ឈ្មួញបំផ្លាញព្រៃឈើ ឈ្មោះ សិច ជ្រកក្រោមដេប៉ូមានច្បាប់ បន្តសកម្មភាពដឹកជញ្ជូនឈើអនាធិបតេយ្យ ចេញពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា ចូលដេប៉ូ របស់ខ្លួន យ៉ាងសកម្ម លោក សុង ច័ន្ទសុជាតិ លោក ពឹង ទ្រីដា លោក នួន សុខុម រួមទាំងលោក កង សៅគុណ មេបញ្ជាការអាវុធហត្ថ ខេត្តព្រះវិហារ នាំគ្នាសម្ងំឈឹង

ខេត្តព្រះវិហារ ៖ ខណៈអ្នកសារព័ត៌មានជាច្រើន រវល់ឈ្លាំងមើល និងតាមប្រមាញ់ព័ត៌មាន ពីសកម្មភាពឈ្មួញឈើចាស់វស្សា ឈ្មោះ មករា ប្រចាំអាណាចក្រខេត្តរតនគិរី សម្រុកដឹកជញ្ជូនឈើឆ្លងដែន ចេញទៅស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ នៃខេត្តរតនគិរី។ ភ្លេចក្រឡេកមើល ខេត្តព្រះវិហារ មេឈ្មួញឈើ ឈ្មោះ សិច បន្តធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ ខេត្តព្រះវិហារ​ តាមអំពើចិត្ត ។

ប្រភពរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា មួយរយៈនេះ ឈ្មួញឈ្មោះ សិច​ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃព្រះរកា​ ក្នុងស្រុកត្បែងមានជ័យ និងពីតំបន់ព្រៃឡង់ ក្នុងស្រុកជ័យសែន មករក្សាទុកក្នុងដេប៉ូរបស់ខ្លួន នៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំង យ៉ាងរលូន គ្មានការបង្ក្រាប ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធឡើយ។

ប្រភពពីមន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បើគ្មានការបើកដៃ ពីមន្ត្រីបរិស្ថាន នៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ ទេនោះ គឺឈ្មួញឈ្មោះ សិច មិនអាចដឹកជញ្ជូនឈើ ចេញពីព្រៃ.ចូលមកដេប៉ូរបស់ខ្លួនបានទេ។ បញ្ហានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញខ្លះផង ព្រោះអីលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ តែងតែបើកដៃឲ្យមន្ត្រីបរិស្ថាន ប្រចាំតំបន់ព្រៃឡង់ និងព្រៃព្រះរកា​ ធ្វើអ្វីៗតាមអំពើចិត្ត មិនខ្វល់អ្វីទាំងអស់។

ប្រជាពលរដ្ឋ ក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានកត់សម្គាល់ថា សមត្ថកិច្ចអាវុធហត្ថ ក្រោមការបញ្ជា របស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានចាត់វិធានការបង្ក្រាប បទល្មើសព្រៃឈើ នៅស្រុកជ័យសែន ស្រុកឆែប ស្រុកត្បែងមានជ័យ ជាបន្តបន្ទាប់។ ប៉ុន្តែ ចំពោះឈ្មួញ ឈ្មោះ សិច ធ្វើសកម្មភាពដឹកជញ្ជូនឈើ ពីតំបន់ព្រៃព្រះរកា​ និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួន នៅចំណុចអូរទីទុយ ក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងសកម្ម សមត្ថកិច្ចអាវុធហត្ថ ក្រោមការដឹកនាំ របស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ មិនហ៊ានចាត់វិធានការបង្ក្រាបនោះទេ សង្ស័យខ្លាចអំណាចទឹកប្រាក់ មេឈ្មួញ រូបនេះ ជាពិសេស លោក សុង ច័ន្ទសុជាតិ​ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ ព្រមទាំងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ សម្ងំឈឹង មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ពាក់ព័ន្ធនិងករណី ខាងលើ លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ​ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author