ចេញផ្សាយថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
តាកែវ ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនឹងអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ក្រុមហ៊ុនរោងចក្រកាត់ដេរ , បោកគក់សម្លៀកបំពាក់ មានឈ្មោះ Wintai Sock Manufacture Ltd. មានទីតាំងឋិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្ត
តាកែវ ដែលមានលោកស្រី Sung Mui Ying សញ្ជាតិចិន ជាថៅកែក្រុមហ៊ុន បានទទួលរងនូវការប្តឹង ចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវថា បានបង្ហូរទឹកកាកសំណល់គីមី ពីរោងចក្រ ចូលក្នុងព្រែក អូរ ប្រឡាយ បឹង ស្ទឹងធម្មជាតិ បណ្តាលឲ្យប៉ះពាល់ ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរ ។
ពាក្យបណ្តឹង របស់ក្រុមប្រជាពលរដ្ឋ ដែលប្តឹងក្រុមហ៊ុន Wintai Sock Manufacture Ltd. ដែលបានគោរពជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន (មកដល់ទីស្តីការ ក្រសួងនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧) បានចោទប្រកាន់ថា ក្រុមហ៊ុន បង្ហូរទឹកកាកសំណល់រោងចក្រមានសារធាតុគីមី ចូលក្នុងព្រែក អូរ បឹង ស្ទឹងធម្មជាតិ មិនគោរពតាមបទដ្ឋានបច្ចេកទេសសកល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ ៖ សុខភាពប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹក , ភ្ញៀវទេសចរដែលប្រើប្រាស់អាងទឹកទន្លេបាទីទាំងមូល ដែលមកទស្សនាប្រាសាទបុរាណខ្មែរ , ផលដំណាំរបស់ប្រជាកសិករ ពិសេសស្រូវដែលជាអាហារមិនអាចខ្វះបាន ,គុណភាពដី និងកខ្វក់ខ្យល់ដកដង្ហើម…។ល។
ប្រភពពីក្រុមប្រជាពលរដ្ឋ បានឲ្យដឹងដែរថា នាពេលកន្លងមក ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្តឹង ឲ្យមន្ទីរបរិស្ថាន ខេត្តតាកែវដោះស្រាយដែរ ប៉ុន្តែមិនទទួលបានលទ្ធផលជាវិជ្ជមានទេ ពីព្រោះថៅកែ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន Wintai Sock Manufacture Ltd. ដែលល្បីថា មានខ្នងការពារក្រាស់នោះ មិនស្តាប់ ឬអនុវត្ត តាមគោលការណ៍ របស់ថ្នាក់ខេត្តឡើយ ។
យោងតាមព័ស្តុតាងជាក់ស្តែង ដែលសារព័ត៌មានយើងចុះផ្តិតយករូបភាពផ្ទាល់ គឺបានបង្ហាញថា ពិតជាមានទឹកកខ្វក់ធុំក្លិនអាក្រក់ (ទំនងជាមានសារធាតុគីមីចេញពីរោងចក្រ បោកគក់សម្លៀកបំពាក់) បង្ហូរចូលទៅក្នុងប្រឡាយ៧មករា ឋិតនៅជាប់ នឹងស្ថានីយ៍បូមទឹក «ហ៊ុន សែន ទី៨ពត់សរ» ក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ប្រាកដមែន ហើយប្រជាពលរដ្ឋ រស់នៅក្បែរៗប្រឡាយ៧មករានោះ បានត្អូញត្អែរប្រាប់ អ្នកយកព័ត៌មាសនយើងថា ពួកគាត់ពិតជាពិបាកទ្រាំ ខ្លាំងណាស់ចំពោះក្លិនទឹកកខ្វក់ ដែលបង្ហូរចេញពីរោងចក្រ ជាប្រចាំ ។ លើសពីនេះ នៅផ្នែកខាងក្រោយរោងចក្រ គឺមានទីតាំងជាប់នឹងបឹងដៃទន្លេបាទី ដោយផ្ទាល់ថែមទៀត ។
មន្ត្រីជំនាញមួយរូប បានបង្ហើបប្រាប់ឲ្យដឹងថា ដើម្បីដំណើរការ ខ្សែចង្វាក់ផលិតកម្មបាន គឺរោងចក្របោកគក់សម្លៀកបំពាក់ ត្រូវតែមានការប្រើប្រាស់ សារធាតុគីមី ប៉ុន្តែតាមបទដ្ឋានបច្ចេកទេស តម្រូវឲ្យរោងចក្រប្រើប្រាស់ប្រព័ន្ធ ចម្រោះទឹកឲ្យស្អាតសិន មុននឹងបង្ហូរចេញក្រៅ ជៀសវាងប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស សត្វ ។ ប្រព័ន្ធចម្រោះទឹកមានសារធាតុគីមីនេះ គឺត្រូវការចំណាយច្រើន ដូច្នេះហើយ ទើបបណ្តារោងចក្រ ខិលខូចមួយចំនួន មិនអនុវត្តតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវទេ ក្នុងគោលបំណងកេងចំណេញ លើប្រាក់ចំណាយ រួចក៏បង្ហូរទឹកកខ្វក់ មានសារធាតុគីមី ពីរោងចក្រចូលទៅក្នុងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយធម្មជាតិ ដោយផ្ទាល់តែម្តង ។
ក្រុមប្រជាពលរដ្ឋរងគ្រោះ បានសំណូមពរចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយដោះស្រាយ ចំពោះសកម្មភាពប៉ះពាល់ ដល់បរិស្ថាន បង្កដោយក្រុមហ៊ុន រោងចក្រកាត់ដេរ-បោកគក់សម្លៀកបំពាក់ Wintai Sock Manufacture Ltd. នោះឲ្យបានទាន់ពេលវេលាផង ពីព្រោះប្រឡាយទឹក៧មករា ភ្ជាប់នឹងស្ថានីយ៍បូមទឹក «ហ៊ុន សែន ទី៨ពត់សរ» បានក្លាយទៅជាប្រឡាយ បង្ហូរទឹកកខ្វក់ មានសារធាតុគីមី របស់រោងចក្របាត់ទៅហើយ ។
ពាក់ព័ន្ធការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រ កាតើដេ បោកគក់ សំលៀកបំពាក់ ចូលព្រែក អូរ ប្រឡាយ ស្ទឹង បឹងធម្មជាតិ ខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN មិនអាច ធ្វើការទំនាក់ទំនង សំការបំភ្លឺ ពីដំណាងរោងចក្រ ឬប្រធានរោងចក្របានទេ ព្រោះគ្មានលេខ
ទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំទទួលការបំភ្លឺនៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយ៌ចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់