ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ចុះបង្ក្រាបរថយន្តអត់ពន្ធ ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ

ខេត្តក្រចេះ៖ ការិយាល័យស្រាជ្រាវ បង្ក្រាប អំពើរត់ពន្ធតំបន់៦ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ សហការជាមួយមន្ត្រីគយនិងរដ្ឋាករ ខេត្តក្រចេះ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួល នីតិវិធី ពីឯកឧត្ដម ព្រះរាជអាជ្ញា អមអយ្យការ នៃសាលាដំបូង ខេត្តក្រចេះ ធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធ បានចំនួន ០៦គ្រឿង នៅក្នុងភូមិសាស្រ្ត ខេត្តក្រចេះ។

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍ របស់ឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាព នៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្ត ចង្កូតឆ្វេង ដែលមានស្រាប់ នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញ ពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋាន បង្ការ និងបង្រ្កាបបទល្មើស។

រថយន្តស៊េរីទំនើបអត់ពន្ធ ទាំង០៦គ្រឿង រួមមាន៖១. រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិត ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។ ២. រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិត ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។ ៣. រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិត ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។ ៤. រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។ ៥. រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិត ឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។ ៦. រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខ.ម2-2812។

រថយន្តទាំងអស់ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុ ល្មើសច្បាប់គយ ទៅតាមនីតិវិធី៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author