គណៈកម្មធិការសមាគម.អតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធី សំណេះសំណាល សួរសុខទុក្ខ សមាជិកអតីតយុទ្ធជនខេត្ត ដែលជាជនពិការ ប្រភេទ ក១ និងក២

ខេត្តសៀមរាប ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា.ខេត្តសៀមរាប បានរៀបចំពិធី សំណេះសំណាល សាកសួរសុខទុក្ខ សមាជិកអតីតយុទ្ធជនខេត្ត ដែលជាជនពិការប្រភេទ ក១ និងក២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ស្វាគមន៍ របស់ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់.ប្រតិបត្តិការសឹករង សៀមរាប ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានពាំនាំ នូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ និងបានជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមបានប្រកបដោយ សេចក្ដីសុខ សេចក្ដីចម្រើន និងបានផ្តាំផ្ញើ ឱ្យបងប្អូន បន្តរយកចិត្តទុកដាក់ ថែរក្សាសុខភាព ឱ្យបានល្អ និងបានថ្លែងនូវការកោតសរសើរ ចំពោះ ឧត្ដមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគម អតីតយុទ្ធជន និងថ្នាក់ដឹកនាំ គណៈកម្មាធិការ សមាគម អតីតយុទ្ធជន នៅគ្រប់បណ្តាថ្នាក់ក្នុង ខេត្តសៀមរាប ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត ក្នុងការបម្រើ និងដោះស្រាយ ការលំបាកជូន បងប្អូនសមាជិក អតីតយុទ្ធជន នៅក្នុងខេត្តសៀមរាប នាពេលកន្លងមក ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអតីតយុទ្ធជនយើង ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជម្ងឺកូវីដ១៩ ដោយបងប្អូន បានអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ទាំងអស់គ្នា បានចំនួន ៤ដូស។

បានសុំមានការយោគយល់ ដល់ការលំបាក របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ នូវការលំបាកមួយចំនួន ជូនបងប្អូនមិនទាន់ពេលវេលា និងការចង់បានរបស់បងប្អូន ដោយសាររាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ត្រូវបានបង្វែរថវិកា ដ៏ច្រើន សន្ធឹកសន្ធាប់ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទើបពេលនេះ ធ្វើឲ្យប្រទេសជាតិយើង បើកឲ្យមានដំណើរការ ប្រក្រតីភាពឡើងវិញ ។

នៅក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខនេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី បាននាំយកនូវជំនួយឧបត្ថម្ភ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនពិការ ប្រភេទ ក១ និងប្រភេទក២ ចំនួន ៤០៣ នាក់ ដោយក្នុងម្នាក់ទទួលបាន នូវថវិកា ចំនួន ១០០.០០០រៀល និង គ្រឿងឧបភោគ បរិភោគ មួយចំនួនផងដែរ។ ដោយឡែក ប្រធានសាខាសមាគម អតីតយុទ្ធជន ឃុំ/សង្កាត់ ចំនួន ១០០នាក់ ទទួលបានថវិកាក្នុងម្នាក់ៗ ចំនួន ៥០.០០០ រៀលផងដែរ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author