ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានសរុប ៣០០ នាក់ ( ស្ដ្រី ៦០នាក់ បុរស ២៤០នាក់)។ហើយក្នុងនោះ ក៏មានអ្នកព្យាបាលជាសះស្បើយ មានសរុប ២៨៨ នាក់ផងដែរ។ ខណៈនៅអ្នកឆ្លង ចំនួន ១២នាក់ ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្ដិភាពខ្មែរ-សូវៀត។
យ៉ាងណាមិញ ថ្មីៗនេះ លោកជំទាវ ឱ វណ្ឌឌីន បានឲ្យសារព័ត៍មាន ក្នុងស្រុកមួយឲ្យដឹង នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតថា ក្នុងការហាមមិនអនុញ្ញាត ឲ្យមានកម្មពិធីប្រមូលផ្តុំ ដែលមានមនុស្សច្រើន ។
លោកជំទាវបានបន្តឲ្យដឹងទៀតថា « ក្រសួងតែងតតែអំពាវនាវ ឲ្យបងប្អូនកាត់បន្ថយ ការជួបជុំគ្នា ជាលក្ខណះទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នា ត្រូវអនុវត្តរក្សាគម្លាត បុគ្គល ពី១ម៉ែត្រកន្លះ ឡើងទៅ និងអនុវត្តវិធានការ សុខាភិបាល » ។
ការបញ្ជាក់របស់អ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល បន្ទាប់ពីគេសង្កេតឃើញថា កម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេង ដែលមានការជួបជុំ មានមនុស្ស គ្នាច្រើន បានមានច្រើនជាបន្តបន្ទាប់ ៕