មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សូមឯកឧត្តម ឯម កុសល ស្នងការខេត្តកំពង់ចាម ពិនិត្យមើលភាពមិនប្រក្រតី របស់លោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃជាបន្ទាន់ផងទាន

ខេត្តកំពង់ចាម៖ រថយន្តរបស់អ្នកសារព័ត៌មាន ១គ្រឿង ម៉ាកលុច្សស៊ីស RX300 ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2S 9688 ត្រូវបានក្រុមកាងល្បែងមានគ្នា ៣នាក់ ប្រដាប់ដោយដំបង វ៉ៃកម្ទេចកញ្ចក់រថយន្ត ខាងក្រោយ និងចំហៀង ខូចខាតតាំងស្រុង ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទិ៣១ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០នាទី ខណៈក្រុមអ្នកសារព័ត៌មាន ចុះបំពេញបេសកកម្ម នៅចំណុចច្រកចូល សង្វៀនបញ្ជល់មាន់មួយកន្លែង ដែលស្ថិតនៅ ភូមិឈើទាល ឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមសម្ដីជនរងគ្រោះ ដែលជាអ្នកសារព័ត៌មាន បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោកបានទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋថា នៅទីតាំងខាងលើនេះ មានការជួបជុំ លេងល្បែងសងបញ្ជល់មាន់ យ៉ាងគគ្រឹកគគ្រេង ផ្គើនទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ដោយមិនខ្លាចការរីករាលដាល ជំងឺកូវីដ-១៩ នោះទេ។

ប្រភពបានបន្តថា ខណៈកំពុងបើករថយន្ត ចូលទៅទីតាំងសង្វៀនជល់មាន់ ស្រាប់តែមានមនុស្ស ២-៣នាក់ យកម៉ូតូមកដាក់ពីមុខរថយន្ត ហើយមានម្នាក់ ក្នុងចំណោម ៣នាក់ បានដើរមកបើកទ្វាររថយន្ត សួរនាំទាំងកំហឹង និងបានទាញបិទទ្វាររថយន្តជេម៉ែ មកលើអ្នកសារព័ត៌មាន ហើយមិនតែប៉ុណ្ណោះ ថែមទាំងយកដំបង វ៉ៃទៅលើរថយន្ត ខណៈរថយន្តកំពុងបើកទៅមុខ បណ្ដាលឱ្យបែកកញ្ចក់ចំហៀង និងខាងក្រោយ សងខាង ខ្ទេចអស់តែម្ដង។

ក្រោយពីមានសកម្មភាព យ៉ាងសាហាវព្រៃផ្សៃដូច្នេះ ជនរងគ្រោះ ក៏បានបេីករថយន្តគេចចេញ សំដៅទៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកជើងព្រៃ ដើម្បីសុំជួយអន្តរាគមន៍ផងដែរ ក៍ប៉ុន្តែពេលទៅដល់ កងរាជអាវុធហត្ថ ស្រុកជើងព្រៃ ហាក់ធ្វើព្រងើយ មិនយកចិត្តទុកដាក់ ក្នុងការស្នើសុំ ជួយអន្តរាគមន៍នោះទេ?។ ហើយក៏បានបន្តទៅកាន់ អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បីសុំកិច្ចអន្តរាគមន៍ ពីសមត្ថកិច្ច ក៏ប៉ុន្តែ ពេលទៅដល់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ បែជាមន្ត្រីនគរបាល ប្រចាំការទិនោះ បង្វែរសាច់រឿង ពីអំពើហឹង្សាដោយចេតនា មកជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ។

