ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើង

កាលពីថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានការណែនាំ ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីការសម្របសម្រួល ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាព ខេត្តសៀមរាប ដែលមានកម្លាំងសរុប ចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿងបានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងបញ្ជាការឈរជើង របស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំ
នូវសកម្មភាពបទល្មើសជលផល។

បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើសទីតាំងបញ្ជាការឈរជើង របស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផល កំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សារៈសំខាន់ នៃទីតាំងឈរជើងនេះគឺ អាចចល័តកម្លាំងជួយអន្តរាគមន៍ ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែក នៃខេត្តពោធិ៍សាត់ បានយ៉ាងងាយស្រួល និងទាន់សភាពការ។ ក្នុងបេសកកម្មនេះ កម្លាំងខណ្ឌរដ្ឋបាលជលផល ខេត្តសៀមរាបក៏បានរឹបអូសទូក ១គ្រឿង និងឧបករណ៍នេសាទម៉ាញ់ ១វង់ ដែលជនល្មើស បានលាក់បង្កប់ក្នុងទឹក នៅចំណុចចុងឃ្នាសផងដែរ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author