ភ្នំពេញ ៖ តាមរយៈលិខិតបដិសេធ ដែលព័ត៌មានយើង ទើបទទួលបាន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។ ហើយទម្ទឹមនឹងនេះផងដែរ ក្រសួងរ៉ែ និងថាមពល តាមរយៈមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី ក៍បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មាន ដែលចោទប្រកាន់ថា មានការជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី ដែលនាំឲ្យធនធានធម្មជាតិ ក្នុងខេត្តនេះ ប្រឈមនឹងការបាត់បង់។
តាមរយៈលិខិតបដិសេធ មន្ទីររ៉ែ នឹងថាមពល ខេត្តមណ្ឌលគិរី ដែលអង្គភាពគេហទំព័រ CSN ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបដិសេធយ៉ាងដូច្នេះថា ចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទ ដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រ ខេត្តមណ្ឌលគិរីឡើយ។ ហើយខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណៈមតិ ឲ្យមានការយល់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញ គ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី។
ជាមួយការច្រានចោលព័ត៌មាននេះ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានអំពាវនាវដល់សមត្ថកិច្ច តាមស្វែងរកជនផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតបំពុលសង្គម ដោយចុះផ្សាយព័ត៌មានមិនពិត យកផ្តន្ទាទោសទៅតាមច្បាប់។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណនី Facebook «Gỗ Đá Đăng Tâm» របស់ជនជាតិចិនវៀតណាមមួយរូប ជាអ្នករកស៉ីត្បូង បានបង្ហោះបង្ហាញសកម្មភាពជីកត្បូងថ្ម ហើយបាន «ដាក់ទីតាំង (Check in)» នៅក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ហើយការបង្ហោះរូបភាព ដោយដាក់ ( Check in ) នៅក្នុងខេត្តមណ្ឌលគិរី នាំឲ្យមានការប្រតិកម្មខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយ ឲ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។
បន្ទាប់ពីឃើញមានប្រតិកម្មបែបនេះ ម្ចាស់គណនី Facebook រូបនេះ ក៏បានចេញមកកែតម្រូវ ហើយក៏បានសុំទោសផងដែរ ចំពោះកំហុសឆ្គងរបស់ខ្លួនសម្រាប់ការ ( Check in ) ដែលនាំឲ្យមានការភ័ន្ដច្រឡំ។ ហើយបុរសជនជាតិវៀតណាមរូបនេះ បានបញ្ជាក់ថា ថ្មត្បូងទាំងអស់នេះ ខ្លួនបាននាំមកពីប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៉ីជាដើម៕