ផ្សាយចេញពីខេត្តកណ្ដាល៖ ក្រសួងសុខាភិបាលបានរកឃើញ គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» របស់គ្រឹះស្ថាន.អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមាន លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ជាប្រធានគ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមីបារ៉ត លើសកម្រិត បទដ្ឋានស្តង់ដាបច្ចេកទេស កំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពស្បែក និងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។
នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការហាមឃាត់ការចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលអង្គភាព CSN ទទួលបាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាព ដោយមជ្ឈមណ្ឌលជាតិ ពិសោធន៍ សុខាភិបាល នៃក្រសួងសុខាភិបាល គឺគ្រឿងសម្អាង.ឈ្មោះ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» គ្មានលេខប្រវេទន៍ ពីក្រសួង សុខាភិបាល ដែលកំពុងចែកចាយ ដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមីបារ៉តលើសកម្រិតបទដ្ឋានស្តង់ដាបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់ ។
ជាមួយគ្នានេះ ចំពោះគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយ ផលិតផលនេះ ត្រូវធ្វើការប្រមូល «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ទាំងអស់ ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល ។ ក្រសួងសុខាភិបាល នឹងបន្តតាមដាន ផលិតផលនេះនៅលើទីផ្សារ ជាបន្តទៀត និងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលណា ដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ ស្ដីពីច្បាប់វិសោធនកម្ម ការគ្រប់គ្រង
ឱសថជាធរមាន ។
ក្រសួងសុខាភិបាល ក៏សូមអំពាវនាវ ឲ្យអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការប្រើប្រាស់ «សាប៊ូលម្អងក្បាលល្មៀតខ្មែរ» ដែលគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលជាបន្តទៀត ព្រោះផលិតផលនេះ ពុំមានសុវត្ថិភាព ចំពោះអ្នកប្រើប្រាស់ឡើយ ។
លោក វ៉ាន់ ឈុនឡន ហៅ ពូឈឹម ប្រធានគ្រឹះស្ថានខាងលើ អង្គភាព CSN មិនអាចស្វែងរក សុំការបំភ្លឺបានទេ ដោយមិនមានលេខទំនាក់ទំនង។ ដើម្បី.ឱ្យព័ត៌មាននេះ មានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ៕