មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យនាយការិយាល័យ សេនានុព័ន្ធកងទ័ព ភូមិន្ទថៃ ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យ សេនានុព័ន្ធកងទ័ព ភូមិន្ទថៃ ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួនលោក វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបបានតែងតាំងថ្មី ជាសេនានុព័ន្ធកងទ័ព ជើងអាកាស និងជានាយរងការិយាល័យ សេនានុព័ន្ធកងទ័ព ភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួប ដែលបានធ្វើឡើង នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ ចំពោះលោកវរសេនីយ៍ឯក អនិរុទ្ទ រដ្ឋ:ផន ដែលទើបតែងតាំងថ្មី មកបំពេញបេសកកម្មការទូត នៅកម្ពុជា ដោយឯកឧត្ដម នាយឧត្ដមសេនីយ៍ បានមានជំនឿយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កងទ័ពប្រទេសទាំងពីរ តែងបានរួមគ្នាបង្កើន នូវកិច្ចសហប្រតិបត្តិការជាមួយគ្នា បានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម ជាពិសេសកិច្ចទំនាក់ទំនង នៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

នាឱកាសនោះដែរ លោកវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ និងបណ្ដាអង្គភាព ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានា បានល្អក្នុងពេលកន្លងមក៕

Share on Facebook