ពីប្រភពមនសិការខ្មែរ~ស្ថាប័នប្រឆាំងអំពើពុករលួយចំនួន២គឺក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងអង្គភាពប្រឆាំងអំពើពុករលួយនិងត្រូវគណៈកម្មការទី១០នៃរដ្ឋសភាគ្រោងកោះហៅឲ្យចូលបំភ្លឺក្នុងរដ្ឋសភានាពេលឆាប់ៗខាងមុខនេះ។ តាមលោក ហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០នៃរដ្ឋសភាបានឲ្យដឹងថាការកោះហៅនេះធ្វើទ្បើងតាមបន្តឹងរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលបានប្តឹងពីករណីប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ គណៈកម្មការទី១០នៃរដ្ឋសភាចង់ដឹងថាក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើអ្វីខ្លះនិងមិនទាន់បានធ្វើអ្វីខ្លះ បន្ទាប់មកគណៈកម្មការនេះនឹងកោះហៅក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញឲ្យបំភ្លឺបញ្ហាពុករលួយ២ករណីផ្សេងគ្នា។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងជាប្រធានគណៈកម្មការអង្កេតបោសសម្អាតនិងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានឲ្យដឹងថាគណៈកម្មការទី១០បានទទួលព័ត៌មានច្រើនពីបញ្ហាពុករលួយក្នុងសង្គមកម្ពុជា ជាពិសេសការលក់ដូរទ្រព្យសម្បត្តិរដ្ឋនិងការរំលោភអំណាច។ លោកបានបញ្ជាក់ទៀតថា គណៈកម្មការទី១០នៃរដ្ឋសភានឹងជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តន៍តួនាទីរបស់ខ្លួនដើម្បីទទួលបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់មកគណៈកម្មការទី១០នៃរដ្ឋសភានិងកោះហៅថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋនានាមកសួរនាំបន្ថែមទៀត។ តាមលោក ហូរ វ៉ាន់ បានឲ្យដឹងថារហូតមកដល់ពេលនេះគណៈកម្មការទី១០នៃរដ្ឋសភាទទួលពាក្យបណ្តឹងទាក់ទងអំពើពុករលួយប្រមាណ២០សំណុំរឿងក្នុងរយៈពេលជាង២ខែបន្ទាប់ពីគណបក្សសង្គ្រោះជាតិចូលក្នុងរដ្ឋសភា។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលអំពើពុករលួយក្នុងប្រទេសកម្ពុជាបានឲ្យដឹងថាការដែលគណៈកម្មការទី១០នៃរដ្ឋសភាកោះហៅថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយឲ្យចូលបំភ្លឺក្នុងសប្តាហ៍ខាងមុខនេះគឺជារឿងត្រឹមត្រូវនិងស្របតាមស្ថានភាពជាក់ស្តែង។ ដោយហេតុថាកន្លងមកស្ថាប័នទាំង២ខាងលើមិនទាន់អនុវត្តន៍ច្បាប់ប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពនៅទ្បើយទេ ជាពិសេសលោក ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានមន្ត្រីក្រោមឱវាទមួយចំនួនរិះគន់ថា មានជំនាញខាងបិទបាំងអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ដោយសារតែលោក ឱម យ៉ិនទៀង មានជំនាញខាងបិទបាំងអំពើពុករលួយហើយអង្គភាពប្រឆាំងអំពើពុករលួយត្រូវគេដាក់រហស្សនាមថាជាអង្គភាពបិទបាំងអំពើពុករលួយនោះទើបអំពើពុករលួយក្នុងស្ថាប័នរដ្ឋនានានៅតែកើតមានអំពើពុករលួយយ៉ាងពេញបន្ទុកមិនអាចលុបបំបាត់បានទ្បើយ៕ដោយ មនសិការខ្មែរ