ភ្នំពេញ៖ រដូវកាលមកដល់ទៀតហើយ បងប្អូនអើយ បើចង់ទឹកភ្នែកជូតក្បាលជង្គង់ ចង់សើចសេះ ចង់មានអំអើហិង្សា ឬចង់បែកបាក់គ្រួសារ អស់ឡាន អស់ផ្ទះ អស់ដីស្រែចម្ការ សូមអញ្ជើញមកចូលរួមកម្សាន្ត ចាក់ភ្នាល់ល្បែងទឹកភ្លៀង នៅបណ្តោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កុំបីអាក់ខាន ព្រោះមិនមានអាជ្ញាធរ ឬសមត្ថកិច្ចណា មករំខានឡើង កំពុងតែបើកដំណើរការ លេងយ៉ាងអនាធិបតេយ្យ ។
នេះមិនមែនជាការឡង់សេ ឬលើកកម្ពស់ល្បែងស៊ីសងស្អីនោះទេ តែអ្វីអង្គភាព CSN បានមើលឃើញ ទិដ្ឋភាពក្នុងរាជធានីភ្នំពេញ គួរឲ្យព្រួយបារម្ភនោះ គឺអបាយមុខផ្សេងៗ កំពុងបង្ហាញវត្តមានព្រោងព្រាត ក្នុងមូលដ្ឋានសង្កាត់អូស្សី២ ខណ្ឌ៧មករា ដោយមិនខ្វល់ពីគោនយោបាយ ភូមិ/ ឃុំ មានសុវត្តិភាពនោះឡើយ ។
មហាជនបានឲ្យដឹងថា គេបានឃើញក្រុមអ្នកលេងល្បែង ភ្នាល់ទឹកភ្លៀង ជារៀងរាល់ឆ្នាំតែងតែមកប្រមូលផ្តុំគ្នា នៅទីតាំងខាងលើ ដើម្បីលេងភ្នាល់នៅទីនោះ យ៉ាងត្រជាក់ចិត្ត។ហើយមិនត្រូវបានសមត្ថកិច្ចណាបង្ក្រាបបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាយកដៃទះទ្រូងហួសចិត្ត លាន់មាត់ថា ឯណាទៅ ភូមិ/ឃុំ មានសុវត្តិភាព ឱលោក លឹម សុភា អភិបាលខណ្ឌ ៧មករាអើយ លោក នេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា លោក ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងលោង ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដ៍មហិមាអើយ ហេតុអ្វីដេកលង់លក់ មើលមិនឃើញ ល្បែងភ្នាល់ទឹកភ្លៀង នៅក្បែរភ្នែក របស់អស់លោកអញ្ចឹង តើខ្លាចបែកឆ្នាំងបាយ ដូចប្រជាពលរដ្ឋថាមែនឬ បានជាមិនទៅបង្ក្រាប។
ករណីនេះ កាលពីម្សិលមិញ អង្គភាព CSN មិនទាន់អាចសុំការបញ្ជាក់ ពីស្ថាប័ន មានសមត្ថកិច្ច មូលដ្ឋានខាងលើនេះ បាននូវឡើយទេ តែយ៉ាងណា ប្រសិនបើបានជ្រាបហើយ មិនគួរណាសម្ងំ ធ្មេចភ្នែក ធ្វើមិងដឹងមិនឮ បន្តទៀតនោះទេ ដើម្បីកុំឲ្យស្អុយឈ្មោះ របស់អស់លោក ដោយសាមេល្បែងស៊ីសង យកធ្យូងមកគូមុខ សូមអស់លោក ធ្វើការបង្ក្រាបផងទាន ។
ដើម្បីឱ្យព័ត៌មាននេះ មានភាពសុក្រឹត ត្រឹមត្រូវ អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា ណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