សូមបញ្ជាក់ថា ក្រោយពីជនរងគ្រោះ ស្វែងរកសុំអន្តរាគមន៍ ពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានមិនបាន ក៍បានសម្រេចចិត្ត ទំនាក់ទំនង ទៅកាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ដើម្បីឲ្យឯកឧត្តម ជួយដល់ពួកគាត់ នៅពេលដែលឯកឧត្តម បានទទួលព័ត៌មាននេះភ្លាម ឯកឧត្តមអភិបាលខេត្ត បានបញ្ជា មកអភិបាលស្រុកជើងព្រៃ ឲ្យមានចំណាត់ការដោះស្រាយ ជូនពួកគាត់ ពេលនោះ អភិបាលស្រុកជើងព្រៃ បានអញ្ជើញបងប្អូនអ្នកសារព័ត៌មាន ដែលរងគ្រោះ ទៅកាន់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បីសម្របសម្រួល ក៍ប៉ុន្ដែនូវពេលនោះ សមត្ថកិច្ចមិនបាន ហៅជនដៃដល់ មកដើម្បីដោះស្រាយនោះទេ អ្វីដែលនិកស្មានមិនដល់នោះគឺ មានវត្តមាន អធិការរងស្រុកជើងព្រៃម្នាក់ ឈ្មោះ កាំង គឹមហុង ចេញមកសម្របសម្រួល ជាមួយបងប្អូនអ្នកសារព័ត៌មាន រងគ្រោះយើងវិញ ក្រោយការសម្របសម្រួល លោកអធិការងម្នាក់នោះ ក៍បានចេញថ្លៃសំណងខូចខាតរថយន្ត ចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿងទៅវិញ?។

ក្រោយពីមានករណី សម្របសម្រួលបញ្ចប់រឿង ពីសំណាក់លោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ចំនួន ៥០០ដុល្លារ ឲ្យទៅជនរងគ្រោះ លើថ្លៃខូចខាតរថយន្ត របស់អ្នកសារព័ត៌មាន ដើម្បីបញ្ចប់រឿង ក៍មានមតិមហាជនជាច្រើន បានធ្វើការរិះគន់ចំៗ និងលើកជាសំនួរ ទៅលោកអធិការរង នៃអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ខេត្តកំពង់ចាម រូបនោះផងដែលថា៖ ករណីល្បែងស៊ីសងជល់មាន់ និងអាប៉ោង ក្នុងភូមិសាស្ត្រខាងលើនោះ លោកអធិការរងស្រុករូបនេះ មានភាគហ៊ុន ជាមួយក្រុមបើកល្បែងស៊ីសង ខុសច្បាប់នេះដែរ ឬយ៉ាងណា? បើមិនមានពាក់ព័ន្ធ ហេតុអ្វីបានជាចេញមុខដោះស្រាយ សម្រប់សម្រួលទៅវិញ ករណីនេះ សូមឯកឧត្ដម ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម មេត្តាពិនិត្យទៅលើកលោក កាំង គឹមហុង ពីសកម្មភាពមិនប្រក្រតី របស់លោកអធិការរងរូបនេះ ជាបន្ទាន់ផងទាន ព្រោះថា៖ ករណីល្បែងស៊ីសងនេះ បានកើតមានយូមកហើយ ក៍ដោយសាមានការឃុបឃិ ពីមន្ត្រីផ្គើនបទបញ្ជា ដូចជាលោកអធិការរងរូបនេះផងដែរ ជាអ្នកបង្កើតឲ្យមានល្បែងស៊ីសង ជល់មាន់ និងអាប៉ោង ។ ហើយមហាជនចេះតែឆ្ងល់ ហេតុអ្វីបានជា ល្បែងជល់មាន់ និងអាប៉ោងនេះ បើកលេងយ៉ាងគគ្រឹកគគ្រេង ហ៊ោកញ្ជ្រៀវ លាន់ឮផ្អើភូមិ រឿងអីសមត្ថកិច្ចមូលដ្នានមិនដឹង តាមពិតអញ្ចឹងសោះ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការបង្ក្រាប ល្បែងស៊ីសង បញ្ជល់មាន់ និងអាប៉ោង ដែលបានកើតមាន នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ កំឲ្យកើតមានតទៅទៀត ដើម្បីទប់ស្កាត់ ជំងឺកូវីដ-19 ដែលកំពុងតែរីករាលដាល ជាសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមការណែនាំ របស់ថ្នាក់ដឹកនាំ បីកុំ បីការពារ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

Share on Facebook