ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកផ្សាយ
រយៈពេលប៉ុន្មានថ្ងៃមកនេះ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា បទល្មេីសព្រៃឈេី ឆ្លងដែនខុសច្បាប់ នៅក្នុងខេត្តរតនគិរី បានចាប់ផ្ដើម កំរើកឡើងវិញ ជាបន្តបន្ទាប់ ទោះបីមានលោក ថង សាវុន ជាអភិបាល នៃគណៈអភិបាលខេត្ត ចេញបទបញ្ជា និងបង្កេីតគណៈកម្មការចំរុះ ទប់ស្កាត់ និងបង្ក្រាប បទល្មេីសព្រៃឈេី ឆ្លងដែនក៍ដោយ ។ នេះបើតាមប្រភព ពីប្រជាពលរដ្ឋ ក្នុងស្រុកអូរយ៉ាដាវ និងក្រុមឈ្មួញ រកសុីឈេី ដែលគ្មានខ្នងបង្អែក បានប្រាប់ឲ្យដឹង។
បេីតាមសេចក្តរាយការណ៍ បានបន្តឲ្យដឹងថា ដោយមានបទបញ្ជា ពីលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត រយៈពេលជិត២ខែ កន្លងទៅនេះ គេសង្កេតឃើញ កម្លាំងសមត្ថកិច្ចចំរុះ បានបំពេញការងា តាមបទបញ្ជា លោក ថង សាវុន អភិបាល និងជាគណៈអភិបាលខេត្ត ធ្វេីការទប់ស្កាត់ និងបង្ក្រាប បទល្មេីព្រៃឈេីឆ្លងដែន ទៅវៀតណាម យ៉ាងសស្រាក់សស្រាំ ដោយធ្វេីការឃាត់ នឹងចាប់រថយន្ត ភេទសាំយ៉ុង និងរថយន្តប្រភេទកាមរី ដែលលួចដឹកឈេីប្រណីត ខុសច្បាប់ ទៅលក់នៅព្រំដែន ជាបន្តបន្ទាប់ ។
ចំណាត់ការក្ដៅ របស់អភិបាលខេត្តរតនគិរី រយៈពេលជិត២ខែ ទៅលើបទល្មើឈើ ឆ្លងដែនខុសច្បាប់ ឃើញថា សកម្មភាពដឹកជញ្ជូនឈេីប្រណីត ឆ្លងដែន មានការស្ងប់ស្ងាត់មួយរយៈខ្លី។ ហើយត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ក៍ដូចជាបងប្អូនជនជាតិភាគតិច បានសំដែងការសាទរ ចំណាត់ការនេះផងដែរ ដោយពួកគាត់គិតថា បានកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡេីងដោយ ក្រុមឈ្មួញដឹកឈើ តាមរថយន្ត ប្រេីល្បឿនលឿនដូចហោះ និងតែងបង្កគ្រោះថ្នាក់ជារឿយៗ ដល់អ្នកធ្វេីដំណេីរ តាមផ្លូវជាតិលេខ៧៨អា។ ក៍ប៉ុន្តែ ការរីករាយសាទរ សង្ឃឹមលេីចំណាត់ការ របស់អភិបាលខេត្តរតនគិរី បានតែមួយដង្ហើមចង្រិត ប៉ុណ្ណោះ ដោយថា សកម្មភាព ដឹកជញ្ជូនឈេីខុសច្បាប់ យកទៅលក់នៅវៀតណាម បានចាប់កម្រេីកឡេីងវិញ យ៉ាងពេញបន្ទុក។
បើតាមប្រភព ពីក្រុមឈ្មួញតូចតាច ពលរដ្ឋរកចញ្ចឹមឆ្នាំង គ្មានខ្សែ គ្មានខ្នង បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញជាច្រើន បានសម្រុកដឹកឈើ ចេញតាមច្រកព្រំដែន ភ្នំក្រហម ជាពិសេសនៅពេលយប់ តាមរថយន្តប្រភេទសាំយ៉ុង និងឡង់គ្រីស័រ ក្នុង១យប់ៗ មិនក្រោមពី១០ឡាន ទៅ១៥ឡានទេ? នេះក្រោមការរៀចំ និងចាត់ចែង យ៉ាងប្រុងប្រយ័ត្ន ពីសំណាក់លោក កង សារឿន ដែលមានតួនាទី ជាប្រធានក្រុម គណៈកម្មការ ចំរុះខេត្ត ទប់ស្កាត់ និងបង្ក្រាប បទល្មេីព្រៃឈេី ដោយសហការ ជាមួយលោក សុខ មីន មេបញ្ជាការងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ។
