រាជធានីភ្នំពេញ៖ ក្រុមជនឱកាសនិយម០៩នាក់ ដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ច ដើរទារភាស៊ីពីក្រុមអ្នកលក់ដូរ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រមូលលុយរាប់សិបម៉ឺនរៀលនោះ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ បានចេញប្រតិបត្តិការឃាត់ខ្លួនបាន។ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីក្រុមអ្នកលក់ដូរថា មានសមត្ថកិច្ចដើរទារថ្លៃភាស៊ីខុសពីគោលការណ៍។
សមត្ថកិច្ច បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ថា ជនឱកាសនិយមទាំង០៩នាក់ ដែលបានបន្លំខ្លួនធ្វើជាសមត្ថកិច្ច ដោយមានពាក់ឯសណ្ឋានជាមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងកងរក្សាសណ្តាប់ធ្នាប់ ដោយមានភ្ជាប់ជាមួយអាយកូម និងអាយឌី ដែលប្រជាពលរដ្ឋធម្មតាមើលមិនដឹងនោះឡើយ។
អាជ្ញាធរខណ្ឌដូនពេញ បានបង្ហាញឲ្យដឹងថា ជនឱកាសនិយមទាំង៩នាក់នោះ រួមមាន ១-ឈ្មោះ ស្ដើង ម៉ៅ ភេទប្រុស បន្លំធ្វើនគរបាល មានស្ត្រីម្នាក់ឈ្មោះ អាំង ស្រីមុំ ឲ្យលុយទិញ ID និង សំលៀកបំពាក់ និង ធ្វើប័ណ្ណឲ្យដើរប្រមូលលុយចែកគ្នាប្រមូលបាន ៥៧.៨០០រៀល, ២-ឈ្មោះ ផន សារឿន ភេទប្រុស បន្លំធ្វើជាមន្ត្រីអង្គភាពសួនច្បារក្រុង មានវិទ្យុទាក់ទងមួយគ្រឿង ប្រមូលថវិកាបាន ១៥០.០០០រៀល, ៣-ឈ្មោះ ជុំ រិទ្ធី ភេទប្រុស អតីត PM អាយុ៣៥ឆ្នាំ មាន ID មួយគ្រឿង ប្រមូលថវិកាបាន ៤៣០.០០០រៀល និង ៤$, ៤-ឈ្មោះ ង៉ែត វុទ្ធី ភេទប្រុស បន្លំធ្វើជាមន្ត្រីយកភាស៊ី ប្រមូលថវិកាបាន ៦៣.០០០រៀល, ៥-ឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស បន្លំធ្វើជាមន្ត្រីយកភាស៊ី ប្រមូលថវិកាបាន ១៥០.០០០រៀល, ៦-ឈ្មោះ គឹម សុខរស់ ភេទប្រុស បន្លំធ្វើមន្ត្រីយកភាស៊ី, ៧-ឈ្មោះ ណេង នាត ភេទប្រុស បន្លំធ្វើមន្ត្រីយកភាស៊ី ប្រមូលថវិកាបាន ១៥០.០០០រៀល, ៨-ឈ្មោះ ហ៊ូ ធីញ៉ា ស្រីចោរឆក់ខ្សែករ និងទី៩-ឈ្មោះ ញ៉ែម រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ បន្លំដើរចូលផ្ទះគេប្រុងលួចទ្រព្យសម្បត្តិ។
ក្រោយឃាត់ខ្លួនជនឱកាសនិយមទាំង០៩នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៤នេះ ចាត់ការទៅតាមច្បាប់៕
ប្រភព៖ fpmonline