រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធី បិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្ដាល»

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ «ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្ដាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិត.សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅសាលប្រជុំ សាលាខេត្តកណ្តាល។

អង្គសន្និបាតបាន ដំណើរការពេញមួយថ្ងៃ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តាមរបៀបវារៈ នៅក្នុងកម្មវិធីបានគ្រោងទុក ដោយក្នុងនោះ អង្គសន្និបាត បានស្តាប់ការធ្វើបទបង្ហាញ សេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល, ការឡើង ធ្វើបទអន្តរាគមន៍ ចំនួន ១១ របស់មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើប្រធានបទ សំខាន់ៗ មួយចំនួន ដូចជា ៖

១.ការងារសន្តិសុខ.សណ្តាប់ធ្នាប់សាធារណៈ ឆ្នាំ២០២១ និងការងារអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងទិសដៅការងារ ឆ្នាំ២០២២ ២.ការងារគ្រប់គ្រង ដីចំណីផ្លូវ និងការដឹកជញ្ជូនលើលទម្ងន់ កម្រិតកំណត់ ការងារដោះស្រាយ វិវាទដីធ្លី ការចុះបញ្ជីដីធ្លី និងប្លង់ហេដ្ឋារ ចនាសម្ព័ន្ធ ការងារបរិស្ថាន ការងារគ្រប់គ្រង.សំណល់ រឹង-រាវ និងទីលានចាក់សម្រាម ៣.ការងារអនុវត្តមុខងារ វិស័យសុខាភិបាល ការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ រយៈពេល ១០ឆ្នាំ ដំណាក់កាលទី១ ( ២០១០-២០១៩ ) និងការត្រៀមអនុវត្តបន្តនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០) ៤.ការងារគ្រប់គ្រង ឃុំសង្កាត់ និងការផ្តល់សេវារដ្ឋបាលទូទៅ និងសេវា អត្រានុកូលដ្ឋាន ៥.ការផ្តល់សេវាសាធារណៈ របស់ អង្គភាពច្រកចេញចូលតែមួយខេត្ត និង យន្តការសម្រុះសម្រួល ដោះស្រាយបណ្តឹងពាក់ព័ន្ធ ការផ្តល់
សេវាសាធារណៈ របស់ការិយាល័យ ប្រជាពលរដ្ឋខេត្ត។

ជារួម អង្គសន្និបាត បានផ្តល់ការគោរព និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្បបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ទន្ទឹមការដាក់ចេញ នូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយត បចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះការពារ អាយុជីវិតប្រជាជន និងពុះពារ ជម្នះដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពី វិបត្តិនៃជំងឺនេះ និងដើម្បីទប់លំនឹង សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេស ឱ្យដំណើរការពេញលេញ លើគ្រប់វិស័យ និងការរស់នៅ ជាមួយជំងឺកូវីដ-១៩ តាមគន្លង ប្រក្រតីភាពថ្មី ដើម្បីបន្ត ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ឱ្យមានរីកចម្រើនទៅមុខ បន្តទៀត។

អង្គសន្និបាត ក៏បានសម្តែងការគោរពដឹងគុណ នូវការចង្អុលបង្ហាញ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាល តែងតែផ្តល់អនុសាសន៍ ដឹកនាំដល់រដ្ឋបាលខេត្ត លើការងារអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានា ការរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អង្គសន្និបាត ក៏សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរចំពោះ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ដែលតែងតែដឹកនាំ ផុ្តល់នូវអនុសាសន៍ល្អៗ ក្នុងកិច្ចដំណើរការ អភិវឌ្ឍមូលដ្ឋាន និងបានគាំទ្រទាំងស្មារតី សម្ភារៈ ដល់រដ្ឋបាល ខេត្តជាប្រចាំ។

នាក្នុងឱកាស បិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ អង្គសន្និបាត ក៏ទទួលបាននូវ អនុសាសន៍ដឹកនាំ របស់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកណ្តាល ដើម្បីដាក់ជាទិសដៅការងារ សម្រាប់អនុវត្តបន្ត រួមមាន ៖ ១.ការពង្រឹងសន្តិភាព ស្ថិរភាព.នយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ តាមរយៈការពង្រឹងរបៀបរបការងារ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ២.ការអនុវត្ត កំណែទម្រង់ កំណែទម្រង់ វិមជ្ឈការ និង សហមជ្ឈការ ដោយរដ្ឋបាលខេត្ត ត្រូវរៀបចំផែនការ សកម្មភាព ថវិកា និងពង្រឹង ជម្រុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីឆ្លើយតប នឹងតម្រូវការ របស់ប្រជាពលរដ្ឋ ៣. ការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព និងការដោះស្រាយ វិវាទដីធ្លី ដោយយកចិត្តទុកដាក់ ការអភិវឌ្ឍខេត្ត ប្រកបដោយសោភ័ណភាពមានរបៀប រៀបរយ និងមាននិរន្តរភាព ខិតខំដាំដើមឈើ បង្កើតឱទ្យានសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថាន និងជាទីកន្លែងជួបជុំ ប្រជាពលរដ្ឋហាត់ប្រាណ លំហែអារម្មណ៍។៤. ការបង្កើនកិច្ចសហការ ពង្រឹងសមត្ថកិច្ច ដែលឈរជើងការពារព្រំដែន នៅតាមព្រំដែន និងបន្តពង្រីកទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសជិតខាង។៥. ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយយកចិត្តទុកដាក់.គាំទ្រ និងបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពវិនិយោគ កសិផល និងអាជីវកម្មនានា ទូទាំងខេត្ត ៦. ការអនុវត្ត នូវប្រព័ន្ធកសាង ផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងការពង្រឹងប្រព័ន្ធ គណនេយ្យភាពសង្គម ដោយយកចិត្តទុកដាក់ កសាងផែនការអភិវឌ្ឍ ដែលមានលក្ខណៈ បើកចំហរ តម្លាភាព មានការពិគ្រោះយោបល់ និងការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ៧. ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន ដោយសម្របសម្រួល និងពង្រឹងការផ្តល់សេវា តាមអង្គភាព ច្រកចេញចូលតែមួយ និងគាំទ្រ ដល់ការអនុវត្តតួនាទីភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដើម្បីដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ៨.ការពង្រឹងរ បៀបរបបការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ តាមរយៈការពង្រឹង និងគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ស្របតាមគោលការណ៍ និតិវិធីដែលបានកំណត់៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author