ការធ្វើដំណើរ ១០ចំណុច និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ១០ប្រភេទ ដែលអនុញ្ញាត ក្នុងពេលបិទខ្ទប់ ( Lock Down ) ភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុង​ខេត្តកណ្តាល ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ រយៈពេល ១៤ថ្ងៃ បានចាប់ផ្តើម​ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១​។ ក្នុងអំឡុងពេលបិទខ្ទប់ Lock Down នេះ តើការធ្វើដំណើរ​ និងអាជីវកម្មអ្វីខ្លះ ដែលត្រូវអនុញ្ញាត និង​ហាមឃាត់?។

សេចក្តីសម្រេច ស្តីពី ការបិទខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល នៃ​ជំងឺកូវីដ១៩ បានកំណត់ថា ភូមិ​សាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់​ទុកជាភូមិ​សាស្ត្រតែមួយ ដែលត្រូវបិទខ្ទប់​។ ក្នុងអំឡុងពេល​នៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូប​ ត្រូវបានហាមឃាត់​ មិន​ឲ្យធ្វើដំណើរ​ចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់ខ្លួន ប្រសិនបើគ្មានការចាំបាច់​។ ប៉ុន្តែការធ្វើដំណើរ​ចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវបាន​អនុញ្ញាត ក្នុងករណីចាំបាច់ ដូចខាងក្រោម។

១-ការធ្វើដំណើរ​ទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ដែលមិនមាន​ការហាមឃាត់ ដូចបានកំណត់​ក្នុងប្រការ៣ និងដោយមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដី ដែល​មានទីតាំង​នៅជិតបំផុត។

២-ការធ្វើដំណើរទៅកាន់ទីកន្លែង​លក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាត​ឲ្យបើកដំណើរការ​ដោយអាជ្ញាធរ​មានសមត្ថកិច្ច​។ ការធ្វើដំណើរ​ក្នុងគោលបំណង​នេះ អាចធ្វើឡើង​ដោយសមាជិកយ៉ាងច្រើន ២នាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់ មិន​ឲ្យ​លើសពី ៣ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំង ដែលជិត​បំផុត ក្នុងរង្វង់ភូមិសាស្ត្រ​ក្រុង ឬខណ្ឌ​ ដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួន​នូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន។

៣-ការធ្វើដំណើរ​ទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល​ ឬឱសថ​ស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិ​សាស្ត្រ ដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរ​ដោយមូលហេតុ​សុខភាព​បន្ទាន់នេះ ចេញក្រៅ ឬចូល​ក្នុងរង្វង់ភូមិ​សាស្ត្រ ដែល​ត្រូវបានបិទខ្ទប់ អាចធ្វើទៅបាន​ដោយមានការ​អនុញ្ញាតពី​អាជ្ញាធរ ដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្ស​មិនឲ្យលើសពី​ ៤នាក់ សម្រាប់ករណីនិមួយៗ ប៉ុន្តែ​ត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចទាក់ទងនឹងវិធានការសុវត្ថិភាព​ផ្នែកសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាត​សុវត្ថិភាព​។

៤-ការធ្វើដំណើរ​ដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាក ទៅវិភាគរកមេរោគកូវីដ១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ តាមកាលកំណត់ និងនៅក្នុង ឬចេញក្រៅ​រង្វង់ភូមិសាស្ត្រ​ ដែលត្រូវបានបិទខ្ទប់​។

៥-ការធ្វើដំណើរ​ ដើម្បីចូលរួម​ក្នុងសកម្មភាព​ ដែលបម្រើ​ប្រយោជន៍សាធារណៈ ឬគោលបំណង​ចាំបាច់ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់​របស់អាជ្ញាធរសាធារណៈ​។

៦-ការធ្វើសកម្មភាព​កីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រ​ ដែលខ្លួនរស់នៅ ដោយចៀសវាង​ការជួបជុំមនុស្សលើសពី២នាក់។

