អបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ភ្នំពេញ៖ ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ « ច្រត់ព្រះនង្គ័ល » ដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើល ពីប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគ របស់ « គោឧសភរាជ » និងជាការប្រកាសប្រាប់ ប្រជាកសិករ ធ្វើស្រែចម្ការថា រដូវវស្សា បានចូលមកដល់ហើយ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយ ដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែ ដឹកនាំប្រារព្ធរៀបចំឡើង ពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្តេចយាង ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ ដែលយើងមិនបានរៀបចំ ព្រះរាជធិធីបុណ្យ ដ៏មានអត្ថន័យ និងសារៈសំខាន់នេះ ដោយសារជំងឺកូវដ-១៩។

កូវីដ-១៩ បានបំផ្លាញទាំងសេដ្ឋកិច្ច សេចក្តីសុខ របស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាន នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិ ដ៏ផូផង់ជាច្រើនទៀត។ សូមបងប្អូនជនរួមជាតិ ទាំងអស់ ចូលរួមទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះ កុំឱ្យឆ្លងរាលដាល នៅក្នុងសង្គមជាតិយើង បន្តទៀត។

ការចូលរួម របស់បងប្អូនកូនក្មួយ ជាកត្តាសំខាន់បំផុត ដើម្បីឱ្យយើងឈានទៅគ្រប់គ្រង មេរោគនេះបាន ក្នុងពេលឆាប់ៗនេះ។ សូមការពារ និងទប់ស្កាត់ ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗ គោរព ឱ្យបានរាល់វិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត នូវវិធានការ « ៣ការពារ ៣កុំ » និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរ ចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺនេះ ជាចៃដន្យ ទៅមនុស្សជាទីស្រឡាញ់ របស់យើង ដោយមិនដឹងខ្លួន។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ ពិសេស សូមឱ្យការបង្កបង្កើនផល របស់កសិករយើង នៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ គ្រប់មុខដំណាំ៕

សូមជួយស៊ែរព័ត៌មាននេះផង: