ខេត្តតាកែវ ៖ ប្រជានេសាទរស់នៅ ក្នុងស្រុកបុរីជលសារ ខេត្តតាកែវ បានសំដែងការរិះគន់ យ៉ាងចាស់ដៃចំពោះ មន្ត្រីរដ្ឋបាលជលផល ជានាយផ្នែក នាយសង្កាត់ នាយខណ្ឌ ដែលទទួលខុសត្រូវ ក្នុងភូមិសាស្ត្រខាងលើថា បានឃុបឃិតគ្នាអនុញ្ញាតិឲ្យមានបទល្មើស សៃយឺន ស្បៃមុងខុសច្បាប់ ជាច្រើនខ្សែដែលក្នុងមួយខ្សែៗ មានប្រវែងចាប់ពី ៣គីឡូម៉ែត្រទៅ ៥គីឡូម៉ែត្រ។
ប្រភពបានប្រាប់ឲ្យដឹងថា ពួកគាត់បានដឹងថា មានសៃយឺនខ្នាតធំ ៣ខ្សែដែលខ្សែទី១ ចាប់ពីចំណុច មុខកំពង់ផែកំពង់អំពិល ចាប់ពីលូទី១ រហូតដល់ទំនប់ថ្នល់កែង ប្រវែងប្រហែល ៤គីឡូម៉ែត្រ។ ខ្សែទី២ ចំណុចព្រែកអណ្តូង ចាប់ពីប្រឡាយគិនញី ដល់ព្រែកពងក្រសារ ប្រវែងប្រហែល ៣គីឡូម៉ែត្រ ឯខ្សែទី៣ចាប់ពីចំណុច ភូមិអន្តាត្បាល ឃុំគោកពោធិ ដល់ប្រម៉ាត់ដីប្រវែងប្រហែល ៣គីឡូម៉ែត្រទៀត។
ប្រភពបានបន្តទៀតថា ក្រៅពីសៃយឺនខ្នាតវែង រាប់ពាន់ម៉ែត្រនេះ ក៏នៅមានសៃយឺន ព្រមទាំងល្បាំងបង្កងខ្លីៗ ជាច្រើនចាប់ពី ១គីឡូម៉ែត្រ ចុះក្រោមនៅពាសពេញផ្ទៃទឹក ស្ទើរតែគ្មានកន្លែងទំនេរ សំរាប់ការនេសាទ ជាលក្ខណៈគ្រួសារ បានឡើយ។ ប្រជាជនដែលប្រកប របររកទទួលទាននេសាទ ជាលក្ខណៈគ្រួសារ បានត្អូញត្អែថា ពួកគាត់រកស៊ី គ្រាន់តែដាក់មង បង់សំណាញ់ បន្តិចបន្តួច រកត្រីពុំបានទេ រកព្រឹកខ្វះល្ងាច ព្រោះគេដាក់សៃយឺន រាប់សិបគីឡូម៉ែត្រ ចាប់យកត្រីគ្មានសល់ទេ ចាប់បានត្រីទាំងតូចទាំងធំ បង្កងរាប់រយគីឡូក្នុងមួយថ្ងៃៗ។
ប្រជាពលរដ្ឋបានបន្ថែមថា ឈ្មួញដែលចូលមកដាក់ សៃយឺនខុសច្បាប់ រាប់គីឡូម៉ែត្រ មានភាគច្រើន ជាជនជាតិវៀតណាម គឺគេដាក់ជាចំហរ ទាំងថ្ងៃទាំងយប់ ដោយពួកគេបានបង់លុយរាប់ពាន់ដុល្លារ ឲ្យមន្ត្រីជំនាញរដ្ឋបាលជលផល គ្រប់ជាន់ថ្នាក់អស់ហើយ ចាប់ពីនាយសង្កាត់ និងនាយផែ្នក រហូតដល់នាយខណ្ឌ ទើបពួកគេអាចដាក់បាន យ៉ាងរលូនបែបនេះ។ យ៉ាងណាក៏ដោយលោក ហេង ប៊ុនលាប (ហៅប៉ែលិន )ជានាយសង្កាត់ រដ្ឋបាលជលផល ទទួលបន្ទុកស្រុកបុរីជលសារ បានប្រាប់អ្នកកាសែតថា លោកមិនបានដឹងថា មានបទល្មើសបែបនេះនៅក្នុងស្រុកបុរីជលសារទេ ចាំលោកអោយកូនចៅ ចុះទៅមើល៕