ខេត្តរតនគិរី ៖ ប្រភពបានរាយការណ៍មកថា បាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ មកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះ ឧក្រិដ្ឋជនព្រៃឈើ ឈ្មោះ មករា និងបក្សពួក នៅតែបន្តសម្រុកដឹកជញ្ជូនឈើ ចេញពីតំបន់ភ្នុំកុក ក្នុងស្រុកវើនសៃ ខេត្តរតនៈគិរី មកស្តុបទុកក្នុងឃ្លាំងមួយកន្លែង ចុះពីចំណោតភ្នំ ខាងជើងបឹងយក្សឡោម ក្រុងបានលុង មួយស្របក់។ រួចបន្តដឹកតាមឡានសាំយ៉ុង បន្តឆ្ពោះទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងសកម្ម ក្នុងមួយថ្ងៃៗ មិនក្រោមពី ៨ឡាន ទៅ ១០ឡាននោះទេ ក្រោមខ្សែភ្នែក លោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅ ត្រួតពិនិត្យបារាស់ ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក្រោមការបញ្ជា របស់លោក ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអូរយ៉ាដាវ នៃខេត្តរតនគិរី។
ពាក់ព័ន្ធនិងករណីនេះ មហាជនកត់សម្គាល់ឃើញថា លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក ថាវ យេន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក យិន ចំណាន ស្នងការនគរបាលខេត្ត សម្ងំស្ងៀមឈឹង ធ្វើមិនដឹងមិនឮ អ្វីទាំងអស់ បណ្ដោយឲ្យមេឈ្មួញ ឈ្មោះ មករា និងបក្សពួក បន្តធ្វើសកម្មភាព ធ្វើជំនួញឈើឆ្លងដែន ទៅស្រុកយួនយ៉ាងសកម្ម។
ប្រភពពីមន្ត្រីរាជការមួយចំនួន ក្នុងខេត្តរតនគិរី បានឲ្យថា៖ ករណីរត់ពន្ធឈើឆ្លងដែនទៅយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាបន្តបន្ទាប់នេះអ្នកសារព័ត៌មានប្រចាំខេត្តរតនគិរី មួយចំនួន ពួកគាត់មិនហ៊ានចេញផ្សាយឡើយ ដោយសារខ្លាចការគំរាមកំហែង ពីអ្នកមានអំណាចមួយចំនួន ដែលបានប្រយោជន៍ ពីឈ្មួញឈើ ។ ហើយអ្នកសារព័ត៌មាន មួយចំនួន ក៍ត្រូវបានគេផ្ដល់ប្រយោជន៍ ឲ្យបន្តិចបន្តួច បិទមាត់ស្ងាត់ផងដែរ ។
ប្រភពខ្លះ បានបង្ហើបថា ឈ្មោះ មករា នេះ គ្រាន់តែជាកូនជីង របស់មេឈ្មួញគ្រាក់ៗ មានលុយមានអំណាច ក្នុងខេត្តរតនគិរី តែប៉ុណ្ណោះ ពួកគេប្រគល់ឲ្យគ្រប់គ្រង់ធ្វើជាមេការ ដឹកជញ្ជូនឈើទៅស្រុកយួន ដោយប្រើប្រាស់រូបភាព រថយន្តសាំយ៉ុង ៤គ្រឿងទៅ ៦គ្រឿង ។ ហើយក្នុងចំណោមរថយន្ត ទាំងអស់នោះ មានរថយន្ត ២គ្រឿង គេប្រើស្លាកលេខតែមួយ ដូចគ្នា គឺ ៤០.៤៩ ហើយ ៤គ្រឿងផ្សេងទៀត អត់មានស្លាកលេខទេ។
ប្រភពបន្តថា គេតែងឃើញរថយន្តសាំយ៉ុង ខាងលើនេះ ដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ឆ្លងកាត់ក្រុងបានលុង ទីរួមខេត្តរតនគិរី ទាំងថ្ងៃទាំងយប់ និងទាបភ្លឺ នៅតាមផ្លូវជាតិលេខ៧៨A ឆ្ពោះទោក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយចូលសម្ងំច ក្នុងចម្ការស្វាយចន្ទីនៅក្បែរបង្គោលអង់តែន សេវាទូរស័ព្ទ០៩៧ រងចាំទូរស័ព្ទ ទៅលោក កែវ តាយ នាយរងប៉ុស្ដិ៍ស្ដីទី និងជាប្រធានគោលដៅ ត្រួតពិនិត្យបារាស់ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដើម្បីត្រៀមដែលបារ៉ាស់ព្រំដែន បើកនៅពេលព្រឹក ជាឱកាសរបស់មេឈ្មួញឈើឈ្មោះ មករា បើកឆ្លងចូលទៅយួន ជាមួយនឹងរថយន្ត ដឹកកសិផល ផ្សេងទៀតតែម្តង ។ ហើយក្នុងមួយថ្ងៃ រថយន្តមួយគ្រឿង ដឹកជញ្ជូនឈើទៅយួន.មិនក្រោមពី ៥ជើងនោះទេ។
ពាក់ព័ន្ធនិងករណី ខាងលើ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ឯកឧត្ដម ថាវ យែន មេបញ្ជាការអាវុធហត្ថខេត្ត ឯកឧត្ដម យិន ចំណាន ស្នងការនគរបាលខេត្ត និងលោក ឃឹមចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ អូយ៉ាដាវ អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