយ ដែលបណ្តាលឲ្យរងការខូចខាត សួនច្បារមាត់ទន្លេ ស្ថិតក្នុង ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញ ចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតំបន់ក្បែរនោះ និងបានចាត់ឲ្យមន្ទីរសាធារណការ កសាងលូបង្ហូទឹកស្អុយ ( ជំនាន់បារាំង ) ដែលបានបាក់ស្រុតនោះឡើងវិិញ នៅក្រោយបុណ្យភ្ជុំបិណ្ឌ ដោយត្រូវចំណាយថវិកា របស់រដ្ឋបាលខេត្ត។
គួរបញ្ជាក់ថា ៖ ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ នឹង ២៥នាទី រំលងអាធ្រាត្រ មានភ្លៀងមួយមេធំ បណ្តាលឲ្យបាក់លូបង្ហូរទឹកស្អុយ កសាងតាំងពីជំនាន់បារាំង ចូលទន្លេ ទំហំ ៧ម៉ែត្រ គុណ ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ និង បណ្តាលឲ្យធ្លាក់កប់ម៉ូតូ ០១គ្រឿង ម៉ាកវេវ តែមិនបង្កឲ្យមានគ្រោះថ្នាក់ ដល់មនុស្សឡើយ៕