ប្រភពពីប្រជាពលរដ្ឋ ក្នុងស្រុកអូរយ៉ាដាវ បានប្រាប់ CSN ឲ្យដឹងថា លោក កង សារឿន មានតួនាទីជាប្រធានគណៈកម្មការ គ្រប់គ្រងច្រកទ្វាអូរយ៉ាដាវ និងជាមនុស្សម្នាក់ ទទួលបានសិទ្ធិអំណាច ពីលោក ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី ឲ្យធ្វើជាប្រធានក្រុមការងារចម្រុះ ថ្នាក់ខេត្ត អនុវត្តន៍តាមបទបញ្ជា របស់អភិបាលខេត្ត ស្តីពីការទប់ស្កាត់បទល្មើសព្រៃឈើ ដែលកើតមានគ្រប់រូបភាព តែផ្ទុយទៅវិញ លោក កង សារឿន បានឃុបឃិតគ្នាជសមួយលោក សុខ មីន មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ បើកដៃឲ្យក្រុមឈ្មួញ ដឹកជញ្ជូនឈើ យកទៅលក់ឲ្យវៀតណាម តាមច្រករបៀងភូមិភាគ និងច្រករបៀង ភ្នំក្រហម យ៉ាងគគ្រឹកគគ្រេង ជារៀងរាល់យប់ ប្រមូលកើបលុយ ចែកគ្នាដាក់ហោប៉ៅ យ៉ាងត្រជាក់ចិត្ត។
បើតាមប្រភព ពីឈ្មួញម្នាក់ ដោយមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ក្រុមពួកគេរកសុីឈេី បានចំណាយលុយ យ៉ាងក្រាស់ក្រែល ឲ្យទៅលោក កង សារឿន និងលោក សុខ មីន ដេីម្បីរត់ការ បេីកផ្លូវ ជាថ្នូរនឹងការដឹកជញ្ជូនឈេី ទៅលក់នៅព្រំដែន តាមច្រករបៀង ភ្នំក្រហម? ។
ពាក់ព័ន្ធករណីខាងលើ ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ តូចតាចក្នុងខេត្ត រតនគិរីទាំងមូល បាននាំគ្នាលើកឡើង នឹងរិះគន់ថា គ្រាន់តែចម្ងាយផ្លូវ ១០គីឡូម៉ែត្រ ពីព្រំដែន គឺមានកុងត្រូល របស់សមត្ថកិច្ចចំនួន បីកន្លែង ឈរជេីង២៤ម៉ោង ហេតុអី? រថយន្តដឹកឈេី លេីដងផ្លូវមេីលមិនឃេីញ? ឫុមន្រ្តីសមត្ថកិច្ចទាំងនោះ ផ្គើនបទបញ្ជា របស់លោក ថង សាវុន អភិបាលខេត្តរតនគិរី ។ ហើយ ម៉្យាងទៀត មានសមត្ថកិច្ចមួយចំនួនតូច ក្នុងស្រុកអូរយ៉ាដាវ បានធ្វេីខ្លួន ឲ្យទៅជាកញ្ជះដាច់ថ្លៃ របស់ក្រុមឈ្មួញទុច្ចរឹត មិនខំបំពេញការងារ ជាមន្ត្រីនោះទេ តែបែជាបន្លំខ្លួន ធ្វេីជាអ្នកឃ្លាំមេីលផ្លូវ ឲ្យអ្នកដឹកឈេីខុស
ច្បាប់ ដើម្បីប្រយោជន៍ មិនស័ក្តិសម ជាមន្ត្រីរាជការនោះទេ។
ប្រជាពលរដ្ឋ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រង់ចាំមេីលថា តេីលោក កង សារឿន និងលោក សុខ មីន ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន អាចយកដៃបាំងមេឃ បានយូរប៉ុន្មានទៅ ?។ ហើយលោក ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត នឹងជាគណៈបញ្ជាការឯកភាពខេត្ត មានចំណាត់ការបែបណា ទៅលើបុគ្គលទាំង២ ដែលល្បីប្រព្រឹត្តអំពើពុករលួយ ហ៊ានបិទបាំង នឹងបេីកដៃឲ្យឈ្មួញ រកសុីឈើខុសច្បាប់ ផ្គេីននឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា។
តែទោះយ៉ាងណា ជុំវិញការលើកឡើង នឹងរិះគន់ពីមហាជនខាងលើនេះ អង្គភាព គេហទំព័រ CSN មិនអាចស្វែងរក សុំការបំភ្លឺ ពីលោក កង សារឿន នឹងលោក សុខ មីន ពាក់ការចោទប្រកាន់ ពីសំណាក់មហាជន បានទេមកដល់ថ្ងៃនេះ អង្គភាពយើង រកចាំកសរបកស្រាយនៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ រតនគិរី