៧-ការធ្វើដំណើរ​របស់មន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាង​បរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារបញ្ជាក់អំពីអត្តសញ្ញាណ និងការងារ។

៨-ការធ្វើដំណើរ​របស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាំក់​អំពីអត្តសញ្ញាណ និងការងារ។

៩-ការធ្វើដំណើរចេញ-ចូល​តំបន់បិទខ្ទប់តាមផ្លូវអាកាស ដោយត្រូវគោរព​តាមបទប្បញ្ញត្តិ និងវិធានការ​សុវត្ថិភាព​ផ្នែកសុខាភិបាលជាធរមាន។ និង
១០​-ការធ្វើដំណើរ​ដោយមូលហេតុ​ចាំបាច់ និង​បន្ទាន់ផ្សេងទៀត ដោយមានការអនុញ្ញាត​ជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ដែលអនុវត្តវិធានការបិទខ្ទប់​។

សេចក្តីសម្រេចដដែល បានកំណត់ថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ប៉ុន្តែ​សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាត​ ក្នុងករណីចាំបាច់ ដូចខាងក្រោម៖

១-សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រធានស្ថាប័នសាមី ត្រូវកាត់បន្ថយ​ចំនួនអ្នកធ្វើការ​ឲ្យមកនៅត្រឹមកម្រិតអប្បបរមា ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន​។ ប្រធានស្ថាប័ន​ អាចសម្រេចផ្អាកការងារ ដែលមិនចាំបាច់​ជាបណ្តោះអាសន្ន តាមការជាក់ស្តែង​។

២-រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំង​ទីសត្តឃាត ដែលជាតម្រូវការ​ចាំបាច់ប្រចាំថ្ងៃ​
៣-សកម្មភាពការងារ ដែលពាក់ព័ន្ធនឹង​ការផ្តល់សេវាសាធារណៈ តាមការកំណត់​របស់ស្ថាប័ននិមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ​ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង ជាដើម។

៤-រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមប្រព័ន្ធអនឡាញ
៥-ការផ្គត់ផ្គង់ទំនិញ ដែល​ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគ ដែលមានសណ្តាប់​ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន​ អាហារ​ ដែលលក់​ជាអាហារវេចខ្ចប់ ស្ថានីយប្រេងឥន្ធនៈ ហ្គាស ឬទីតាំងផ្គត់ផ្គង់​ទំនិញ ដែលជាតម្រូវ​ការចាំបាច់ប្រចាំថ្ងៃផ្សេងទៀត ដោយមានការអនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ច​។

៦-ការផ្គត់ផ្គង់សេវា ដែលជាតម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន សេវាប្រៃសណីយ៍ ទូរគមនាគមន៍ សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀត ដោយមានការអនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ច ប៉ុន្តែត្រូវកាត់បន្ថយ​ចំនួន​បុគ្គលិកបម្រើការ​ឲ្យមកនៅត្រឹមកម្រិត​អប្បបរមា។
៧-សេវាកម្ម​សណ្ឋាគារ និងផ្ទះសំណាក់
៨-សេវា​កម្មដឹកជញ្ជូនទំនិញចាំបាច់ ដើម្បី​បម្រើ​ឲ្យភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់​
៩-សេវា​កម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ដើម្បីបម្រើ​ឲ្យ​វិស័យសង្គម-សេដ្ឋកិច្ច នៃប្រទេស និង
១០-សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ​មានសមត្ថកិច្ច​។
រាល់ការធ្វើដំណើរ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាត​ខាងលើនេះ ត្រូវគោរព​តាមបម្រាមគោចរ គឺត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួន ចាប់ពីម៉ោង ២០ ដល់ម៉ោង ៥ព្រឹក។​

ក្នុងសេចក្តីសម្រេចដដែល ក៏បានបង្កើត​គណៈកម្មការជាតិ​គ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ សរសេរជាអក្សរ​កាត់ គ.ប.ខ ដែលមានសមាសភាព ១៩រូប ដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអនុប្រធាន ៥រូប​៕

សូមជួយស៊ែរព័ត៌មាននេះផង: