រដ្ឋបាលខេត្តក្រចេះ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារ ឆ្នាំ២០២២

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ.ព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តក្រចេះ បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង.ស្រុក ក្រុមប្រឹក្សាក្រុង.ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនឃុំ.សង្កាត់ សរុបចំនួន ៤១២ នាក់។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ដែងនូវការ កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ មន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តន៍ការងារ ក្នុងរយៈពេលកន្លងទៅនេះ ដែលទទួលបានលទ្ធផលរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាប្រឈម និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានោះដែរ ទោះស្ថិតក្នុងការលំបាកយ៉ាងណាក៏ដោយ ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ អាជ្ញាធរ បានបង្កើនកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ចនានា ក្នុងក្របខ័ណ្ឌ គណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់ថ្នាក់ ខិតខំរក្សាការពារ បាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំប្រឹងប្រែងគ្រប់គ្រង សភាពការណ៍ផ្ទៃក្នុង ទប់ស្កាត់ក្រុមជ្រុលនិយម និងពួកអគតិនានា ក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំ រាជរដ្ឋាភិបាល ព្រមទាំងសហការស្រាវជ្រាវបង្ក្រាបបទល្មើសនានា ដែលកើតឡើងក្នុងខេត្ត។ ជារួមលទ្ធផលការងាររបស់រដ្ឋបាលខេត្តក្រចេះ គឺទទួលបានលទ្ធផលល្អប្រសើរ។

ជាទិសដៅបន្តការងារ ក្នុងឆ្នាំ២០២២ នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាព ជុំវិញខេត្ត បន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។

១.បន្តពង្រឹងវិន័យ.មន្ត្រីរាជការក្រោមឱវាទ តាមដានត្រួតពិនិត្យ លិខិតចេញចូល ការចរាចរលិខិត ឲ្យបានជាប់ជាប្រចាំ រក្សានិងតម្កល់ឯកសារ របសសាលាខេត្ត ឱ្យបានគត់មត់។
២.បន្តការធ្វើ.នីត្យានុកូលកម្ម និងការផ្ដល់សេវាឆាប់រហ័ស ទាន់ពេលវេលា។
៣.ថែរក្សាគ្រប់គ្រង និងផលប្រើប្រាស់ត្រា របស់រដ្ឋបាលខេត្ត ឲ្យបានគត់មត់។
៤.បន្តរៀបចំកម្មវិធី និងការងារប្រចាំសប្តាហ៍ឲ្យបានទៀងទាត់ ជូនថ្នាក់ដឹកនាំខេត្ត។
៥.បន្តបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាស ៩ខែ និងប្រចាំឆ្នាំ ជូនក្រសួងមហាផ្ទៃ តាមការកំណត់ ព្រមទាំងបិទផ្សាយព័ត៌មាន លើក្តារព័ត៌មានជាប្រចាំ។
៦.គ្រប់គ្រង.ស្ថិតិ.ទិន្នន័យ ប្រជាពលរដ្ឋ និងជំរុញការងារ អត្រានុកូលដ្ឋាន។
៧.រៀបចំបុណ្យជាតិ អន្តរជាតិ ចាត់ចែងការងារពិធីការ ការពង្រឹង.ពង្រីក.កិច្ចសហ.ប្រតិបត្តិការ.អន្តរជាតិ ជាពិសេស ជាមួយខេត្ត.ប៊ិញ.ភឿក ខេត្ត.ប៊ិញ.យឿង ខេត្ត.ចំប៉ាសាក់ និងកិច្ចប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ។
៨. បន្តរៀបចំ និងជំរុញ ការរៀបចំវេទិកាសាធារណៈ របស់ក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ជាតិ និងគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author