មន្រ្តីអាវុធហត្ថ២នាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូង ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យចាប់ខ្លួន និងចាត់វិធានការលើមន្រ្តីអាវុធហត្ថ ចំនួន២នាក់ នៅខេត្តសៀមរាប ដែលពាក់ព័ន្ធគ្រឿងញៀន នៅពេលដែលមន្រ្តីអាវុធហត្ថទាំងនេះ បានចុះបង្ក្រាបគ្រឿងញៀន។ ហើយក្រោយចាប់ខ្លួនមន្រ្តីអាវុធហត្ថទាំង ២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូង ខេត្តសៀមរាប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្ត។

យោងតាមរបាយការណ៍ របស់អាវធហត្ថ ខេត្តសៀមរាប បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថទាំង២នាក់ រួមមាន៖ ទី១៖ លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ ប្រឆាំងបទគ្រឿងញៀន និងទី២៖ នាយចំណង់ នាម ណាក់ ជំនួយការ ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន។ ពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើស នៅក្នុងការបំពេញតួនាទី ដោយផ្សំគំនិត ជួញដូរគ្រឿងញៀន។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់អ្នកព័ត៌មាន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ ថា មន្រ្តីអាវុធហត្ថទាំង២នាក់ ពិតជាត្រូវបានចាប់ខ្លួនពិតមែន ដោយសារពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នាយឧត្តមសេនីយ៍ បានបន្តទៀតថា « ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែពួកគេបានប្រព្រឹត្តបទល្មើស ពេលបំពេញតួនាទី ដោយផ្សំគំនិត ជាមួយនឹងការ ជួញដូរគ្រឿងញៀន ដូច្នេះអាវុធហត្ថ ត្រូវតែបង្ក្រាបតែម្តង»។

បើតាមនាយឧត្តមសេនីយ៍ កម្លាំងកងរាជអាវុធហត្ថ ត្រូវតែបង្ក្រាប មន្រ្តីអាវុធហត្ថទាំងឡាយណា ដែលធ្វើខុសតែម្តង ដោយមិនចាំបាច់ឲ្យអង្គភាពណា មកបង្ក្រាបនោះឡើយ ពោលត្រូវអនុវត្តតាមអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន គឺ « ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់»។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា សម្រាប់អាវុធហត្ថ មានទិសស្លោកជាត្រីវិស័យបង្ហាញផ្លូវ សម្រាប់របៀប ធ្វើការរួមមាន៖ ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារទី២៖ ចំពោះប្រជាត្រូវតែបម្រើ ទី៣៖ ចំពោះច្បាប់ត្រូវតែគោរពទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។ ហើយជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា, បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើស ត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author