ទីតាំងល្បែងស៊ីសងដ៍ធំ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បើកដំណើរការឡើងវិញហើយ ខណៈលោក ដា ចំរើន អធិការក្រុង និងលោក លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប សម្ងំស្ងៀម

កន្លងមកថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ទៅដល់អាជ្ញាធរ មានសមត្ថកិច្ច គ្រប់រាជធានី ខេត្ត ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព គឺត្រូវបង្ក្រាប បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន បើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

តែផ្ទុយទៅវិញ នៅតាមបណ្ដាល រាជធានី ស្រុក ខេត្ត មួយចំនួន មហាជនបានកត់សម្គាល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ច បានចាត់ទុកបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជារឿងលេងសើច មិនបានគោរព ឬអនុវត្ត តាមបទបញ្ជាឡើង គឺបណ្ដោយ ឲ្យកើតមានបទល្មើស ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន យ៉ាងពេញបន្ទុក ជាក់ស្ដែង ទីតាំងល្បែងស៊ីសង ជល់មាន់ដ៍ធំ មួយកន្លែង នៅក្នុងភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងយ៉ាងរលូន មិនមានអាជ្ញាធរ ឬសមត្ថកិច្ចណា ធ្វើការបង្ក្រាបនោះទេ ។

ជាក់ស្ដែងពាក់ព័ន្ធ និងករណីនេះដែរ បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ អ្នកសារព័ត៌មានយើង បានចុះទៅថតផ្ដិតយករូបភាព និងថតសកម្មភាព ជាវីដេអូ នៅទីតាំងល្បែងស៊ីសងខាងលើ ឃើញថា ពិតជាខ្លាំងមែន ម្ចាស់សង្វៀនបញ្ជល់មាន់ និងអាប៉ោង មួយកន្លែង ដែលស្ថិតនៅក្នុង ភូមិ/សង្កាត់ ក្រុង/ ខាងលើ ចាប់ផ្ដើមដំណើរការ បើកយ៉ាងរលូន ដោយគ្មានមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចណា ហ៊ានទៅក្បែរនោះទេ ដោយគេសង្ស័យថា លោក ថៃ ផានី ( ហៅ ម៉ាប់ អូស្ត្រាលី ) នៅពីក្រោយករណីនេះ ។

ប្រភពពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះ បានប្រាប់អង្គភាព CSN ឲ្យដឹងថា ម្ចាស់ទីតាំងបើកល្បែងស៊ីសងខាងលើ មានហ៊ុន ៤នាក់ ទី១. ឈ្មោះ លឹម សាណុល ទី២.ឈ្មោះ ហន រដ្ធា ទី៣. ឈ្មោះ យ៉ា និងទី៤.ឈ្មោះ ភី បើកលេងស្ទើតែរាល់ថ្ងៃ ថ្ងៃធម្មតា ជល់៥.៦គូរ ទៅ១០ គូរ ប៉ុន្តែបើថ្ងៃពិសេស ២០គូរ ទៅ៣០គូរ ភ្នាល់ដាក់លុយ រាប់ពាន់ដុល្លារ ដល់ម៉ឺនដុល្លារក៍មានដែល បើអាប៉ោងវិញ ចាក់លុយពេញៗលើតុ ឮពួកគេថា រត់ការបង់លុយឲ្យទៅសមត្ថកិច្ចដូចជា មេប៉ូលីសសង្កាត់ មេប៉ូលិសក្រុង ប៉េអិម និងលើៗ រួចរាល់អស់ហើយ មិនមានសមត្ថកិច្ចណាមកបង្ក្រាប ឬធ្វើអ្វីឲ្យអ្នកលេង ភ័យរត់ផាសក្រញាំនោះទេ ។

ហេតុនេះហើយ ទើបប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ អំពាវនាវឲ្យលោក លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់ផង។ មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ព្រោះប្រជាពលរដ្ឋជំរុញឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យស្របទៅតាមគោល នយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ករណីនេះ កាលពីម្សិលមិញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ អង្គភាព CSN មិនទាន់អាចសុំការបញ្ជាក់ពីស្ថាប័ន មានសមត្ថកិច្ច ក្នុងមូលដ្ឋានខាងលើនេះ បាននូវឡើយទេ តែយ៉ាងណា ប្រសិនបើបានជ្រាបហើយ មិនគួរណាសម្ងំ ធ្មេចភ្នែក ធ្វើមិងដឹងមិនឮនោះទេ ដើម្បីកុំឲ្យស្អុយឈ្មោះ របស់អស់លោក ដោយសាមេល្បែងស៊ីសង យកធ្យូងមកគូមុខ សូមអស់លោកធ្វើការបង្ក្រាបផងទាន ។

ដើម្បីឱ្យព័ត៌មាននេះ មានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author