ខេត្តកណ្តាល៖ បន្ទាប់ពីមានបទបញ្ជាដ៍ម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលជលផល ខេត្តកណ្តាល សហការជាមួយអាជ្ញាធរ ស្រុកពញាឮ ដឹកនាំដោយលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល
និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗ នៅនឹងកន្លែង តាមដងទន្លេសាប ត្រង់ចំណុចភូមិតាពៅ ភូមិជ្រោយសំបួរ ស្ថិតក្នុងឃុំកោះចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុងឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញ បានសម្រេចរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន ៣៣ មាត់លូ របាំងស្បៃប្រវែង ២៩០០ម៉ែត្រ បង្គោលតូចធំចំនួន ១៩៨០ដើម និងលបនរក ចំនួន ២០គ្រឿង។ មន្ត្រីជំនាញ បានលើកឡើង ដូច្នេះថា ដើម្បីលុបបំបាត់់បទល្មើសនេសាទខុសច្បាប់បាន លុះត្រាប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ ស្ដីពីជលផលទាំងអស់គ្នា ពីព្រោះបើពឹងលើកម្លាំងសមត្ថកិច្ចតែម្ខាង គឺមិនអាចបង្ក្រាបបានជោគជ័យ ១០០% បានទេ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ទើបធ្វើឱ្យធនធានមច្ឆាជាតិ មានការកើនឡើង គង់វង្សដល់កូនចៅជំនាន់ក្រោយទៀត។
លោកបញ្ជក់ទៀតថា ខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល នឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើស ជលផលក្នុងភូមិសាស្រ្ត ខេត្តកណ្ដាល ឱ្យដូចភ្លៀងរលឹម ចាប់ពីពេលនេះតទៅ ពិសេស.ចាត់វិធានការទៅលើឡូត៍ ដាយត្រីខុសច្បាប់ទាំងអស់ ដើម្បីជួយការពារធនធានមច្ឆាជាតិរបស់យើង មានការកើនឡើង ស្របតាមប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលក្នុងពេលថ្មីៗនេះ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ច នេសាទទាំងអស់ ត្រូវបង្ក្រាបបទល្មើនេសាទគ្រប់
ប្រភេទឱ្យអស់ ដើម្បីធ្វើឱ្យធនធានមច្ចាជាតិ មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ៕