ភ្នំពេញ : នៅព្រឹកថ្ងៃទី ១០ ខែវិចិ្ឆកា ឆ្នាំ២០១៤នេះ ក្រុមអ្នកបើករថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនមហាកំផែង ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចំនួនមនុស្សប្រមាណជាង ៦០នាក់ បានធ្វើការតវ៉ា ដោយសារតែក្រុមហ៊ុនបានប្តូរគោលការណ៍ ក្នុងការយកប្រាក់ឈ្មួលខុសពីមុន បានធ្វើឲ្យពួកមិនអាចទទួលយកបាន ព្រោះពីមុនគិតប្រាក់កម្រៃ ៥០%ម្នាក់ រវាងអ្នកបើក និងក្រុមហ៊ុន ។ អ្នកបើករថយន្តតាក់ស៊ីទាំងនោះ បានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុនបាននាំចូលរថយន្ត ១០គ្រេឿងទៀតមក ក្រុមហ៊ុនបែរជាតម្រូវឲ្យអ្នកបើករថយន្តទាំងអស់បង់ថ្លៃចូលក្រុមហ៊ុន ២៥ដុល្លាវិញ ទោះបីជាចំណូលនៃការរត់តាក់ស៊ីនោះក្នុងមួយថ្ងៃរកមិនបានដល់ ២៥ដុល្លាក៏ដោយ ខណ:ថ្លៃសាំងទទួលខុសត្រូវដោយខ្លួនឯង ។ យ៉ាងណាក្តី មកដល់ពេលនេះ គេមិនទាន់មានការដោះស្រាយយ៉ាងណានោះទេ ពីសំណាក់ម្ចាស់ក្រុមហ៊ុនខាងលើនេះ ។