រដ្ឋបាលខេត្ដកំពង់ស្ពឺ ប្រកាសបិទនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ (ទាំងមានច្បាប់និងគ្មានច្បាប់) ចេញពីដែនរដ្ឋបាលរបស់ខ្លួន

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទ បើកលេងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតឡើយ ទោះជាល្បែងនោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ។ នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព ស៊ី អេស អិន ទទួលបានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងច្បាស់ថា អាជីវកម្ម ឆ្នោតឡូតូ ល្បែងផ្សងសំណាងទៀតទេ រដ្ឋបាលខេត្តនិងចិត្តវិធានការបង្ក្រាប ល្បែងស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបាន សុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋ ឱ្យមានភាពរីកចម្រើនជាលំដាប់ អភិបាលក្រុង ស្រុក ត្រូវចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ ការផ្តល់អាជ្ញាបណ្ណ បើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាប នូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឹងម៉ាត់បំផុត។ ហើយការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ជាមួយនឹងការដាក់ចេញនូវបទបញ្ជាថ្មីនេះ ប្រជាពលរដ្ឋបានសម្តែងការសាទរ និងសុំឱ្យរដ្ឋបាលខេត្ត ពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ឱ្យដូចបទបញ្ជាទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទ ចេញពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

ពលរដ្ឋរស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនលោក រស់ ស៊ីផេង បាននិយាយថា ចំណាត់ការទម្លាក់ស្លាកស្រាបៀរគ្រប់ប្រភេទ របស់អភិបាលខេត្តកំពង់ស្ពឺ បានធ្វើឱ្យមានការសាទរ ពីប្រជាពលរដ្ឋទូទាំងប្រទេស និងជាខេត្តគំរូផងដែរ។ ហើយលោកថា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារួចមកហើយទៅតាមរដ្ឋបាលខេត្ត ឱ្យបង្ក្រាបនិងលុបបំបាត់ ឱ្យបាននូវល្បែងស៊ីសង។ បទបញ្ជានេះត្រូវបានរដ្ឋបាលខេត្ត ក៏ដូចជាសមត្ថកិច្ចស្ទុះស្ទារ និងចាត់វិធានការក្តៅបង្ក្រាបដោយមិនមានការលើកលែង។ តែបទបញ្ជានេះ ហាក់មានសុពលភាព ត្រឹមតែមួយចំអិនកំពិសប៉ុណ្ណោះ ក្រោយមកល្បែងទាំងអស់ ក៏កម្រើកឡើងវិញជាធម្មតា និងពាសពេញក្នុងខេត្ត។

ដោយមើលឃើញបែបនេះ លោក រស់ ស៊ីផេង សុំឱ្យរដ្ឋបាលខេត្ត ពិសេសលោក វ៉ី សំណាង ជំរុញដល់ការអនុវត្តឱ្យបានម៉ឺងម៉ាត់ ជៀសវាងសមត្ថកិច្ច កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង ធ្វើឱ្យបទបញ្ជារដ្ឋបាលខេត្តគ្មានប្រសិទ្ធិភាព៕

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author