មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោកផ្កាយ២ អ៊ុង ចាន់ធួក ដឹងច្បាប់បំពានច្បាប់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក ២នាក់ទៀត បង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ បំពាននឹងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ចាប់វាយខ្នោះ ឧត្តមសេនីយ៍ផ្កាយ២ ឈ្មោះ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង បក្ខពួក ២នាក់ទៀត ខណៈកំពុងតែផឹកស៊ីសប្បាយ។

ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាល ដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុក ពីជំងឺកូវីដ១៩ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ក្រោយពីអាជ្ញាធរ ទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ និងរហូតមានការឡាយ តាមហ្វេសបុកទៀតនោះ លោក ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ចុះទៅជាបន្ទាន់ ដើម្បីធ្វើការទប់ស្កាត់ និងថែមទាំងវាយខ្នោះ បុរស ៣នាក់នេះ ដែលជាអ្នករៀបចំកម្មវិធីរាំ សប្បាយ ច្រៀង និងប៉ាតម្សៅយ៉ាងដូច្នេះ។

របាយការណ៍របស់អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា « នៅវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុច តំបន់ផ្ទះជួលលេខ 58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ រួមមាន៖

១- ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ ៤៥ឆ្នាំ ជាម្ចាស់ទីតាំង ផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២- ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរបំរើការងារ នៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣- ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបំរើការងារ នៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង ៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ ចន្លោះពី ៣០ ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន ( អ៊ុង ចាន់ធួក ) ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅ​ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង ៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

Share on Facebook